លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានចាកចេញពីកម្ពុជាទៅបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម។
តាមហ្វេសប៊ុក លោក ហ៊ុន សែន នៅក្នុងកំឡុងពេលទស្សនៈកិច្ចនេះ លោកនឹងជួបពិភាក្សាការងារមួយចំនួន ជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក ព្រមទាំងចុះហត្ថលេខាលើសន្ធិសញ្ញាមួយចំនួនជាមួយភាគីវៀតណាមដូចជា៖ «សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត សន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្រសួងធម្មការនិងសាសនា និងគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម»។
ក្រៅពីនោះ លោក ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងាជាមួយប្រធានសភាវៀតណាមនិងប្រធានរដ្ឋនៃប្រទេសវៀតណាមទៀតផង។ នេះបើតាមហ្វេសប៊ុករបស់លោក៕