សមត្ថកិច្ចបានចុះត្រួតពិនិត្យឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយរកឃើញថា ទំនិញច្រើនមុខដែលនាំចូលពីប្រទេសថៃមិនបានបង់ពន្ធ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយកាលពីម្សិលមិញថា កំលាំងគយប្រចាំច្រកតំបន់អូររំដួល រួមសហការជាមួយនឹងកំលាំងគយចល័តនិងនាយកដ្ឋានបង្កាបង្ក្រាបបទល្មើស រឹបអូសទំនិញទាំងនេះ បន្ទាប់ពីរកឃើញថា គេចពន្ធ ហើយត្រូវបានគេដឹកយកមកលាក់ទុកនៅក្នុងឃ្លាំងស្តុកទំនិញមួយកន្លែង។
សមត្ថកិច្ចរកឃើញថា កាបូបយួរដៃសំរាប់ស្ដ្រីចំនួន១៩៨៨គីឡូក្រាម កាបូបស្ពាយរបស់ស្ត្រីចំនួន ២៨៥គីឡូក្រាម និងខ្សែក្រវ៉ាត់ចំនួន២៤០ខ្សែស្មើនឹងទម្ងន់២៤ គីឡូក្រាម។ សមត្ថកិច្ចបញ្ជាក់ថា មុខទំនិញទាំងនោះសុទ្ធតែគ្មានពន្ធនាំចូលទាំងអស់។
បន្ទាប់ពីសង្គេតឃើញថា ទំនិញទាំងអស់នោះសុទ្ធតែអត់ពន្ធ ដូច្នេះទើបមន្ត្រីគយបានសម្រេចឃាត់ទំនិញទាំងអស់នោះយកទៅរក្សាទុកនៅទីស្នាក់ការគយនិងរដ្ឋាករច្រកអូររំដួល ដែលស្ថិតនៅភូមិអូរ ឃុំពេជ្រចន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងជាបណ្តោះអាសន្ន៕