ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ថៃនិងចិន កំពុងតែជជែកគ្នាអំពីការកសាងរោងចក្រផលិតសម្ភារៈសឹកនៅក្នុងប្រទេសថៃ ដែលត្រូវបានគេមើលឃើញថា ជាសញ្ញាព្រមានថ្មីមួយទៀត ទៅដល់ទំនាក់ទំនងរវាងចិន និងសម្ព័ន្ធមិត្តដ៏ចំណាស់មួយរបស់អាមេរិកនៅតំបន់អាស៊ី។
បើតាម Reuters ទំនាក់ទំនងរវាងថៃ និងសហរដ្ឋអាមេរិក បានជាប់គាំងចាប់តាំងពីក្រោយរដ្ឋប្រហារយោធាកាលពីខែឧសភាឆ្នាំ២០១៤មក ដែលពួកយោធាថៃនិយាយថា ជាការចាំបាច់ដើម្បីបញ្ចប់ចលាចលរាប់ខែ ជាពិសេសបាតុកម្មតាមដងផ្លូវ ដែលនាំទៅរកការបណ្ដេញចេញរដ្ឋាភិបាលជាប់ឆ្នោត។
ចំណែកអាមេរិកវិញ និយាយថា ទំនាក់ទំនងអាចវិលត្រឡប់ទៅធម្មតាវិញ ដរាបណាប្រជាធិបតេយ្យត្រូវបានគេស្ដារឡើងវិញ។ ក្រុមមេដឹកនាំយោធាថៃ បានសន្យារៀបចំការបោះឆ្នោតមួយនៅឆ្នាំ២០១៧ខាងមុខ។
អ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា រដ្ឋមន្ត្រីការពារជាតិថៃ បានប្រាប់ទៅសមភាគីចិនថា ថៃចាប់អារម្មណ៍លើការបង្កើតរោងចក្រជួសជុល និងថែរក្សាគ្រឿងបរិក្ខារយោធាដែលថៃទិញមកពីប្រទេសចិន។
អ្នកនាំពាក្យថៃបន្ថែមថា ថៃក៏កំពុងតែជជែកជាមួយរុស្ស៊ីអំពីការកសាងរោងចក្រផលិតកម្មដូចគ្នានេះផងដែរ៕