ភរិយា៖ ណូយ វ៉ាន់ណេត ចូលសាងផ្នួសមិនមែនគេចពីបំណុល

លោក ណូយ វ៉ាន់ណេត ចូលសាងផ្នួស (ហ្វេសប៊ុក)

ការប្រកាសរបស់​ភរិយា​លោក ណូយ វ៉ាន់ណេត ដែល​អះអាងថា​​​​​​​​ នឹង​រីករាយ​ឲ្យ​​ស្វាមី​​​​​​​សាងផ្នួស​​ដល់​យូរ​ឆ្នាំ ឬ​​​​​​​​​មួយជីវិត បានធ្វើឲ្យមានមន្ទិលយ៉ាងខ្លាំង​​ចំពោះ​មហាជន ខណៈម្ចាស់បទ «សម្រស់បុប្ផាកំពង់ធំ» រូបនេះ ដែល​​ធ្លាប់មានរឿងអាស្រូវ​នឹង​បំណុល​​​​​​​​​​​ខ្យល់មួយកាលពីពេលកន្លងទៅ ​ស្រាប់តែ​មក​បួសដោយមិនកំណត់​​​ពេលសឹក។ យ៉ាងណាមិញ ឆ្លើយ​តប​នឹង​​​​បញ្ហា​នេះ ភរិយា​​របស់លោក​បានបដិសេធ​ និង​​ថាការសាងផ្នួសនេះ ​​​មិនមានរយៈពេល​យូរ​ទេ។

​​​ក្នុង​បទសម្ភាស​ន៍ជាមួយ ​​VOD ក្រោយពីស្វាមីខ្លួន​​​​​បាន​កោរ​សក់សាង​​ផ្នួស អ្នកស្រី ​សោម ម៉ានី និយាយ​​ថា​ លោក ណូយ វ៉ាន់ណេត បានសម្រេច​ចិត្ត​បួស​កាលពី​ព្រឹកថ្ងៃទី​​១ខែកុម្ភៈម្សិលមិញ នៅ​វត្ត​គល់ទទឹង​​ ​​​​​​​​ភូមិកោះក្របី (សង្កាត់ច្បារ​អំពៅ​)​​​ ពិតប្រាក​ដមែន។ ប៉ុន្តែ មិនមែន​ដើម្បី​គេច​បំណុល ឬ​​មាន​រឿងអាក្រក់ណា​ ដូចការលើកឡើងរបស់ពលរដ្ឋមួយចំនួននោះទេ។ ​អ្នកស្រីថា ​​លោក ណូយ វ៉ាន់ណេត បួសគឺ​ដើម្បី​លា​បំណន់ ​និងគ្មានជាប់ពាក់ព័ន្ធរឿង​​​​​ខូច​ចិត្ត​​ចាញ់​ល្បែង ឬ​​​​​​មានរឿង​​​​មិនសប្បាយនោះទេ។ ​​

អ្នកស្រី​ថា ​អ្នកស្រី មិនខឹង​នឹង​ការ​លើកឡើង​​ទាំង​ប៉ុន្មាន​​នោះទេ ដោយសារតែ​ភាពជាក់ស្ដែងគឺ​ពេល​​​​​​តារា​​​​​ម្នាក់សម្រេច​ចិត្ត​បួស​​ហើយ​មិនកំណត់​​ថ្ងៃ​សិក ​​​​រមែងតែមាន​​​អ្នកនេះ ​​​​​យល់​ថា ​បណ្ដាល​មកពី​បែបនេះ​ឬ​បែបនោះ ទើប​​​​​​​សម្រេចចិត្ត​​លា​ឈប់​​​​​​​​​ពីការងារ​ប្រចាំ​ថ្ងៃ​របស់ខ្លួន។ ​​អ្នកស្រីថា ​ស្វាមី​​​​​​​​​សម្រេច​ចិត្ត​បួស​​​​​ជា​ថ្នូរ​នឹង​ការ​ជាប់​បំណន់​ជាមួយ​ខ្មោច​ម្ដាយ ដែលលោកបានសន្យា​តាំង​ពី​​​​​ម្ដាយ​ក្មេកអ្នកស្រី​​​នៅមាន​ជីវិត​ម្ល៉េះ ប៉ុន្តែចេះតែ​បាន​លើកពេលមួយឆ្នាំ​​ទៅ​មួយ​ឆ្នាំ ​​​​រហូត​មកទល់​នឹង​​ម្ដាយ​​​​​​​​​របស់​លោក​ទទួល​មរណភាព​​​៧ឆ្នាំទៅ​ហើយ។​​​

អ្នកស្រី ​សោម ម៉ានី បន្តថា​លោក ណូយ វ៉ាន់ណេត​ តែ​ង​មាន​​​​សតិអារម្មណ៍​ក្រោយ​ជាប់​សន្យា ហើយ​ដោយសារមិន​ចង់​​​បន្ត​​​​​​ជាប់មាត់​ជាប់ករ ទើប​សម្រេច​ផ្អាក​​​ចោល​ការងារ​គ្រប់​ផ្នែក មិន​ថា​​​សិល្បៈ និង​បន្ទុកគ្រួសារ​ ហើយ​​​​​​រត់ទៅ​បួស​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​លា​បំណន់។

អ្នកស្រី​​​​និយាយថា​៖ «​គាត់​បួស ​នឹង​គឺ​លា​បំណន់​សុទ្ធ​សាធ អន់​មាន​​​រឿង​បំណុល ឬ​​​​ខូចចិត្ត​​​ខូច​ថ្លើមអីទេ ឬ​ពិបា​ក​ចិត្តអី ​ក៏អត់មានដែរ ​​ហើយ​បើគាត់​មាន​​​បញ្ហា​អីរ​ត់ទៅ​បួស ​គាត់មិ​នអាច​ទៅ​បួស​ចឹង​ទេ ​ហើយាត់បួស​នឹង​តែ​​​១៥​ថ្ងៃ​ហ្នឹង គឺ​​​អត់​លើស​ហ្នឹង​ទេ បើទោះជា​ខ្ញុំថា ​​​បាន​បានលើស​ហ្នឹង ឬ​​បាន​​ដល់​​មួយជីវិត​​​​​​រឹតតែ​ល្អ​ក៏ដោយ​ និយាយ​ទៅ​គាត់​​បួស​​គ្រាន់តែ​ចង់​​លា​មាត់​​ទេ»។

អ្នកស្រី​ថា ​​​​​លោក ណូយ វ៉ាន់ណេត ជា​មេ​គ្រួសារតែ​​​បើ​​លោក​​សម្រេច​ចិត្ត​បួស​យូរ​ឆ្នាំ ឬ​​​មួយជិវិតគឺ​ចំណូល​​គ្រួសារ​អត់​​ប៉ះ​ពាល់​ទេ ​​ដោយសារតែ​​មុន​លោក​បួស គឺ​អ្នកស្រី​បាន​​​រៀបជើង​ព្រួល​​​​​ពាក់ព័ន្ធ​នឹងមុខជំនួញ និង​និរន្តរភាព​នៃ​ប្រាក់ចំណូលរបស់​​គ្រួសារ​រួចហើយ។ អ្នកស្រី​ថា ​ខ្លួន​មាន​​​​​​​​​ហាង​នាំ​ចូល​អាហារ​បំប៉ន​ និង​មាន​ផ្ទះជួល​មួយកន្លែង ​ទើប​​​​​​​​​អវត្តមានរបស់​ ​​​​​​​​លោក ណូយ វ៉ាន់ណេត ​ក្រោយ​ពេល​ចូល​បួស​ មិនជះ​​ឥទ្ធិពលចំពោះ​គ្រួសារ។ ​អ៊ីចឹង​ហើយ ទើបអ្នកស្រី​​បើក​ផ្លូវ​​​ឲ្យ​លោក​បួស​​​លើស​​​១៥​ថ្ងៃ​​​​​​​ ​​​​ឬ​ដល់​​​​មួយជីវិត​​ចង់សឹ​កក៏​​បាន។

អ្នកនាង​និយាយថា៖ ​«​​​បើគាត់​​បួស​​​រហូត ​ក៏អត់​ប៉ះ​ពាល់គ្រួសារ​អីដែរ ព្រោះ​ហាង​​​​លក់​អាហារ​បំប៉ន​ខ្ញុំ និង​កូនមើលខុស​ត្រូវ​បាន​ហើយ​ ព្រោះ​រាល់​ថ្ងៃ​​ចំណូល​គាត់​ច្រៀង​ហ្នឹង​​អត់​សំខាន់ដូច​មុនទេ ចឹង​បាន​​ខ្ញុំថា​បើគាត់ជ្រះថ្លា​នឹង​​​​​​​ការ​បួស​​​​​​​​​​​ហ្នឹង​ គឺ​​ខ្ញុំ​សប្បាយចិត្ត​ ហើយបើគាត់​សឹក​​​១៥ថ្ងៃ​ក្រោយ​ក៏​​​​តាមចិត្ត​គាត់ ​អ្វីៗ​​សម្រេច​លើគាត់!»។

អ្នកស្រី ​សោម ម៉ានី បន្តថា​​​​​រាល់​​ថ្ងៃ​អ្នកស្រី និង​លោក ណូយ វ៉ាន់ណេត មាន​ផ្ទះ​វីឡាមួយ​នៅ​​​ទល់​មុខ​​វត្ត​និរោធ​ជួល​បាន​មួយខែ​​​​៣ពាន់​ដុល្លារ ​អ៊ីចឹង​ហើយទើប​អ្នកស្រី​បញ្ជាក់ថា​​​​​​​ការងារ​ហ្នឹង​គឺ​លោក​សម្រេច​យ៉ាង​ម៉េច គ្រួសារ​​​​សប្បាយចិត្ត។ ​​យ៉ាងណាមិញ​​ អ្នកស្រី​ថា​លោក​ ណូយ វ៉ាន់ណេត ​អត់បួស​​លើ​កំណត់​នោះទេ ​ដោយ​លោក​បាន​ប្រាប់​​​​​​អ្នកស្រី​ថានឹង​​បួស​តែ​​​​១​៥ថ្ងៃ ឬ​​​​​​២​សប្ដាហ៍ ដោយ​រាប់ពី​ថ្ងៃ​ទី​​១ខែកុម្ភៈ​​​នឹង​សឹកវិញ ​​ដើម្បីបន្ត​ការងារ​​ទាំង​សិល្បៈ និង​ការងារ​​​គ្រប់គ្រង​កូនចៅ​​ដូច​ដើម។ ​​​

អ្នកស្រី​និយាយថា៖ ​​«​​ខ្ញុំនិ​ង​កូន​ៗឲ្យ​គាត់​បួស​តាមចិត្ត តែ​គាត់​​និយាយ​ហើយ​ថា​ ​​គាត់បួស​តែ​​​​​​​​២​អាទិត្យទេ ​​​​​ចឹង​​​ខ្ញុំ​ក៏អត់​​បង្ខំចិត្ត​​គាត់​ដែរ!»។ ​

អ្នកស្រី​ថា ​​លោក ណូយ វ៉ាន់ណេត ​មិន​​​​ទទួល​​ទូរសព្ទ​​អំឡុង​ពេល​បួស ​ដោយ​​​​អ្នកស្រី​​ក៏​នឹង​ជម្រាប​​​​​​​ស្វាមីតែ​កិច្ច​ការណា​ដែលត្រូវ​ជម្រាប​រាល់ការ​ខល​ចូល ​ដើម្បីកុំឲ្យ​​​​លោក​​​គិត​ច្រើន។

អ្នកស្រីថា​​៖ «​​​​​​​​​​លោក (ព្រះ​សង្ឃ) អត់មាន​ហាម​​គាត់​​មិនឲ្យកាន់ទូរសព្ទ​ទេ តែ​គាត់​​​​​ចង់ស្ងប់ចិត្ត ចឹង​​បើ​រឿង​​​ណា​​​​ខ្ញុំដោះស្រាយ​បានខ្ញុំដោះស្រាយ ​ហើយ​បើ​រឿង​ណា​​​​​ទាល់តែ​គាត់ ចាំ​​គាត់​សឹកបាន​អោយដឹង!»។

អ្នកស្រី​ថា ក្នុងថ្ងៃ​​លោក ណូយ វ៉ាន់ណេត បួស​លា​បំណន់ ​​កូន​ប្រុសទី​២​របស់ខ្លួន​​ឈ្មោះ ​ណេត ​វណ្ណនាថ ​​​​​​​អាយុជាង​២០ឆ្នាំ ​​ក៏​​បាន​​បួស​​​​​​​​ដែរ ដោយ​ស្វាមី និង​កូនប្រុស​​នឹង​​​​​​សឹក​ទន្ទឹមគ្នា​នៅ​​​​​​​​​​​​​​​​​​​គម្រប់​​​​​១៥​ថ្ងៃ​​​​​​​​​​​​​​​​​​​​​​ បើទោះជា​​លោក ណូយ វ៉ាន់ណេត អាច​​នឹង​មានការ​ប្រែ​ប្រួល​​​បើ​​លោក​សប្បាយចិត្ត​ហើយចង់បួស​​ត​​​​លើសពី​ថ្ងៃកំណត់​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ