ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃស្អែកនេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនហ្សូ អាបេ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងស្ដីពីជម្លោះទឹកដី ដែលនាំឲ្យប្រទេសទាំងពីរមិនអាចឈានទៅចុះហត្ថលេខាលើសន្ធិសញ្ញាផ្លូវការណាមួយ ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២ នោះឡើយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាម AFP លោក អាបេ នឹងទទួលស្វាគមន៍លោក ពូទីន នៅឯទីក្រុងបុរាណណាហ្កាតូ ដោយសង្ឃឹមថា នឹងទម្លុះទម្លាយភាពទាល់ច្រក ឈានទៅសម្រេចកិច្ចព្រមព្រៀងមួយជុំវិញជម្លោះប្រជុំកោះគូរីល ដែលត្រូវបានកងទ័ពសូវៀតដណ្ដើមកាន់កាប់កាលពីឆ្នាំ១៩៤៥ ហើយជប៉ុនតែងតែទាមទារយកមកវិញចាប់តាំងពីពេលនោះមក។
ប៉ុន្តែ បើទោះបីជាមានការចរចាគ្នាជាច្រើនខែមកហើយក្ដី ក៏ក្ដីសង្ឃឹមមានកម្រិតតិចតួចប៉ុណ្ណោះថា អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន ទៅកាន់ប្រទេសជប៉ុនលើកនេះ មេដឹកនាំប្រទេសទាំងពីរ អាចយល់ស្របគ្នាទៅលើចំណុចខ្វែងគ្នាជុំវិញជម្លោះដែនដីកោះចំនួន ៤ ដែលរុស្ស៊ីហៅថា កោះគូរីលខាងត្បូង ហើយជប៉ុនហៅថា ដែនដីខាងជើង។
លោក ពូទីន បាននិយាយក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ជប៉ុន Nippon និងកាសែត Yomiuri ថា៖ “អវត្តមានសន្ធិសញ្ញាសន្តិភាពរវាងរុស្ស៊ី និងជប៉ុន គឺជាមរតកបន្សល់ទុកពីអតីតកាល ហើយមរតកនេះ គួរតែត្រូវបានគេបំបាត់ចោល។ ប៉ុន្តែ របៀបលុបបំបាត់បញ្ហានេះ គឺជាចំណោទដ៏ពិបាក”។
ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ពូទីន លើកនេះ គឺជាដំណើរដ៏វែងឆ្ងាយ និងកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចចំនួន ២លើករបស់លោក អាបេ ទៅកាន់ប្រទេសរុស្ស៊ីនៅឆ្នាំនេះ៕