ថ្នាក់ដឹកនាំក្រុមហ៊ុន​មួយថា ACU និងតុលាការឃុំខ្លួនពួកគេ ព្រោះទារលុយ៥០ម៉ឺនដុល្លារមិនបាន​

លោក Gregg Thomas Fryett ប្រធាន​ក្រុមប្រឹក្សាភិបាល (Phnom Penh Post)

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ឯកជនមួយ ជាជនបរទេសបានចោទថា ចៅក្រុមសាលារាជធានីភ្នំពេញនិង អង្គភាពប្រឆាំងអំពើពុករលួយ​ (ACU) ជម្រិតទារលុយពីក្រុមហ៊ុន៥០ម៉ឺនដុល្លារមិនបាន ទើបចាប់រូបលោកនិង សហការីរបស់លោក​៥នាក់ទៀតដាក់ពន្ធនាគារ។​

កាលពីថ្ងៃពុធម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស​លោក​ Gregg Thomas Fryett ជនជាតិអង់គ្លេស ជាប្រធានក្រុមប្រឹក្សាភិបាលក្រុម​ International Green Energy ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទបទក្លែងបន្លំអក្សរក្នុងឯកសារ បទសូកប៉ាន់ និងការកាប់រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធដីព្រៃ ដោយខុសច្បាប់ក្នុងអំឡុងឆ្នាំ២០១០ដល់២០១២។ ចំណែកសហការីរបស់លោក​៥នាក់ផ្សេងទៀត ជាជនជាតិខ្មែរ ត្រូវជាប់ទោសពី៣ទៅ១០ឆ្នាំ ពីបទចោទប្រកាន់ដូចគ្នានេះ។​

លោក ​Gregg Thomas Fryett​ ថ្លែងក្រោយពេលស្តាប់សាលក្រមកាលម្សិលមិញថា អង្គភាពប្រឆាំងអំពើពុករលួយទារសំណូកចំនួន​៣០ម៉ឺនដុល្លារ ចំណែកមន្ត្រីសាលាដំបូងរាជធានីភ្នំពេញទារ២០ម៉ឺនដុល្លារ តែក្រុមហ៊ុន​លោកមិនព្រមឲ្យ ទើបឈានដល់ការឃុំខ្លួន​និង​កាត់ទោស។ នេះបើតាមកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះ។​

ទោះយ៉ាងណាក៏ដោយលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធចំពោះការចោទប្រកាន់នេះ។ ​លោកថា លោក​ត្រៀមឯកសាររួចហើយសម្រាប់​តទល់ជាមួយក្រុមហ៊ុននោះតាមផ្លូវច្បាប់។​​

លោកបញ្ជាក់ថា៖ “ខ្ញុំ​ថ្កោលទោសហើយខ្ញុំត្រៀមដោះស្រាយវាតាមផ្លូវច្បាប់ ទី២បើសិនជាគាត់ពិតជាមានចេតនាល្អមែន ខ្ញុំត្រៀមសហការជាមួយគាត់ (លោក Gregg Thomas Fryett)”។

លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាជំនុំជម្រះរឿងនេះបានប្រាប់វីអូឌីនៅរសៀលនេះថា លោក​មិនបានដឹងពីការទារលុយពីក្រុមហ៊ុន ហើយលោក​សុំមិនអត្ថាធិប្បាយលើករណីនេះបន្ថែមទេ។

លោក សុក សំអឿន មេធាវីការពារជនជាប់ចោទពីរនាក់​ក្នុង​សំណុំរឿងនេះមានប្រសាសន៍ថា លោកមិនបានដឹងពីរឿងតុលាការនិងអង្គភាពប្រឆាំងអំពើពុករលួយទារសំណូកពីកូនក្តីរបស់លោកនោះទេ។ ប៉ុន្តែ​លោកថាបើសិនក្នុងករណីដែលមានសំណូកសូកប៉ាន់នេះមែន លោក ឱម យ៉ិនទៀង គួរតែរៀបចំពិនិត្យរកអ្នកដែលណាដែលជាអ្នកទាមទារសំណូកនោះ។

លោកបន្ថែមថា៖ “អាណឹងរឿងផ្សេងដាច់ដោយឡែកអត់ដឹងទេ រឿងពុករលួយតាមពិតអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង ប៉ុន្តែដូចថាបើសិនជាគាត់អង្គភាពប្រឆាំងអំពើពុករលួយចឹង យើងមិនដឹងថាអ្នកណាផងអីចឹងមានតែឯកឧត្តម ឱម យ៉ិនទៀង គាត់រៀបចំពិនិត្យមើលទៅថាអ្នកដែលវាមានអីចឹងទៅណា បើសិនជាបុគ្គលិកក្នុងអង្គភាពប្រឆាំងអំពើពុករលួយគាត់ធ្វើអីចឹង អាហ្នឹងធ្វើការស៊ើបអង្កេតតាមពាក្យបណ្តឹងឬក៏ការតវ៉ារបស់ជនជាប់ចោទទៅ”។

ជនជាប់ចោទដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសនោះ​មានឈ្មោះ អ៊ុំ សំអាង ជានាយកក្រុមហ៊ុនជាប់ពន្ធនាគារ៧ឆ្នាំ ពិន័យទឹកប្រាក់១០លានរៀល លោក Gregg Thomas Fryett ប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាប់ពន្ធនាគារ៨ឆ្នាំ ពិន័យទឹកប្រាក់១០លានរៀល និងសហការី៤នាក់ផ្សេងៗទៀតផ្តន្ទាទោសពី៣ទៅ១០ឆ្នាំ និងពិន័យទឹកប្រាក់ពី៥ទៅ១០លានរៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ