មន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប និងមេឃុំបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទលោកកឹម សុខា អាចនឹងត្រូវបានដោះលែងវិញបន្ទាប់ពីលោក កឹម សុខា បានជួបចរចារជាមួយបក្សកាន់អំណាចនៅព្រឹកនេះ។
ក្នុងពិធីបើកការប្រជុំសភានៅថ្ងៃទី៧ធ្នូនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា លោកគាំទ្រការតែងតាំងលោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅក្នុងសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី ហើយលោកបញ្ជាក់ថា លោក កឹម សុខា នឹងក្លាយជាដៃគូសន្ទនាជាមួយលោកពីបញ្ហាប្រទេសជាតិ។
លោកថា៖ «ឥឡូវឯកឧត្តមក្លាយជាដៃគូសន្ទនាជាមួយសម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាប្រធានក្រុមតំណាងរាស្ត្រ ហើយជាដៃគូរបស់ខ្ញុំក្នុងឋានៈជាដៃគូពិភាក្សាពីបញ្ហប្រទេសជាតិ ដែលត្រូវទំនាក់ទំនងជាមួយនាយរដ្ឋមន្ត្រី»។
នៅព្រឹកនេះក៏មានកិច្ចប្រជុំបិទទ្វារចំនួនពីរដែលធ្វើឡើងរវាងលោក កឹម សុខា ជាមួយលោក ហ៊ុន សែន និងលោក ស ខេង។
គេនៅមិនដឹងទេថា ក្នុងកិច្ចប្រជុំបិទទ្វារជាមួយលោក ហ៊ុន សែន តើលោកកឹម សុខា បានលើកយកបញ្ហាអ្វីមកពិភាក្សាខ្លះនោះទេ។ ទោះជាយ៉ាងណា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដ៏ខ្លីមួយ បន្ទាប់ពីកិច្ចប្រជុំ លោក ស ខេង បានឲ្យដឹងថា ក្នុងការចរចាររវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានពាក់ព័ន្ធនឹងរឿងលោកមេឃុំ ស៊ាង ចែត រួមទាំងមន្ត្រីសិទ្ធិមនុស្ស និងលោក នី ចរិយា ផងដែរ។
លោកមានប្រសាសន៍៖ « ដោះលែងនេះដូចមានករណីមេឃុំ ស៊ាង ចែត តែខ្ញុំអត់បានជជែករឿងនេះទេ ឯកឧត្តម កឹម សុខា ជជែកជាមួយសម្តេចតេជោហើយបើតាមខ្ញុំដឹង ប្រហែលជាមុនដំណាច់ខែ១២នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស ហើយនឹងអគ្គលេខាធិការរងគ.ជ.ប »។
មេធាវីការពារក្តីលោក ស៊ាង ចែត លោក ហែម សុជាតិ បានអះអាងប្រាប់វីអូឌីថា កូនក្តីលោកអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ បើមិនថ្ងៃនេះក៏នៅក្នុងសប្តាហ៍នេះផងដែរ ដោយលោកបានសាទរចំពោះការលើកលែងទោសនេះ តែលោកថា កូនក្តីលោកគឺមិនមានកំហុសនោះទេ។ លោកបន្ថែមថា ការចាប់និងដោះលែងកូនក្តីលោក គឺពាក់ព័ន្ធនឹងរឿងនយោបាយ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត យល់ថាការសម្រេចនេះ បើទោះបីជារដ្ឋាភិបាលខំប្រឹងបញ្ជាក់ថា ការចាប់ខ្លួនអ្នកទាំងអស់ មិនពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយក៏ វាបានស្តែងច្បាស់ហើយនៅពេលដែលមានការចរចារនេះ។ លោកបន្ថែមថា ការពាក់ព័ន្ធរវានយោបាយជាមួយប្រព័ន្ធយុត្តិធម៌នេះ វាបានធ្វើឲ្យបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធតុលាការកម្ពុជា ហើយជាពិសេសគឺប៉ះពាល់ដល់តម្លៃនីតិរដ្ឋនិងសិទ្ធិមនុស្ស។
លោកថា៖ «គ្មានអីចំលែក ខ្ញុំមើលជាហូរហែរមក កម្ពុជាវាស្ថិតនៅក្នុងស្ថានភាពហ្នឹង កាលណានយោបាយតឹងរឹង យើងឃើញថាការចាប់ខ្លួនសកម្មជន ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស នៅពេលដែលស្ថានភាពធូរស្រាលគឺមានការដោះលែងជាបន្តបន្ទាប់។ នេះជាវប្បធម៌មួយមិនល្អ! យើងជាសង្គមស៊ីវិលយើងចង់ឃើញថា អ្នកនយោបាយទាំងអស់ហ្នឹង ដោះស្រាយរួមគ្នាខ្មែរតែមួយដោះស្រាយតាម សន្តិវិធី តាមការសន្ទនាដោយសុចរិតនឹងទៀងត្រង់ ដោយយកផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ កុំប្រើប្រាស់ប្រព័ន្ធតុលាការឬក៏សកម្មជនគណបក្សនយោបាយឬក៏សកម្មជនការពារសិទ្ធិមនុស្សហ្នឹង ជាថ្នូរសម្រាប់ការដោះដូរផ្នែកនយោបាយ »។
សូមបញ្ជាក់ថាមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីដើមខែឧសភាកន្លងទៅនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។
ចំណែកមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកផងដែរនោះក៏ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី។
កាលពីឆ្នាំ២០១៥ កន្លងទៅសកម្មជនបក្សប្រឆាំង និងដីធ្លីដែលត្រូវបានតុលាការចាប់ខ្លួនត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពិធីបុណ្យចូលឆ្នាំខ្មែរ គឺបន្ទាប់ពីមានការចរចារត្រូវរ៉ូវគ្នារវាងលោកហ៊ុន សែន និងលោក សម រង្ស៊ីនៅមន្ទីររដ្ឋសភា។ ប៉ុន្តែតែនៅពេលស្ថានការនយោបាយរវាងលោក ហ៊ុន សែន ប្រែជាល្អក់ករកក៏មានការចាប់ខ្លួនសកម្មជនបក្សប្រឆាំង ជាង១០នាក់ រួមមានលោក មាជ សុវណ្ណារ៉ា ឈ្មោះ អឿ ណារិទ្ធិ ឈ្មោះ អ៊ុក ពេជ្រសំណាង ជាដើម ត្រូវបានតុលាការចាប់បញ្ជូនដាក់ពន្ធនាគារសារជាថ្មីដល់សព្វថ្ងៃក្នុងនេះ។ ហើយពេលនេះនៅពេលដែលលោក កឹម សុខា ត្រូវរ៉ូវជាមួយលោក ហ៊ុន សែន នៅពេលនេះក៏មានសញ្ញានៃដោះលែងមនុស្សមួយចំនួនដូចពេលដែលលោក ហ៊ុន សែន ត្រូវរ៉ូវជាមួយលោក សម រង្ស៊ី ដូចគ្នា៕