បញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជា គឺជាកង្វល់មួយសម្រាប់ប្រជាជនទូទៅនៅប្រទេសកំពុងអភិវឌ្ឍមួយនេះ។ សម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់ មុននឹងបរិភោគអាហារគឺគេមានអ្នកត្រួតពិនិត្យគុណភាពចំណីអាហារជាមុន ឬអាហារទាំងនោះទៀតសោត ត្រូវបានដឹងពីប្រភពនៃអ្នកផលិតច្បាស់លាស់។
ប៉ុន្តែសម្រាប់ប្រជាជនក្រីក្រឬអ្នកមិនសូវមានលទ្ធភាពគ្រប់គ្រាន់ គឺច្រើនតែបរិភោគចំណីអាហារឲ្យខាងតែឆ្អែត ដោយមិនសូវបានគិតគិតគុណភាពឬសុវត្ថិភាពរបស់អាហារទាំងនោះឡើយ។
ថ្វីត្បិតតែប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្មមួយភាគធំត្រូវបាននាំចូលពីប្រទេសជិតខាងដូចជា វៀតណាមនិងថៃជាដើម។
ទិន្នន័យដែលត្រូវបានផ្សាយដោយទូរទស្សន៍ក្នុងស្រុកកាលពីខែមិថុនាឆ្នាំ២០១៦ បង្ហាញថា ក្នុងមួយថ្ងៃៗ កម្ពុជា នាំចូលបន្លែ៤០០តោនពីក្រៅប្រទេស ស្មើនឹងជាង១៤ម៉ឺនតោនក្នុង១ឆ្នាំ គិតជាទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិក។ បន្លែភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម។ ប៉ុន្តែវៀតណាមជាប្រទេសមួយដែលត្រូវបានប្រទេសនៅលោកខាងលិចបានហាមនាំចូលបន្លែទៅទីផ្សារសហគមន៍អ៊ឺរ៉ុប ដោយសារតែរកឃើញថាបន្លែវៀតណាមមានប្រើថ្នាំគីមីលើសកម្រិត។
ដោយឡែកសម្រាប់ផ្លែឈើនិងសាច់ ត្រូវបានគេកត់សំគាល់ថា កម្ពុជាបាននាំចូលពីប្រទេសថៃច្រើនជាងគេ។ប្រភពពីពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃបានឲ្យដឹងថា ចំការដំណាំរបស់ថៃដែលកសិកររបស់គេដាំសម្រាប់នាំចេញគឺមានប្រើប្រាស់ថ្នាំគីមីច្រើនដើម្បីបានផលច្រើន។
មិនមែនតែបន្លែមួយមុខនោះទេដែលមានប្រើប្រាស់ថ្នាំគីមីច្រើននោះ ចំណែក ត្រីសាច់ និងគ្រឿងសមុទ្រក៏ត្រូវបានគេប្រើសារធាតុគីមីហួសកម្រិតដែលនាំឲ្យប៉ះពាល់ដល់សុខភាពផងដែរ។
កាលពីថ្ងៃទី១៨ ខែមករានេះ សាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានរកឃើញថា បន្លែ ត្រីសាច់ និងគ្រឿងសមុទ្រស្រស់ចំនួន៣២មុខនៅផ្សារលើក្រុងព្រះសីហនុ គឺមានសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
ជាញឹកញយគេឃើញសមត្ថកិច្ចកាំកុងត្រួលបានស្ទាក់ចាប់សាច់និងជង្គង់មាន់ខូចគុណភាពរាប់សិបតោន ព្រមទាំងទឹកក្រូចនិងភេសជ្ជៈច្រើនប្រភេទទៀត ដែលនាំចូលពីប្រទេសជិត ដោយខូចគុណភាព។ ជាមួយគ្នានោះ ក៏មានការបង្ក្រាបទីតាំងផលិតកាហ្វេ ខុសបច្ចេកទេស កាហ្វេខូចគុណភាព កែច្នៃពោតនិងសណ្តែកសៀង បន្លំធ្វើកាហ្វេ លាយសារធាតុគីមី ដែលអ្នកជំនាញថា បង្កផលប៉ះពាល់សុខភាពអ្នកទទួលទាន។
លោក អួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ធ្លាប់បានបញ្ជាក់ថា ផលិតផលដែលនាំចូលពីក្រៅប្រទេសសុទ្ធតែប្រើប្រាស់សារធាតុគីមីដើម្បីរក្សាទុកបានយូរ ប៉ុន្តែលោកថា វាធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកមានប្រសាសន៍ថា៖ “ផលប៉ះពាល់សារជាតិគីមី រាល់ថ្ងៃដែលយើងធ្លាប់ដឹង គឺខាងសមត្ថកិច្ច មិនបានសិក្សាឲ្យបានជ្រៅជ្រះទេ ដូចជា ការនាំចូលពីប្រទេសជិតខាង។ ទី១ គោជល់ នាំពីប្រទេសថៃ។ សូម្បីប្រធានរដ្ឋ[ព្រឹទ្ធ]សភាក៏មានជម្ងឺទឹកនោមផ្អែកដល់កាត់ដៃកាត់ជើង។ នេះជាផលប៉ះពាល់នៃសារជាតិគីមី។ ឥឡូវនេះ អាស្ទីងមកទៀត ខ្ញុំឃើញក្មេងៗចូលចិត្តណាស់ កូនខ្ញុំដែរ។ VODម៉េចបានលោកថា របស់ទាំងនោះមានសារធាតុគីមី? របស់មួយដែលគេ[ធ្វើដាក់]កំប៉ុងទុកឲ្យបានយូរ”។
នៅកម្ពុជា សូម្បីតែទឹកស៊ុបក៏ត្រូវបាននាំចូលពីប្រទេសជិតខាងផងដែរ។ កាលពីចុងឆ្នាំ២០១៤ មានការចាប់អារម្មណ៍ខ្លាំងពីការនាំចូលទឹកស៊ុបច្រកក្នុងប៊ីដុង នាំចូលពីប្រទេសវៀតណាម ដែល សង្ស័យថាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ នៅកម្ពុជា។ អាជ្ញាធរកម្ពុជាបានបើកការត្រួតពិនិត្យបញ្ហាទឹកស៊ុបនាំចូលពីវៀតណាមនោះបានមួយប្រាវក៏ស្ងាត់ទៅវិញ។
ផលប៉ះពាល់នៃការបរិភោគអាហារដោយខ្វះការត្រួតពិនិត្យគុណភាព បាននាំឲ្យមនុស្សរាប់រយនាក់បានពុលនំប៉័ងដាក់សាច់ នៅខេត្តសៀមរាប និងពុលនំបញ្ចុក នៅខេត្ត ស្វាយរៀង កាលពីពេលកន្លងទៅ។
នៅខេត្តស្វាយរៀង អ្នកពុលនំបញ្ចុក អះអាងដោយសារតែបរិភោគបន្លែស្ពៃក្តោបដែលនាំចូលពីវៀតណាម។ ចំណែកនៅពេលថី្មៗនេះមានព្រះសង្ឃ ប្រជាពលរដ្ឋនិងសិស្សានុសិស្សរាប់រយនាក់បានពុលចំណីអាហារនៅតាមបណ្ដាលខេត្តមួយចំនួនដូចជាខេត្ត ឧត្តរមានជ័យ កំពង់ចាម និងស្ទឹងត្រែងជាដើម។
ក្រសួងសុខាភិបាលនៅសប្តាហ៍នេះបានចេញសេចកី្ដប្រកាសឲ្យមន្រី្តនៅថា្នក់ក្រោមយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋាន ខណៈដែលមានករណីពុលចំណីអាហារជាបន្តបន្ទាប់។
លោក គាម មករ៉ាឌី នាយកកម្មវិធីបរិស្ថាននិងសុខភាព នៃអង្គការសេដាក ធ្លាប់មានប្រសាសន៍ថា បញ្ហាចំណីអាហារនៅកម្ពុជាមិនសូវមានសុវត្ថិភាព ដោយសារការធូរលុង នៃការត្រួតពិនិត្យការនាំចូលទំនិញ ហើយអ្នកនាំចូលមិនត្រូវបានចាប់ខ្លួន។
លោកមានប្រសាសន៍ថា៖ “ឃើញសមត្ថកិច្ចបានស្ទាក់ចាប់បានតែទំនិញឬសាច់ដែលខូចគុនភាព ប៉ុន្តែអ្នកនាំចូលត្រូវបានរួចខ្លួន។នេះជាបញ្ហាមួយដែលការត្រួតពិនិត្យឬការរិតបន្តឹងការនាំចូល របៀបធូរលុង ដែលធ្វើឲ្យជនឆក់ឱកាសនាំចូលអាហារដែលមានសារធាតុគីមីឬខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាព”។
ក្រៅពីបន្លែ ត្រី សាច់ ដែលគេរកឃើញថាមានផ្ទុកសារធាតុគីមីប៉ះពាល់សុខនោះ ស្រាក៏បានសម្លាប់មនុស្សយ៉ាងតិច១៥នាក់ នៅឃុំក្តុលសែនជ័យ ខេត្តកំពង់ឆ្នាំង កាលពីចុងឆ្នាំមុន។ ចំណែកកាលពីឆ្នាំ២០១៥ មនុស្ស ២០នាក់នៅខេត្តក្រចេះក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារការពុលមេតាណុលដែលដាក់លាយក្នុងស្រាស៕