អាណាព្យាបាលសិស្សនិយាយថា គ្រូប្រឹក្សាយោបល់អាជីពបានជួយតំរង់ទិសក្នុងការសិក្សានិងគោលដៅអនាគតដល់កូនៗរបស់ពួកគាត់។
តំណាងអណាព្យាបាលសិស្សបានចាប់អារម្មណ៍យ៉ាងដូច្នេះ នៅក្នុងជំនួបកិច្ចពិភាក្សាតុមូលផ្សាយផ្ទាល់តាមវិទ្យុពីសណ្ឋាគារមួយនៅក្នុងខេត្តបាត់ដំបង ដែលរៀបចំដោយ VOD គាំទ្រថវិកាដោយព្រះវិហារនៃប្រទេសហ្វាំងឡង់(FCA) នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ដោយអះអាងថា គាត់ជាតំណាងអនាព្យាបាលសិស្សមួយរូបនៅក្នុងខេត្តបាត់ដំបង លោក លឹម ចាន់ដារ៉ា មានប្រសាសន៍ថា កូនរបស់គាត់ជាសិស្សប្រឹងរៀន តែមិនមានគោលដៅច្បាស់ទេ។ លោកបន្តថា កូនគាត់ចង់ធ្វើមន្រ្តីរាជការ តែគាត់មិនដឹងថាធ្វើដូចម្ត៉េច។ ដោយសារចំណុចនេះ លោកបានណែនាំកូនរបស់លោកឲ្យជួបពិគ្រោះយោបល់ជាមួយនឹងគ្រូប្រឹក្សាយោបល់អាជីព៖ “កូនខ្ញុំសួរខ្ញុំថា ប៉ាកូនចង់ធ្វើជាគ្រូបង្រៀន តើកូនត្រូវធ្វើម៉េច? ខ្ញុំប្រាប់គាត់វិញថា បើកូនចង់ធ្វើជាគ្រូបង្រៀន កូនត្រូវទៅជួបជាមួយគ្រូប្រឹក្សាអាជីព នោះគាត់នឹងប្រាប់កូនហើយថាត្រូវធ្វើម៉េច រៀនសូត្រម៉េច? ចឹងគាត់ទៅសួរ គាត់បានយល់ច្បាស់រឿងហ្នឹង។ ឥឡូវគាត់ប្រឹងរៀនណាស់“។
វាគ្មិនចំនួន១០នាក់បានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលផ្សាយតាមវិទ្យុនេះ។ វាគ្មិនទាំងនោះរួមមានតំណាងអាណាព្យាបាល គ្រូប្រឹក្សាយោបល់ នាយកសាលា មន្រ្តីប្រឹក្សាអាជីពនៃការិយាល័យអប់រំស្រុកសង្កែខេត្តបាត់ដំបង សិស្ស និងនិស្សិត។
ដោយអះអាងថាជាតំណាងអាណាព្យាបាលសិស្សមួយរូបទៀត លោក ម៉ក់ កេត មានប្រសាសន៍ថា កូនរបស់លោកកន្លងមកមិនសូវខំប្រឹងប្រែងរៀនសូត្រទេ តែក្រោយទទួលបានយោបល់ កូនរបស់គាត់បានផ្លាស់ប្តូរឥរិយាបទរបស់គេ៖ «កូនខ្ញុំឡូវបែងចែកពេលវេលារៀនសូត្រច្បាស់លាស់។ ពេលព្រលប់រៀនពីម៉ោង៨ដល់ម៉ោង១០យប់។ ជិតភ្លឺគាត់ភ្ញាក់ពីដំណេករៀននៅម៉ោង៤ភ្លឺ»។
នាយកវិទ្យាល័យអន្លង់វិល លោក ហួត ប៊ុនធឿន មានប្រសាសន៍សាលារបស់លោកបានដាក់បញ្ចូលការប្រឹក្សាយោបល់អាជីពនេះទៅក្នុងម៉ោងសិក្សារបស់សិស្សមួយម៉ោងក្នុងមួយសប្តាហ៍៖ «យើងធ្វើការបែងចែកការបង្រៀននេះនៅគ្រប់ថ្នាក់ទាំងអស់ពីថា្នក់ទី៧ដល់ថ្នាក់ទី១២។ មួយម៉ោងក្នុងមួយសប្តាហ៍។ បន្ទប់មួយទៀត គេហៅបន្ទប់ប្រឹក្សា។ អញ្ចឹងសិស្សដែលមានការលំបាកអាចទៅរកការប្រឹក្សាអំពីអនាគតនិងដើម្បីចាប់ជំនាញសិក្សារបស់គាត់»។
កញ្ញា ជិន សុនីតា រៀននៅអនុវិទ្យាល័យនរា ខេត្តបាត់ដំបង ថ្លែងក្នុងកិច្ចពិភាក្សាថា ក្រោយពេលទទួលបានការប្រឹក្សាយោបល់មក គាត់ដឹងថាអនាគតគាត់ចាប់យកអាជីពអ្វី៖ «ខ្ញុំដឹងថា ដើម្បីអាជីពនោះ វាត្រូវឲ្យខ្ញុំខំរៀនគណិត ខ្មែរ និងភាសាបរទេស»។
លោកស្រី ហាក់ ជិនហ៊ន មន្ដ្រីបង្គោលប្រឹក្សាអាជីពនៃការិយាល័យអប់រំ យុវជន និងកីឡាស្រុកសង្កែបញ្ជាក់ថានៅអនុវិទ្យាល័យនរា សិស្សដែលទទួលបានការប្រឹក្សាយោបល់សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ មានចំនួន៤៧៥នាក់។ ហើយចំនួនសិស្សសរុបដែលបានទទួលការប្រឹក្សានៅសាលាគោលដៅទាំង៤ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ មានចំនួន៣០៦៥នាក់ ក្នុងនោះស្រីចំនួន១៦៦៨នាក់។ លោកស្រីបន្ថែមថា អត្រាសិស្សបោះបង់ចោលការសិក្សាមានការថយចុះ បន្ទាប់ពីពួកគេបានមកប្រឹក្សាយោបល់ជាមួយគ្រូប្រឹក្សាអាជីព។
អង្គការព្រះវិហារប្រទេសហ្វាំងឡង់បានចាប់ផ្ដើមគម្រោងផ្តល់ប្រឹក្សាអាជីពក្នុងខេត្តបាត់ដំបង បន្ទាប់ពីត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ គម្រោងនេះ សាកល្បងបណ្តុះបណ្តាលគ្រូបង្គោលចំនួន១១នាក់ នៅស្រុកសង្កែ ដោយជ្រើសយកសាលាគោលដៅ៤ គឺវិទ្យាល័យអន្លង់វិល អនុវិទ្យាល័យនរា អនុវិទ្យាល័យអូដំបង១ និងអនុវិទ្យាល័យវត្តតាមិម៕