គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យក្រុមការងារពង្រឹងមូលដ្ឋាននៃខេត្តនីមួយៗត្រូវ «ទទួលខុសត្រូវ» ចំពោះមេឃុំឬចៅសង្កាត់របស់ខ្លួនដែលគណបក្សនេះថា មិនបានជាប់ឈ្មោះនៅពេលបោះឆ្នោតឆ្នាំ២០១៧។
នៅក្នុងលិខិតមួយដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យរដ្ឋមន្ត្រីនៅតាមក្រសួង និងរដ្ឋលេខាធិការដ្ឋានសរុបចំនួន២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួនដែលមិនបានជាប់ឈ្មោះជាមេឃុំឬចៅសង្កាត់ឆ្នាំ២០១៧។
ក្នុងលិខិតចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ បង្ហាញថា រដ្ឋមន្រ្តីភាគច្រើនទទួលខុសត្រូវតែមួយខេត្តប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលទើបចូលកាន់តំណែងថ្មី លោក ស៊ុន ចាន់ថុល ត្រូវបានបក្សដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៤ គឺឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងបន្ទាយមានជ័យ។ ចំណែក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវបានគណបក្សកាន់អំណាចនេះ ដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៥គឺកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ធំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គោលការណ៍នេះត្រូវបានលើកឡើងក្នុងសន្និបាតគណបក្សកន្លងមក។ លោកមានប្រសាសន៍ថា គណបក្សនេះគឺមិនបោះបង់ចោលសមាជិកណាមួយនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។លោកបន្តថា «ដូចជាគាត់ធ្លាប់បានប្រាក់ឧបត្ថម្ភប៉ុន្មានក្នុងមួយខែ អាហ្នឹងជួយដោះស្រាយគាត់ទៅ។ទន្ទឹមនឹងហ្នឹងក៏មានការជួយដោះស្រាយអំពីជីវភាពរបស់គាត់»។
បើតាមលោក សុខ ឥសាន ប្រាក់ឧបត្ថម្ភនោះគឺបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់អ្នកទទួលខុសត្រូវនៅតាមខេត្តនីមួយៗ។
លោកមានប្រសាសន៍ថា «អាហ្នឹងស៊ីសងអាស្រ័យលើការស្ម័គ្រចិត្តរបស់អ្នកទទួលខុសត្រូវហ្នឹងទេ។ខ្ញុំយល់ថាវាមិនធ្ងន់ធ្ងរទេពីព្រោះនៅតាមឃុំ សង្កាត់ តាមខេត្តមួយចំនួនមិនមែនបេក្ខជនដែលឈរឈ្មោះវាធ្លាក់ទាំងអស់ឯណា រាប់រយនាក់។មួយពីរតែប៉ុណ្ណឹងទេ»។
កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ កម្ពុជាមាន១៦៣៣ឃុំ សង្កាត់ ប៉ុន្តែនៅឆ្នាំ២០១៧នេះ ចំនួនឃុំសង្កាត់នេះបានកើនឡើងបន្ថែមទៀតដោយរដ្ឋាភិបាលបំបែកឃុំ និងសង្កាត់ខ្លះជាពីរឬជាបី ហើយក្នុងចំណោមមេឃុំនិងចៅសង្កាត់ទាំងនោះ ភាគច្រើនលើសលប់គឺមកពីគណបក្សប្រជាជនកម្ពុជា៕