រដ្ឋាភិបាលកម្ពុជាបានសម្រចបង្កើតនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីត្រួតពិនិត្យបែបបទស្នើសុំអាជីវកម្មផ្នែកសន្តិសុខនិងជ្រើសរើសកម្លាំងភ្នាក់ងារឯកជន។
នេះបើតាមអនុក្រឹតចុះថ្ងៃទី២៨ វិច្ឆិកា ដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងមហាផ្ទៃបង្កើតនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យវីអូឌីដឹងថា ការបង្កើតនាយកដ្ឋាននេះ ដោយសារតែចំនួនសន្តិសុខឯកជនមានកាន់តែច្រើន ដូចនេះទាមទារឲ្យមានការគ្រប់គ្រងបានត្រឹមត្រូវ។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ហាបាននៅឡើយទេថានាយកដ្ឋាននេះនឹងត្រួតពិនិត្យទៅលើសន្តិសុខរបស់គណបក្សនយោបាយឬក៏អត់នោះទេ ដោយថារង់ចាំឲ្យនាយកដ្ឋាននេះកើតចេញជារូបរាងសិន។
លោកមានប្រសាសន៍ថា៖ «និយាយរួមសន្តិសុខទាំងអស់អីក៏ដោយ គេមានសិទ្ធិបង្កើតបាន។ ប៉ុន្តែស្ថិតនៅក្នុងលក្ខខណ្ឌមិនបំពាក់អាវុធទេ។ ឧទាហរណ៍ដូចផ្ទះយើងចឹង យើងអាចបង្កើតសន្តិសុខសម្រាប់ផ្ទះយើងបាន តែអត់មានអាវុធទេ អ្នកណាក៏មានសិទ្ធិបង្កើតសន្តិសុខខ្លួនឯងដែរ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ច្បាប់ គឺគ្មានអាវុធ»។
កាលពីពេលកន្លងមកនេះ គណបក្សសង្រ្គោះជាតិបានទាមទារឲ្យរដ្ឋាភិបាលលុបចោលសន្តិសុខតាមខណ្ឌដោយថាជាសន្តិសុខខុសច្បាប់តែងតែវាយដំពលរដ្ឋនៅពេលសម្តែងមតិ។
ប៉ុន្តែក្រសួងមហាផ្ទៃបានឆ្លើយតបថា សន្តិសុខទាំងនោះមិនខុសច្បាប់ទេ ដោយសារមិនទាន់ច្បាប់ណាគ្រប់គ្រង ហើយរាល់ការប្រើហិង្សានោះ ដោយសារតែអ្នកតវ៉ាមិនគោរពច្បាប់។
ទោះជាយ៉ាងលោកលោក ខៀវ សុភ័គ បញ្ជាក់ដូចជាមិនច្បាស់ទេថាតើកម្លាំងសន្តិសុខឯកជនទាំងនោះនឹងត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដូចជាសន្តិសុខខណ្ឌក្នុងការរក្សាសន្តិសុខពេលមានការតវ៉ាឬបាតុកម្មនោះទេ៕