វិភាគ៖ កត្តា​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​កំណើន​យឺត​យ៉ាវនិង​ផល​ប៉ះ​ពាល់​លើ​ប្រជាជន

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

របាយការណ៍​មួយ​របស់​រដ្ឋាភិបាលបាន​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​កន្លង​មក​នេះ ស្ទើ​រតែ​គ្មាន​កំណើន​នោះ​ឡើយ បើធៀប​ទៅ​នឹង​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៥​កន្លង​មក។

របាយការណ៍​នាំ​ចេញ​អង្ករ​កម្ពុជា ដែល​ចេញ​ដោយ​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង ៥៤​ម៉ឺន ២​ពាន់​តោន​ កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដោយ​មាន​អត្រា​កំណើន​ត្រឹម​តែ ០.៧​ភាគរយ​ប៉ុណ្ណោះ ឬ​មាន​កំណើន​មិន​ដល់ ៤​ពាន់​តោន​ផង បើធៀប​ទៅ​នឹង​តួលេខ​ឆ្នាំ​២០១៥​កន្លង​មក ដែល​មាន​ជាង ៥៣​ម៉ឺន​តោន។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​មុន បាន​ធ្លាក់​ចុះ​ចាប់​ពី​ខែ​មីនា​រហូត​ដល់​ខែ​សីហា មុន​នឹង​មាន​កំណើន​ឡើង​វិញ​នៅ​ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា ប៉ុន្តែ បាន​បន្ត​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ៣០​ភាគរយ នៅ​ក្នុង​ខែ​ធ្នូ។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា អង្ករ​កម្ពុជា​ភាគ​ច្រើនត្រូវ​បាន​នាំ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ខណៈដែល​ប្រទេស​ចិន​តែ​មួយ បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ជាង ១២​ម៉ឺន​តោន។

បើ​យើង​ពិនិត្យ​មើល​តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ក្នុងរយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ ការ​នាំ​ចេញ​អង្ករ​កម្ពុជា បាន​កើន​ឡើង​រហូត​ពី​ជាង ២០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១២ ទៅ​ដល់​ជាង ៥៣​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៥។ ប៉ុន្តែ កម្ពុជា​មិន​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន ដែល​ចង់​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​នៅ​ត្រឹម​ឆ្នាំ​២០១៥​កន្លង​មក​នោះ​ឡើយ។

ខណៈ​ដែលរបាយការណ៍​បាន​បង្ហាញ​ដូច្នេះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជាការ​នាំ​ចេញ​អង្ករ​កម្ពុជា មាន​កំណើន​យឺត​យ៉ាវ​ដូច្នេះ។

សម្រាប់​អ្នក​នៅ​ក្នុង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ពុំ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​កំណើន​ដ៏​យឺត​យ៉ាវ​នេះ​នោះ​ឡើយ ដោយសារ​តែ និន្នាការ​នេះ​មិន​មែន​កើត​មាន​តែ​ចំពោះ​ប្រទេស​កម្ពុជា​នោះ​ទេ។

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ហ៊ុន ឡាក់ ដែល​ជា​នាយក​ក្រុមហ៊ុន​នាំចេញ​អង្ករ មេគង្គ អូរីហ្សា ផង​នោះ បាន​ប្រាប់​ថា កត្តា​ទីផ្សារ​អន្តរជាតិ និង​កត្តា​បញ្ហា​ប្រឈម​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​មូល​ហេតុ​ជំរុញ​ឲ្យ​ឧស្សាហកម្ម​នាំ​អង្ករ​ចេញ ហាក់​នៅ​ទ្រឹង​ជាមួយ​កំណើន​មិន​ដល់ ៤​ពាន់​តោន​ផង។

លោក ហ៊ុន ឡាក់ បាន​ពន្យល់​ថា សម្រាប់​កត្តា​ទីផ្សារ​អន្តរជាតិ ការ​ប្រកួត​ប្រជែង​ខាង​តម្លៃ​អង្ករ​ពី​សំណាក់​ប្រទេសជិត​ខាង​កម្ពុជា បូក​រួម​ទាំង​ដំណើរ​វិវត្តន៍​មិន​សូវ​ល្អ​នៃ​សេដ្ឋកិច្ច​សកល បាន​ជះ​ឥទ្ធិពល​យ៉ាងធំ​ធេង​ទៅ​លើ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​តម្លៃ​ដើម​សម្រាប់​ការ​ផលិត​នៅ​ក្នុង​ស្រុក នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ និង​មិន​អាច​ឲ្យ​អង្ករ​កម្ពុជា​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន។

លោក​បញ្ជាក់​ថា​៖ “មិន​មែន​មាន​តែ​កម្ពុជា​មួយ​ទេ ដែល​តួលេខ​នាំ​ចេញ​អង្ករ​មិន​កើន​ឡើង ប៉ុន្តែ មាន​ប្រទេស​ខ្លះ​ថយ​បន្តិច​ផង ដោយសារ​ឆ្នាំ​ចាស់​កន្លង​ទៅ​ហ្នឹង វា​មាន​បញ្ហា​សេដ្ឋកិច្ច​មិន​សូវ​ល្អ ហើយ​តម្លៃ​ជា​សកល​ហ្នឹង វា​ចុះថ្លៃ។ នៅ​ពេល​ចុះ​ថ្លៃ​អីចឹង​ទៅ វា​មាន​ការ​ប្រែប្រួល​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​យើង។ តម្លៃ​អង្ករ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ងាក​បញ្ជា​ទិញ​នៅ​ប្រទេស​ជិត​ខាង​ហ្នឹង។ ហ្នឹង​ជា​បញ្ហា​ឥទ្ធិពល​មក​ពី​ខាង​ក្រៅ ពាក់​ព័ន្ធ​នឹង​តម្លៃ​ចុះ​ថ្លៃ ជាពិសេស នៅ​ថៃ”។

លោក​បន្ថែម​ថា​៖ “យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា បញ្ហា​ប្រឈម​ធំ​ជាង​គេ​គឺ​តម្លៃ​ដើម ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង តាំង​ពី​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដឹក​ជញ្ជូន បញ្ហា​ភ្លើង ទុន​សម្រាប់​ប្រមូល​ស្តុក​ទុក យើង​នៅ​មាន​កម្រិត។ […] បញ្ហា​ខាង​ក្នុង​អំពី​ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន និង​ថ្លៃ​ដើម​ខ្ពស់ នៅ​ខ្ពស់”។

ទោះជាយ៉ាងណា លោក ហ៊ុន ឡាក់ បាន​ប្រមើល​មើល​ថា ស្ថានភាព​នៃ​ការ​នាំ​ចេញអង្ករ​កម្ពុជាទៅ​ទីផ្សារ​អន្តរជាតិ អាច​នឹង​កាន់តែ​ប្រសើរ​ឡើង​​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ដែល​លោក​ថា ដោយសារ​តែ​រដ្ឋាភិបាល​បាន​ចរចា​បើក​ទីផ្សារ​ថ្មីៗ ជាពិសេស​ប្រទេស​ចិន និង​ប្រទេស​វៀតណាម។

លោក ហ៊ុន ឡាក់ ប្រាប់​ថា​៖ “ជាទូទៅ ២០១៧​ប្រហែល​ជា​នឹង​ប្រសើរ ប្រសើរ​ជាង២០១៦ ព្រោះ​អី​មាន​ការ​ចរចា​បើក​ទីផ្សារ ដែល​កំពុង​តែ​ព្យាយាម​ដោយ​ក្រសួង​ពាក់​ព័ន្ធ ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម ហើយ​ជា​លទ្ធផល​ចុង​ក្រោយ​ហ្នឹង គឺ​មាន​បើក​ទៅ​ខាង​វៀតណាម ដូចជា​បាន ៣០​ម៉ឺន​តោន ហើយ​ទៅ​ប្រទេស​ចិន​បាន ២០​ម៉ឺន​តោន”។

របាយការណ៍នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នៅ​ឆ្នាំ​២០១៦​កន្លង​មក បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​​ជាង ១២​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​នេះ ២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ​នោះ​ឡើយ។

ខណៈ​ដែល​ការ​​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​កំណើន​យឺត​យ៉ាវ​បែប​នេះ អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​កសិកម្ម បាន​ព្រមាន​អំពី​ហានិភ័យ​ទៅ​លើ​​ប្រជា​កសិករ ដែល​បាន​ងាក​ចេញ​ពី​ការ​ធ្វើ​ស្រែ​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ប្រចាំ​ថ្ងៃ មក​ធ្វើ​ស្រែ​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ​អន្តរជាតិ។

អនុ​ប្រធាន​សហព័ន្ធ​អង្កការ​កសិករ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ លោក សំអាត វាសនា បាន​ឲ្យ​ដឹង​ថា ហានិភ័យ​សម្រាប់​ប្រជា​កសិករ​កម្ពុជា​នា​ពេល​សព្វថ្ងៃ​នេះ កើត​ចេញ​ពី​បំណុល​ដែល​កសិករ​បាន​ខ្ចី​​វិស័យ​ធនាគារ យក​ទៅ​ទិញ​ធាតុ​ផ្សំ​កសិកម្ម​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។

លោក សំអាត វាសនា ប្រាប់​ថា​៖ “ជាទូទៅ កសិករ​ខ្មែរ​យើង យក​របរ​វិស័យ​កសិកម្ម​ហ្នឹង​ជា​ធំ។ អីចឹង​ទេ ប្រសិន​បើ​ការ​នាំ​ចេញ​កើន​តិច វា​ត្រូវ​តែ​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់ ពីព្រោះ​ពី​មុន​មក គាត់​ផលិត​ស្រូវ​សម្រាប់​តែ​ផ្គត់​ផ្គង់​ជីវភាពគ្រួសារ​​របស់​គាត់ ប៉ុន្តែ មួយ​រយៈ​ក្រោយ​មក​នេះ ការ​ផលិត​ស្រូវ​របស់​គាត់ គឺ​គាត់​ផលិត​ឈាន​ទៅ​រក​ទីផ្សារ មាន​ន័យ​ថា គាត់​ផលិត​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ។ ​បើ​កាល​ណា​​ការ​នាំ​ចេញ​បាន​តិច មាន​ន័យ​ថា កំណើន​ប្រាក់​ចំណូល​របស់​គាត់​ហ្នឹង ក៏​វា​នៅ​ទាប​ដែរ”។

លោក​បន្ត​ថា​៖ “ជា​ទូទៅ ​ប្រសិន​បើ​ការ​នាំ​ចេញ​ហ្នឹង​មាន​កំណើន​ខ្ពស់ អ្នក​នាំ​ចេញ​ហ្នឹង​ក៏​កុម្ម៉ង់​អង្ករ​ក្នុង​តម្លៃ​ខ្ពស់​ពី​រោង​ម៉ាស៊ីន​ដែរ។ កាល​ណា​អ្នក​នាំ​ចេញ​ហ្នឹង​កុម្ម៉ង់​តម្លៃ​អង្ករ​ខ្ពស់​ពី​រោង​ម៉ាស៊ីន មាន​ន័យ​ថា រោង​ម៉ាស៊ីន​ក៏​ហ៊ាន​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ផង​ដែរ”។

ចំណែកប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ហ៊ួត អៀងតុង ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដីចុះផ្សាយថា ទំហំកម្ចីដែល​អតិថិជន​មិនបាន​សងត្រឡប់ទាន់ពេលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនឡើងទ្វេដងនៅរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ ដែលជះឥទ្ធិពល​មិនល្អដល់​ភាគីពាក់ព័ន្ធ។

លោក ហ៊ួត អៀងតុង បញ្ជាក់ថាកំណើនកម្ចីដែលអតិថិជនមិនសងត្រឡប់ទាន់ពេលវេលាពាក់ព័ន្ធនឹងវិស័យកសិកម្មមាន​ដល់ទៅ ៣០ភាគរយនៃ​កម្ចីសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ