ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ានៅម៉ាឡេស៊ីស្វែងរកសិទ្ធិដើម្បីធ្វើការងារនិង​ទទួលការអប់រំ

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាអ្នកដែលច្បាប់មិនផ្តល់សិទ្ធិឲ្យក្នុងការស្វែងរកការងារធ្វើនិងសិទ្ធិទទួលបានការអប់រំ ពួកគេស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីដែលដឹកនាំដោយលោក ណាជីប រ៉ាហ្សាក់ ផ្តល់សិទ្ធិទាំងនេះឲ្យពួកគេ។

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង៥៦០០០នាក់ ដែលចុះឈ្មោះជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកទទួលបន្ទុកសិទ្ធិជនភៀសខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីការរត់គេចខ្លួនចេញពីហិង្សានៅក្នុងរដ្ឋរ៉ាឃីនក្នុងប្រទេសមីយ៉ានម៉ា។ ចំណែកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ៣៥០០០នាក់ទៀតនៅម៉ាឡេស៊ី មិនទាន់ទទួលបានប័ណ្ណ ក្នុងនាមសិទ្ធិជនភៀសខ្លួនពីឧត្តមស្នងការអង្គការសហប្រជាជាតិនៅទ្បើយទេ។ នេះបើតាមសារព័ត៌មាន Channel News Asia។

ម៉ាឡេស៊ីមិនទទួលស្គាល់តាមផ្លូវច្បាប់ចំពោះជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោណទេ គឺប្រទេសនេះ មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីឋានៈជនភៀសខ្លួនឆ្នាំ១៩៥១ និងពិធីសារពាក់ព័ន្ធស្ថានភាពសិទ្ធិជនភៀសខ្លួនឆ្នាំ១៩៦៧នោះទេ។

ប្រធានសហគមន៍រ៉ូហ៊ីងយ៉ានៅក្នុងប្រទេសម៉ាឡេស៊ី លោក Faisal Islam Muhammad Kassim ថ្លែងប្រាប់សារព័ត៌មាន Channel News Asia ថា ពួកគេភាគច្រើនអាចរកការងារដែលមិនស្របច្បាប់នៅការដ្ឋានសំណង់ គឺទទួលបានប្រាក់កម្រៃប្រមាណ២៥០ដុល្លារក្នុង១ខែ ហើយថាប្រាក់ខែនេះមិនគ្រប់គ្រាន់សម្រាប់ចាយវាយនៅក្នុងប្រទេសនេះបានទេ។ លោកថា រដ្ឋាភិបាលអាចធ្វើកិច្ចការខ្លះដើម្បីពួកគេ គឺថា បើផ្តល់សិទ្ធិស្របច្បាប់ឲ្យនោះ អ្វីគ្រប់យ៉ាងនឹងបានល្អប្រសើរជាងនេះ។

លោក Faisalថ្លែងទៀតថា ពួកគេ បានរត់គេចចេញពីមីយ៉ាន់ម៉ាតាំងពីឆ្នាំ២០១២ ហើយស្នើសុំឲ្យរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់ឲ្យកូនចៅរបស់ពួកគេអាចទទួលសិទ្ធិក្នុងការទៅរៀននៅសាលាបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ