គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលពាក្យសុំចុះបញ្ជីឈ្មោះបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនេះ។
តាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប ចេញផ្សាយនៅថ្ងៃទី៧ខែធ្នូម្សិលមិញបានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃទី៥ ខែធ្នូ ក្រោមការដឹកនាំរបស់លោក ស៊ិក ប៊ុនហុកប្រធាន គ.ជ.ប។ ការប្រជុំសម្រេចកំណត់ទទួលពាក្យសុំចុះបញ្ជីឈ្មោះបេក្ខជននិងការឃោសនាបោះឆ្នោតសម្រាប់បោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នៅឆ្នាំក្រោយនេះ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់ គឺមានរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ ចំណែកការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕