នាយកសាលាបឋមសិក្សាមួយស្ថិតនៅក្នុងខេត្តព្រះវិហារ អំពាវនាវសុំជំនួយពីរដ្ឋាភិបាលនិងសប្បុរសជនផ្សេងៗទៀត ដើម្បីសាងសងអាគារសិក្សា ព្រោះលោកថាសាលានេះមិនមានអាគារតាំងពីឆ្នាំ១៩៧៩មកដល់បច្ចុប្បន្ននេះ។
លោក ដួង សុខ នាយកសាលាបឋមសិក្សារៀបរយ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា សាលានេះបានដំណើរការបង្រៀនក្រោមដើមឈើតាំងពីឆ្នាំ១៩៧៩មករហូតមកទល់ពេលនេះមិនទាន់មានជំនួយពីរដ្ឋាភិបាលឬសប្បុរសជនណាផ្តល់អាគារនោះទេ។
លោក ដួង សុខ បន្តថា លោកធ្វើជានាយកនៅសាលានេះតាំងពីឆ្នាំ២០០៦មក ហើយលោកបានស្នើសុំអាគារ ទៅរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជាច្រើនដងមកហើយ ប៉ុន្តែមិនទាន់ឃើញមានអ្នកណាផ្តល់ជំនួយនៅឡើយទេ។
លោកថា៖ “សុំច្រើនដងហើយពីសង្គមស៊ីវិល ក្រសួងអប់រំ តែអត់ឃើញមកសង់ឱ្យ ខាងអនុផលព្រៃឈើឃើញធ្លាប់មកសិក្សាស្រាវជ្រាវដែរហើយ ហើយក្រសួងគេថាឱ្យខ្នង ប៉ុន្តែអត់ឃើញមកសង់។ សិស្សពិបាកនោះពិបាកពេកហើយ ពេលភ្លៀងក៏ផ្អាកបង្រៀន ក្តៅខ្លាំងពេកក៏ផ្អាកបង្រៀន ខ្លាចពិបាកកូនគេ បង្រៀនក្រោមដើមអំពិលទឹកបារាំងបួនប្រាំដើមហ្នឹង”។
ប្រធានការិយាល័យអប់រំនៅស្រុករវៀងលោក អ៊ុន ឈន មានប្រសាសន៍ថា នៅក្នុងស្រុកនេះ សាលាបឋមសិក្សារៀបរយនេះ ជួបការលំបាកជាងគេ។ លោកបញ្ជាក់ថា រូបលោកនិងនាយកសាលាបានព្យាយាមសុំជំនួយអាគារពីថ្នាក់លើ ហើយកាលពីឆ្នាំ២០១៤មានការសន្យាឲ្យ តែរហូតដល់ពេលនេះនៅតែស្ងាត់។
ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយាវី បានលើកឡើងថា នេះជាការឆកល្វែងរបស់ប្រព័ន្ធអប់រំដែលមិនបានពិនិត្យឱ្យបានដិតដល់ចំពោះការអប់រំរបស់សិស្សនៅក្នុងស្រុកនោះ។ លោកស្រី បន្តថា សិស្សរៀនដោយគ្មានថ្នាក់រៀនបានត្រឹមត្រូវអាចប៉ះពាល់ដល់ការបង្កើនចំណេះដឹងរបស់ពួកគាត់ ហើយអាចធ្វើឱ្យសិស្សរៀនមិនបានចប់ចុងចប់ដើម ដែលបង្កើតឱ្យមានការចំណាកស្រុក។
អ្នកស្រីបញ្ជាក់ថា៖ “អានេះជាការប៉ះពាល់មួយ ទីមួយធ្វើឱ្យការសិក្សារបស់គាត់បានតិច ធ្វើឱ្យគាត់ចំណាកស្រុក តែកាលណាចំណាកស្រុកដោយគ្មានចំណេះដឹង ធ្វើឱ្យពួកគាត់ពិបាក ហើយធ្វើគាត់បានបង់នូវសិទ្ធិទទួលយកចំណេះដឹងដែលរដ្ឋាភិបាលនិងក្រសួងអប់រំកំពុងតែជំរុញឱ្យមានការកំណែទម្រង់ខាងវិស័យអប់រំនេះ”។
អ្នកស្រីបន្ថែមថា រដ្ឋាភិបាលគួរតែពង្រឹងវិស័យអប់រំនៅតាមសាលារៀនជនបទនិងធ្វើយ៉ាងណាផ្តល់មានសាលារៀនគ្រប់គ្រាន់មានគ្រូបង្រៀនល្អៗមកបង្រៀនឱ្យបានគ្រប់គ្រាន់ដូចនៅរាជធានីនិងនៅតាមទីរួមខេត្តមួយចំនួនដែរ។
បើតាមនាយកសាលាឲ្យដឹងថា សាលារៀបរយមានគ្រូបង្រៀនចំនួន៥នាក់និងសិស្សជាង១០០នាក់ បែងចែកជា ៦ថ្នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦។ លោកថាការបង្រៀនមានឧបសគ្គច្រើន ពិសេសពេលមានភ្លៀងនិង ខ្យល់៕