សមាជិក​អាស៊ាន​សម្រេច​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ភូមា​ដើម្បី​ជម្នះ​បញ្ហា​នៅ​រដ្ឋ​រ៉ាក់ឃីន

បណ្ដា​ប្រទេស​ទាំង១០របស់​សមាគម​អាស៊ាន កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​សម្រេច​ថា នឹង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ទៅ​ដល់​ប្រទេស​ភូមា ដោយ​សង្កត់​ធ្ងន់​ថា ជំនួយ​នឹង​ត្រូវ​បែង​ចែក​ទៅ​ដល់​មនុស្ស​ទាំង​ឡាយ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃី ស្ថិត​នៅ​ភាគ​ខាង​ជើង​ភូមា។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

ថ្លែង​ក្រោយ​ជំនួប​បិទ​ទ្វារ​ជាមួយ​បណ្ដា​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន អគ្គលេខាធិការ​អាស៊ាន ឡេ ឡុងមិញ បាន​និយាយ​ថា៖ “យើង​ចាំបាច់​ត្រូវ​តែ​ជួយ​ភូមា​យក​ឈ្នះ​លើ​ឧបសគ្គ​នេះ”។

លោក​បន្ត​ថា​ វា​គឺ​ជា​ទឹក​ចិត្ត​សាមគ្គីភាព ការរួបរួម​គ្នា និង​ការ​ឯកភាព​ទៅ​លើ​តម្រូវការ​ជួយ​ដល់​ភូមា​ជម្នះ​លើ​ស្ថានការណ៍​នៅ​រដ្ឋ​រ៉ាក់ឃីន ហើយ​ថា អាស៊ាន​នឹង​បន្ត​ពិភាក្សា​ពី​របៀប​ជួយ​ដល់​ប្រទេស​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក ក្រសួង​ការបរទេស​ភូមា បាន​និយាយ​ថា រដ្ឋ​មន្ត្រី​ការបរទេស​ភូមា អ្នក​ស្រី អ៊ុងសាន ស៊ូជី បាន​សង្ខេប​អំពី​ស្ថានភាព​វិវត្តន៍​ថ្មីៗ​នៅ​រដ្ឋ​រ៉ាក់ឃីន​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៩ ខែ​តុលាកន្លង​មក ទៅ​ដល់​សមភាគី​របស់​អ្នកស្រី។

ភូមា​បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​នេះ ដោយ​ចង់​ផ្ដល់​ព័ត៌មាន​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ក្នុង​នោះ​មាន​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ