លោក ដូណាល់ ត្រាំ បានសម្រេចជ្រើសរើសប្រធានក្រុមមេធាវីប្រចាំក្រុមហ៊ុនរបស់លោក ឲ្យកាន់តំណែងជាអ្នកចរចាអន្តរជាតិ ដែលជាតំណែងទើបបង្កើតឡើងថ្មី។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សេចក្ដីប្រកាសរបស់ក្រុមការងាររៀបចំរដ្ឋាភិបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។
លោក Jason Greenblatt ដែលជាអនុប្រធានប្រធាន និងជាប្រធានក្រុមអ្នកច្បាប់នៃអង្គការ ត្រាំ ដែលជាក្រុមមើលការខុសត្រូវលើជំនួញរបស់លោក ត្រាំ នឹងបម្រើការជាតំណាងពិសេសសម្រាប់ការចរចាអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារលោក ត្រាំ មិនបានផ្ដល់ព័ត៌មានលម្អិតស្ដីពីភារកិច្ចអ្នកកាន់តំណែងនេះទេ ប៉ុន្តែ ទូរទស្សន៍ CNN បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ ដែលនិយាយថា ភារកិច្ចរបស់លោក Greenblatt នាពេលខាងមុខ មានដំណើរការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ទំនាក់ទំនងជាមួយគុយបា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ក្រុមការងារដដែលនេះ បញ្ជាក់ថា លោក Greenblatt ធ្លាប់ផ្ដល់យោបល់ដល់លោក ត្រាំ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត អំពីជម្លោះអារ៉ាប់ និងអ៊ីស្រាអែល៕