វាជារឿងដដែលៗ គឺមេដឹកនាំវៀតណាមតែងតែរំលឹកម្តងហើយម្តងទៀត ឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ដល់ជនជាតិវៀតណាមដែលកំពុងរស់នៅលើទឹកដីខ្មែរ។
យ៉ាងណាក៏ដោយមេដឹកនាំរដ្ឋាភិបាលខ្មែរកម្រនឹងបញ្ចេញសំណើរបស់វៀតណាមចំពោះបញ្ហានេះណាស់ ប៉ុន្តែសារព័ត៌មានវៀតណាមជានិច្ចកាលតែងតែផ្សាយពីការលើកឡើងដដែលៗនេះរបស់មេដឹកនាំវៀតណាមនៅចំពោះមុខមេដឹកនាំកម្ពុជា ទាំងនៅពេលលោក ហ៊ុន សែន លោក ហេង សំរិន និងលោក ស ខេង ទៅទស្សនៈកិច្ចនៅវៀតណាម និងទាំងនៅពេលមេដឹកនាំវៀតណាមមកទស្សនកិច្ចនៅកម្ពុជា។
សារព័ត៌មាន Tuoi Tre News បានចុះផ្សាយកាលពីថ្ងៃទី១០មករាថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលោក ស ខេង នៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក បានស្នើឲ្យកម្ពុជាផ្តល់បរិយាកាសងាយស្រួលដល់អ្នកជំនួញនិងប្រជាជនខ្លួនឲ្យរកស៊ីនិងរស់នៅបានថិតថេរ លើទឹកដីកម្ពុជា នោះទើបធ្វើឲ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរ។
បើតាមព័ត៌មានរបស់វៀតណាមដដែលនេះ លោក ស ខេង បានទទួលយកសំណើនោះដោយសន្យាថានឹងរៀបចំឯកសារក្នុងការគាំទ្រសហគមន៍វៀតណាមដែលកំពុងរស់នៅកម្ពុជា។
អ្នកវិភាគនយោបាយជើងចាស់ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថាមូលហេតុដែលវៀតណាមប្រាប់កម្ពុជាដដែលៗនេះដោយសារតែមេដឹកនាំកម្ពុជាបច្ចុប្បន្ននៅជំពាក់គុណវៀតណាម ព្រោះតែមេដឹកនាំខ្មែរបានសន្យាគោរពកិច្ចព្រៀងទាំងឡាយ ដែលបានធ្វើឡើង ក្រោយពេលដែលហៅវៀតណាមឲ្យជួយវាយរំលំខ្មែរក្រហម។
លោកមានប្រសាសន៍ថា៖ «ព្រោះថានៅក្នុងកិច្ចព្រមព្រៀងពីមុនៗមក មានការអនុញ្ញាតឲ្យជនជាតិវៀតណាមមករស់នៅកម្ពុជាពីឆ្នាំ១៩៨២ មានសាចរណ៍ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន[កម្ពុជា]យកចិត្តទុកដាក់និគមជនវៀតណាមដែលមករស់នៅកម្ពុជាហើយបើមានការលំបាកគឺសុំឲ្យមានការពិគ្រោះជាមួយអ្នកជំនាញការវៀតណាម។ ដូច្នេះអាហ្នឹងជាមូលដ្ឋាន និងក្របខណ្ឌនៃទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាតាំងពីពេលនោះមក»។
សូមបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក ស ខេង ទៅវៀតណាមនៅសប្តាហ៍នេះ បានធ្វើឡើងមុនពេលនៃការជួបចរចារជាមួយបក្សប្រឆាំង ដែលថាគ្រោងធ្វើនៅក្រោយថ្ងៃទី១១ខែមករានេះ។
កាលពីពេលជាប់គាំងនយោបាយពីចុងឆ្នាំ២០១៣ដល់ដើមឆ្នាំ២០១៤ មានការបង្រ្កាបដោយហិង្សាកើតឡើងជាបន្តបន្ទាប់ក្រោយពី លោក ហ៊ុន សែន វិលត្រឡប់ពីទស្សនកិច្ចនៅវៀតណាម ដូចជាការបង្រ្កាបបាតុករនៅទីលានប្រជាធិបតេយ្យនិងការបាញ់សម្លាប់អ្នកតវ៉ាប្រាក់ឈ្នួលនៅផ្លូវវេងស្រងជាដើម។
លោកបណ្ឌិត មាស នី អ្នកវិភាគពីស្ថានការណ៍សង្គម ធ្លាប់បានកត់សំគាល់ថា នៅពេលដែលអ្នកនយោបាយខ្មែរត្រូវរ៉ូវគ្នា ដូចជាកាលពីពេលលោក ហ៊ុន សែន ដឹកដៃលោក សម រង្ស៊ី ទៅអង្គវត្ត ការពិសារអាហាររួមគ្នា និងចុងក្រោយនេះ មានការចាប់ដៃរវាងលោក កឹម សុខា និងលោក ហ៊ុន សែន លោកមើលឃើញថា វៀតណាមមិនសប្បាយចិត្ត ហើយតែងតែហៅមេដឹកនាំខ្មែរទៅទស្សនៈកិច្ចនៅប្រទេសគេ ឬមេដឹកនាំវៀតណាមតែងតែមកដល់កម្ពុជាតែម្តង។
លោកយល់ថា ប្រទេសជិតខាងដែលតាំងខ្លួនជាអ្នកមានគុណលើខ្មែរនោះ គឺមិនចង់ឲ្យអ្នកនយោបាយខ្មែរឯកភាពផ្ទៃក្នុងទេ ព្រោះខ្លួនពិបាកប្រើឥទ្ធិពលមកលើការសម្រេចណាមួយ។
គេនៅចាំបានថា កាលពីពេលលោក សម រង្ស៊ី ទៅដកបង្គោលតម្រុយព្រំដែននៅខេត្តស្វាយរៀងនោះ រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការភ្លាមៗលើមេបក្សប្រឆាំងរូបនេះទេ ប៉ុន្តែក្រោយពីលោកស្រី ម៉ែន សំអន វិលមកពីទស្សនៈនៅវៀតណាមវិញ គឺមានការចាត់វិធានការផ្លូវច្បាប់ប្រឆាំងលោក សម រង្ស៊ី។ជាវិធានការដែលធ្វើឡើងក្រោយពីមានការទទួចពីមេដឹកនាំវៀតណាមឲ្យមានវិធានការចំពោះការដកតម្រុយបង្គោលព្រំដែនដ៏ចម្រូងចម្រាស់នោះ។
យ៉ាងណាក៏ដោយ កាលពីពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ គឺកម្ពុជាមិនចេញសេចក្តីថ្លែងការណ៍រួមទាក់ទងនឹងជម្លោះសមុទ្រចិន ជាមួយវៀតណាម និងភីលីពីននោះទេ។
កាលណោះ អ្នកវិភាគ មើលឃើញថា រដ្ឋាភិបាលកម្ពុជាទំនងចង់ដោះដៃចេញពីវៀតណាមឬមិនចង់ស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមទៀតទេ ដោយងាកទៅរកមហាយក្សចិនវិញ។
លោក ឡៅ ម៉ុងហៃ វិភាគថា បើមេដឹកនាំកម្ពុជាមិនធ្វើតាមគឺវៀតណាមមានមធ្យោបាយគៀបសង្កត់សឹងគ្រប់បែបយ៉ាង ដោយលោកប្រៀបធៀបថា «ជើងរបស់កម្ពុជាជាប់ច្រវ៉ាក់វៀតណាម» បើទោះបីជាគេមើលឃើញថាកម្ពុជាកំពុងព្យាយាមងាកទៅចិនក៏ដោយ។
លោកមានប្រសាសន៍ថា៖ «អន់ចិត្តអន់ថ្លើមមិនជាការទេព្រោះថាវៀតណាមគេមានមធ្យោបាយហើយមានអំណាចមកលើយើង។បើយើងទៅរកចិន សព្វថ្ងៃនេះខ្ញុំហ៊ានស្និដ្ឋានថា មនុស្សខ្មែរដដែលហ្នឹងមិនត្រឹមតែជាប់ច្រវ៉ាក់វៀតណាមទេ គឺជាប់ខ្នោះចិនទៅទៀត»។
បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ ការដែលកម្ពុជាស្ថិតក្រោមឥទ្ធិពលបរទេសនេះដោយសារតែអ្នកនយោបាយខ្មែរមិនទាន់ឯកភាពផ្ទៃក្នុង។
ទោះជាយ៉ាងណា ក្រោយពីបាតបង់សំឡេងគាំទ្រអស់២២អាសនៈក្នុងរដ្ឋសភានោះ គណបក្សកាន់អំណាចដែលជាគោលដៅរបស់បក្សប្រឆាំងក្នុងការរិះគន់ពីការហូរចូលជនអន្តោប្រវេសន៍វៀតណាមនោះ រដ្ឋាភិបាលកម្ពុជាបានប្រកាសកែទម្រង់ដោយចាប់ជនជាតិវៀតណាមមួយចំនួនថាខុសច្បាប់បញ្ជួនទៅស្រុកគេវិញ។
អ្នកវិភាគយល់ថា បញ្ហាជនជាតិវៀតណាមជាសន្លឹកបៀរចុងក្រោយដែលគណបក្សកាន់អំណាចយកមកប្រើ ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ។
របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាពីឆ្នាំ ២០១៥ ដល់ខែសីហា ឆ្នាំ ២០១៦ ឲ្យដឹងថាមានជនជាតិវៀតណាម ចំនួន៧៦ ៣៩៨នាក់បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ដែលចេញដោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។ពួកគេប្រឈមនឹងការបណ្តេញចេញពីកម្ពុជាផងដែរ។នេះក៏ជាកត្តាមួយដែលអ្នកវិភាគ យល់ថាជាហេតុផលដែលមេដឹកនាំវៀតណាមលើកឡើងដដែលៗ ឲ្យមេដឹកនាំកម្ពុជាដែលពួកគេអះអាងថាជាមិត្តម៉ឺនឆ្នាំនោះ ត្រូវជួយសម្រួលដល់ជនជាតិវៀតណាមឲ្យបានបន្តរស់នៅស្របច្បាប់លើទឹកដីកម្ពុជា៕