ក្រោយការចាប់ខ្លួនលោក ថៃ នរៈវិទូ ជាអតីតតារាសម្ដែង និងជាអតីតហ្វ្រេស៊ី លោកថៃ នរៈសត្យាជាឪពុក ដែលមាននាទីជារដ្ឋលេខាធិការបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថាលោកមិនលូកដៃក្នុងរឿងកូនប្រុសត្រូវតុលាការខេត្តបាត់ដំបងចោទប្រកាន់ពីបទពាក់ព័ន្ធរឿងគ្រឿងញៀននៅនោះឡើយ។ យ៉ាងណាមិញ លោកថាទឹកចិត្តជាឪពុក គឺអាណិត ហើយឈឺចាប់ តែមិនអាចល្មើសច្បាប់បណ្ដាលឲ្យមានការរិះគន់នោះឡើយ។
លោកបានផ្ដល់សម្ភាសន៍ថា លោកមិនបានដឹងរឿងពាក់ព័ន្ធនឹងរឿងកូនប្រុស ភ្លើតភ្លើនរហូតបានក្លាយជាបក្សពួករបស់ក្រុមអ្នកជួញដូរគ្រឿងញៀននៅខេត្តបាត់ដំបងនោះទេ ដោយសារតែពេលកន្លងមកលោក និងលោក ថៃ នរៈវិទូ ជាកូនប្រុស ស្ថិតនៅក្រៅបន្ទុកពីគ្នាចាប់តាំងពីលោករៀបការឲ្យកូនប្រុសមានគ្រួសាររៀងខ្លួន។ លោកថាការងាររវល់ គឺជាមូលហេតុដែលមិនអាចឲ្យលោកបានដឹងស៊ីជម្រៅពាក់ព័ន្ធនឹងរឿងកូនប្រុស ប៉ុន្តែលោកក៏មិនបានប្រកែកថាលោក ថៃ នរៈវិទូ រងការប្រកាន់ ហើយមិនបានពាក់ព័ន្ធនឹងរឿងជួញដូរគ្រឿងញៀននោះឡើយ។ លោកថា មិនមានគម្រោងជួយដោះកូនប្រុសពីការចោទប្រកាន់នោះទេ បើទោះជាលោកមាននាទីជាមន្ត្រីដែលមានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមួយ។
លោកនិយាយថា៖ «ទឹកចិត្តឪពុកបានត្រឹមតែអាណិត តែបើឲ្យខ្ញុំទៅធ្វើអីខុសនឹងច្បាប់ខ្ញុំមិនធ្វើទេ ខ្ញុំទុកសិទ្ធិអោយតុលាការគាត់ដោះស្រាយ ធ្វើមិចបើកូនយើងចឹង!»។
លោកបដិសេធឡើងទៅខេត្តបាត់ដំបង ទៅមើលកូនប្រុសដែលត្រូវអាជ្ញាធរចាប់ខ្លួន ដោយថាវត្តមានរបស់លោកនឹងអាចធ្វើឲ្យចំណាត់ការផ្លូវច្បាប់មានភាពស្ទាក់ស្ទើរ ឬទើសទាល់សម្រាប់ក្រុមសមត្ថកិច្ច។ លោកថា ខ្លួនបានត្រឹមតែមានតំណាងគ្រួសារឡើងទៅមើលដើម្បីជួយលើកទឹកចិត្តដល់កូនប្រុសកុំឲ្យឯកោប៉ុណ្ណោះ តែសម្រាប់វិធានការការពារកូនប្រុសអោយនៅក្រៅឃុំគឺលោកមិនធ្វើនោះទេ ដើម្បីបញ្ចៀសនូវការរិះគន់។
លោកនិយាយថា៖ «លូវហ្នឹងខ្ញុំមានការទៅប្រជុំនៅខេត្តផ្សេង រឿងហ្នឹងប្រហែលគ្រួសារខ្ញុំ(ប្រពន្ធ កូន) ទៅមើល តែមិនមែនទៅដោះស្រាយទេ គឺយើងទុកអោយច្បាប់គាត់ចាត់ចែង សម្រាប់ខ្ញុំជាឪពុក ខ្ញុំអត់ចង់ឃើញកូនត្រូវជាប់ឃុំចឹងទេ ហើយក៏រឹតមិនចង់អោយកូនប្រុសស្អុយឈ្មោះចឹងទៀត តែធ្វើមិចបើច្បាប់រកឃើញចឹង ចឹងយើងរង់ចាំស្ដាប់ការដោះស្រាយរបស់ច្បាប់វិញ យើងអត់ទៅធ្វើអ្វីលើសពីនិតិវិធីច្បាប់បានទេ!»។
លោកមិនហ៊ានរំពឹងថាលោក ថៃ នរៈវិទូ រួចផុតពីការចោទប្រកាន់នោះទេ បន្ទាប់ពីខាងសមត្ថកិច្ចរកឃើញជនពាក់ព័ន្ធគ្រឿងញៀនមួយក្រុមធំនៅខេត្តបាត់ដំបងមានគ្នា៦នាក់ ហើយក្រោយសារភាពគឺលោកថៃ នរៈវិទូ ក៏ជាបក្សពួកក្នុងរឿងប្រើប្រាស់ និងចែកកចាយគ្រឿងញៀនម្នាក់ដែរ។
លោកនិយាយថា៖ «ខ្ញុំអត់ដឹងថាគេ(ថៃ នរៈវិទូ) ធ្វើអីខ្លះទេរាល់ថ្ងៃ តែខ្ញុំអត់ថាកូនខ្ញុំត្រូវទេ ចាំមើលនិតិវិធីច្បាប់សិន!»។
យោងតាមព័ត៌មានចុះផ្សាយ គឺលោក ថៃ នរៈវិទូ និងបក្ស ពួកត្រូវបានមន្ត្រីប៉ូលីសខេត្តបាត់ដំបងចាប់បានកាលពីរសៀលថ្ងៃទី១០ខែមករា នៅក្នុងហាងមួយ ក្រោមការដឹកនាំដោយ លោក ប៉ង់ ចាន់សុយុទ្ធារា មន្ត្រីជាន់ខ្ពស់បង្រ្កាបគ្រឿងញៀននៅខេត្តបាត់ដំបង។
ព័ត៌មានផ្សាយថា ទីតាំងខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) ត្រូវបានប៉ូលិសចុះបង្ក្រាប ហើយបានរកឃើញសារធាតុញៀនជាច្រើន និងមនុស្សពាក់ព័ន្ធចំនួន៦នាក់។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យចំនួន៦នាក់ គឺទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរៈពិទូ (អតីតតារាសម្ដែង) ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥ ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង គឺជាមុខសញ្ញាដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទាំងនោះ។ លោកថា វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ) ៣ថង់ ទម្ងន់០,៨៨ក្រាម។ ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀនអ៊ិស្តាស៊ីចំនួន២។ ថ្នាំអំពូលDiazepam ២អំពូល ថ្នាំគ្រាប់ ZEPAM ១៦បន្ទះ និងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
លោក ស៊ាន សុណាល់ ថា លោក ថៃ នរៈវិទូ និងជនសង្ស័យដែលត្រូវចាប់បាន៥រូបទៀត នឹងប្រឈមជាប់ពន្ធនាគារ ប្រសិនបើរកឃើញថាពិតជាជាប់ពាក់ព័ន្ធលើករណីចែកចាយគ្រឿងញៀនដូចអ្វីដែលបានចោទប្រកាន់។ អ៊ីចឹងហើយទើបម្នាក់ៗមានការកោតសរសើរ បន្ទាប់ពីលោកថៃ នរៈសត្យា ជាមន្ត្រីជាន់ខ្ពស់ ប្រកាសថាមិនការពារកូនប្រុសក្រោយការចាប់ខ្លួន ហើយទុកអោយច្បាប់ដោះស្រាយ៕