មេដឹកនាំគណបក្សប្រឆាំងដែលទើបទទួលបានការលើកលែងទោស បានទៅជួបផ្ទាល់ជាមួយលោក នី ចរិយា អគ្គលេខារង គ.ជ.ប ដែលកំពុងជាប់ឃុំឃាំង ទាក់ទងសំណុំរឿងដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់។
នៅលើហ្វេសប៊ុក លោក កឹម សុខា បានសរសេរថា៖ «រសៀលថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងខ្ញុំ បានទៅជួបសួរសុខទុក្ខ លោក នី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅពន្ធនាគាររាជធានីភ្នំពេញ(PJ)»។
កាលពីម្សិលមិញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក៏បានទៅជួបសួរសុខទុក្ខមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកចំនួន៤រូបដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងសំណុំរឿងដែលគេចោទថា ពាក់ព័ន្ធនឹងរូបលោកនោះដែរ។
តាមគម្រោងមន្រ្តីសិទ្ធិមនុស្ស៤រូប និងមន្រ្តី គ.ជ.ប លោក នី ចរិយា នឹងត្រូវបានដោះលែងនៅដំណាច់ឆ្នាំនេះ បន្ទាប់ពីមានការចរចាគ្នាដោយសម្ងាត់រវាង លោក ហ៊ុន សែន លោក ស ខេង និងលោក កឹម សុខា កាលពីសប្តាហ៍មុន៕