យោងតាមទិដ្ឋភាពថ្ងៃបើកសម្ពោធកាលពីថ្ងៃ២០ខែមករា និងការចែកចាយនៅលើបណ្ដាញហ្វេសប៊ុក គេកត់សម្គាល់ខ្សែភាពយន្តវ៉ៃតប់របស់ខ្មែរក្រោមចំណងជើងថារឿង «Jailbreak» ឬ «ការពារឧក្រិដ្ឋជន» បានក្លាយជាភាពយន្តដំបូងគេដែលត្រូវគេប្រដូចថាមានឈុតវាយតប់រស់រវើកតាំងពីដើមដល់ចប់មិនខុសពីរឿងហុងកុង រឿងហូលីវូដ។
ម្នាក់ៗ បានបង្ហោះពីការភ្ញាក់ផ្អើលចំពោះគុណភាពរឿងនេះ ដោយអ្នកបានទស្សនាក្នុងពិធីបើកសម្ពោធស្ទើរមិនជឿថានេះជារឿងរបស់ខ្មែរនោះផង ដោយសារតែក្បាច់វាយប្រហារគឺរស់រវើកមិនធ្លាប់មាន។ ភាពយន្តនេះត្រូវបានប្រកាសថាចំណាយដើមទុនជាង៣០ម៉ឺនដុល្លារ ដោយមានតារាសម្ដែងបរទេសដូចជាជនជាតិបារាំង អាមេរិក និងអង់គ្លេសចូលរួមសម្ដែងនោះផង ដើម្បីរំលេចក្បាច់គុណល្បុក្កតោរបស់ខ្មែរអោយមានការទទួលស្គាល់លើឆាកអន្តរជាតិ។
លោក Jimmy Henderson ផលិតករភាពយន្តរឿង «Jailbreak» បានអះអាងថាក្រោយពីបានផលិតរឿងនៅក្នុងប្រទេសកម្ពុជាចំនួន៥រឿង លោកមិនទាន់បានទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែលោកនៅតែបន្តជម្នះផលិតរឿងប្រភេទរស់រវើក ដើម្បីកែប្រែទស្សនៈរបស់ខ្មែរដែលចូលចិត្តមើលរឿងប្រភេទខ្មោច និងប្រភេទកំប្លែង អោយមកទទួលស្គាល់ការផលិតរឿងប្រភេទវាយតប់ដែលមានកម្រិតស្ដង់ដារពិភពលោកវិញ។
អ៊ីចឹងហើយទើបលោកផលិតរឿង «Jailbreak» ដែលសំដៅពីការវាយតប់យ៉ាងរស់រវើករវាងក្រុមប៉ូលិស និងក្រុមឧក្រិដ្ឋជនក្នុងគុកដើម្បីបង្ហាញថាតារាខ្មែរក៏មានលទ្ធភាពសម្ដែងរឿងនោះ។ លោកថាខ្សែរឿងមួយនេះ ចំណាយទុនត្រឹមតែជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីសាច់រឿង និងឈុតឆាកសម្ដែង លោកបានបញ្ជាក់ថាគឺមានកម្រិតជារឿងអន្តរជាតិ ដោយសារតែលោកចំណាយទុនស្វែងរកផលិតកររបស់បរទេសឲ្យជួយដឹក ហើយក្នុងនោះលោកក៏បានចំណាយលុយយកតារាបរទេសដែលខ្លះបានសម្ដែងក្នុងរឿងវាយតប់របស់ហូលីវូដផង អោយមករួមសម្ដែង។
លោកថារឿង «Jailbreak»ជារឿងទី៥ ដែលលោកបានផលិតក្រោមការសម្ដែងដោយតារាខ្មែរ តែខុសប្លែកពីរឿងមុនៗ ដោយមានតារាខ្មែរសុទ្ធតែល្បីឈ្មោះឲ្យសម្ដែងជាមួយតារាជនជាតិបារាំង អាមេរិក ជនជាតិស្បែកខ្មៅ និងជនជាតិអង់គ្លេស។ រឿងនេះជាស្នាដៃដំបូងដែលលោកយល់ថាទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្មែរតាំងពីមិនទាន់ធ្វើពិធីសម្ពោធរឿងនោះផងដែរ។
លោកថាមួយរឿងនេះរំលេចពីក្បាច់គុណល្បុក្កតោ ដោយលោកបញ្ជាក់ថាក្នុងពេលរឿងនេះត្រូវបានយកទៅបង្ហាញលើឆាកអន្តរជាតិ នោះក្បាច់គុណរបស់ខ្មែរមួយនេះនឹងត្រូវបានគេស្គាល់កាន់តែទូលំទូលាយថែមទៀត។ លោកមានជំនឿថារឿងនេះទាក់ទាញអ្នកទស្សនាទាំងក្នុង និងក្រៅស្រុក ដោយសារតែការរំលេចឈុតឆាកវាយតប់ពីមួយឈុតទៅមួយឈុតមានភាពរស់រវើក ស្ទើរមើលមិនដឹងថាជារឿងដែលតារាខ្មែរសម្ដែង។
រឿងនេះត្រូវបានសម្រេចយកទៅបញ្ចាំងនៅក្នុងរោងកុនទំនើបនៅលើទឹកដីសហរដ្ឋអាមេរិកនៅអំឡុងខែកុម្ភៈខាងមុខ គឺបន្ទាប់ពីរឿង «Jailbreak» ត្រូវបានទម្លាក់ចេញពីបណ្ដារោងកុននៅក្នុងប្រទេសកម្ពុជា ដោយបន្ថែមពីនោះក៏ត្រូវបានផលិតករអាមេរិកផ្ដល់សិទ្ធិឲ្យចូលប្រកួតក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តពិភពលោកនៅទីនោះផងដែរនាពេលខាងមុខ។ ក្រោយការថតចប់លោកថា ខ្លួនបានយករឿងនេះទៅឆ្លងនៅអាមេរិករួចហើយ ទើបហ៊ានប្រកាសថាក្រោយបញ្ចប់ការដាក់បញ្ចាំងនៅកម្ពុជានឹងយកទៅបញ្ចាំងនៅអាមេរិក និងរំពឹងអាចចូលទីផ្សារអន្តរជាតិផ្សេងទៀត ដោយមិនពិបាក។
លោក Jimmy Henderson បានអះអាងប្រកាសថារឿងមួយនេះរហូតដល់ថ្ងៃទី៣១មករា ទើបសម្រេចចិត្តលក់សំបុត្រដាក់បញ្ចាំង ប៉ុន្តែពីលោកដឹងថានៅក្នុងប្រទេសកម្ពុជានឹងមានការទន្ទឹងចង់ទស្សនារឿងនេះ ដោយសារតែភាពរស់រវើករបស់តារាសម្ដែងគ្មាន២តាំងពីដើមដល់ចប់។ លោកថាមានហេតុផលមួយដែលលោកសម្រេចចិត្តធ្វើពិធីសម្ពោធដល់ទៅ១០ថ្ងៃក្រោយទើបសម្រេចចិត្តលក់សំបុត្រ គឺបណ្ដាលមកពីលោកយល់ថាកៀកថ្ងៃបញ្ចាំងនឹងមានពិធីបុណ្យចូលឆ្នាំចិន និងម្យ៉ាងលោកចង់បញ្ជ្រាបមហាជនពីចម្ងាយនោះផង។
លោកថារឿងនេះ មានការចាប់អារម្មណ៍ក្នុងស្រុកខុសពីរឿងដែលលោកផលិតមុនៗ ទើបលោកក៏មានការរំពឹងយ៉ាងខ្ពស់ថា រឿង «Jailbreak» នឹងទទួលជោគជ័យទីផ្សារក្នុងស្រុក ហើយក៏នឹងទទួលជោគជ័យនៅទីផ្សារបរទេសបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពយន្តខ្មែរ និងក្បាច់គុណខ្មែរអោយអន្តរជាតិទទួលស្គាល់៕