តុលាការ​កោះ​ហៅ​ លោក អំ សំអាត ដោយសង្ស័យ​ប្រើ​ហិង្សា​តាម​បណ្តឹង​របស់​សន្តិសុខ​ខណ្ឌ

លោក អំ សំអាត ត្រូវសន្តិសុខ​ខណ្ឌ​ដូនពេញវាយ

តុលាការ​កោះ​ហៅ​ប្រធាន​ផ្នែក​ស៊ើប​អង្កេតអង្គការ​លីកាដូលោក អំ សំអាត និង​តំណាង​សហគមន៍​បឹ​ង​កក់​លោក ច័ន្ទ​ ពុទ្ធិ​ស័ក ឲ្យ​ឆ្លើយ​បំភ្លឺ​តា​ម​បណ្តឹង​របស់​សន្តិសុខ​ខណ្ឌ​ដូនពេញ២នាក់ ពាក់​ព័ន្ធ​នឹង​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៦ ខណៈដែលពាក្យ​បណ្តឹង​របស់​លោក អំ សំអាត និង​លោកពុទ្ធិស័ក​មិន​​​ទាន់មានចំណាត់ការ​ពី​តុលាការ​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី៧ កុម្ភៈ អង្គការលីការ​ដូបាន​ឲ្យ​ដឹង​ថា​តុលាការ​រាជធានីភ្នំពេញបាន​កោះ​ហៅមន្ត្រី​របស់​ខ្លួន​លោក​ អំ សំអាត និងតំណាង​សហគមន៍​បឹង​កក់ ​លោក​ ច័ន្ទ ពុទ្ធិស័ក ឲ្យ​ចូលខ្លួន​​បំភ្លឺ​ចំពោះ​​មុខ​ព្រះ​រាជអាជ្ញាលោក ងិន ពេជ នៅ​រសៀល​ថ្ងៃ​ទី៨ កុម្ភៈ​ ស្អែក​ តាម​បណ្តឹង​របស់​សន្តិសុខខណ្ឌ​ដូន​ពេញ​​​ពីរនាក់ឈ្មោះ សំ​ សុធារ៉ា និង​ តែត​ ចន្ធូ ដែល​បាន​ប្តឹងចោទ​ថា មន្រ្តីសិទ្ធិមនុស្សនិងសកម្មជនដីធ្លី​ប្រើ​ប្រាស់​ហិង្សាលើ​ពួក​គេ​​​នៅពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ឋាន​កាលពី​ខែ​តុលាឆ្នាំមុន។

នាយក​អង្គការ​លី​កាដូ លោក ថាវ គឹមសាន បាន​ឲ្យ​វីអូ​ឌី​ដឹងនៅ​រសៀល​នេះ​ថា ការ​កោះ​ហៅ​របស់​តុលា​ការ​​​នេះ​វាជា​ភាព​លំអៀង​មួយ ខណៈដែល​មន្ត្រី​របស់​លោក និង​សកម្មជន​បឹង​កក់​ គឺ​ជា​អ្នក​ទទួល​រង​គ្រោះ​​​​​ពិត​ប្រាកដ​ពី​ហិង្សា​នោះ​ នឹង​បាន​ដាក់​ពាក្យ​បណ្តឹងដែរ​នោះ​ រហូត​មក​ដល់​​​ពេល​នេះ​មិន​មាន​ដំណឹង​ពី​ចំណាត់​ការពីតុលាការ​​នោះ​ទេ។

លោក​ថា៖ «ពីព្រោះ​ថា​លោ​ក អំ សំអាត ក៏​ដូច​ជា​លោក ​ច័ន្ទ ពុទ្ធិស័ក្ត ​ហ្នឹង​ គាត់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹងភ្លាម​ៗ​បន្ទាប់ពី​មាន​អំពើ​ហិង្សា​ប្រព្រឹត្តិ​មក​លើ​គាត់​នៅពេ​លដែលគាត់​មាន​របួស​ហ្នឹង​អញ្ចឹង​គាត់​ទៅ​ដាក់ភ្លា​មៗនៅប៉ុស្តិ​នគរ​បាល​ជ័យ​ជំនៈ យើង​អត់​បាន​ដឹង​ថា​សន្តិសុខ​ហ្នឹង​គាត់​ដាក់ពាក្យ​បណ្តឹង​តាំង​ពី​ពេល​ណា​ឲ្យ​បាន​ច្បាស់​លាស់​ទេ ទំនង​ជា​នៅ​ថ្ងៃ​តែ​មួយ​បើ​តាម​ខ្ញុំ​ឮ វា​បែប​ជា​ពាក្យ​បណ្តឹង​របស់​លោក អំ សំ​អាត​ និង​លោក​ ច័ន្ទ​ ពុទ្ធិ​ស័ក្ក​ហ្នឹ​ងមិន​បាន​ទៅ​ដល់​ដៃ​ព្រះ​រាជអាជ្ញា ហើយ​ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​ពី​រដែល​ជា​ជន​រងគ្រោះ​ត្រូវ​តុលាការ​ចេញ​ដីការ​កោះ​ដើម្បី​សាក​សួរនៅ​ថ្ងៃ​ស្អែក។ នេះ​ជា​ចំណុច​ដែល​មើល​ទៅ​អ្នក​ណា​ក៏​អាច​អៈអាង​ថា​ជា​ការ​លំអៀង​ដែរ»។

លោក គឹម សាន ​ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថាលោក ​អំ សំអាត និង​លោក ពុទ្ធិស័ក នឹង​ចូល​ខ្លួន​តាម​​ការ​កោះ​ហៅនោះ​។ ទោះ​​ជា​យ៉ាង​ណា​លោកសង្ឃឹម​ថា​ តុលាការ​នឹង​ពិចារណា​ពី​បញ្ចប់​សំណុំ​រឿង​នេះ​បន្ទាប់​ពី​សាក​សួរ​មន្ត្រី​របស់​ខ្លួន និង​សកម្ម​ជន​សិទ្ធិ​ដីធ្លី​នៅ​ថ្ងៃ​ស្អែក​នេះ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពីព្រឹកថ្ងៃ​ទី​១០ តុលា​ ឆ្នាំ​២០១៦ ក្នុងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ក្រុម​សហគ​មន៍​ដីធ្លី​ដែល​រងការបណ្តេញចេញ ដែលមានមនុស្សប្រមាណជាង៣០០នាក់ បានចូលរួម​ដើរក្បួន​ពីដីក្រហម​ឆ្ពោះទៅ​កាន់ទីលានប្រជាធិបតេយ្យដើម្បីអបអរសារទរទិវានេះ។ ខណៈដែលក្បួន​ដើរមកដល់​ជិតសាលា​ភូមិន្ទ​វិចិត្រសិល្បៈ ហៅសាលារចនា សន្តិសុខខណ្ឌដូនពេញ​ប្រមាណ៣០នាក់​បានចេញ​មកចាប់​ដណ្តើមយក​ស្គរ និងបដា ដែលក្បួនដង្ហែរបានរៀបចំ បណ្តាលឲ្យមានការប្រទាញ​ប្រទង់​គ្នារវាង​អ្នកដើរក្បួននិងសនិ្តសុខ។

https://youtu.be/ewJYIP5qdoQ

ខណៈដែលមានការប្រទាញប្រទង់គ្នានោះលោក ច័ន្ទ ពុទ្ធិស័ក ត្រូវបានសន្តិសុខខណ្ឌ​វាយ​ឲ្យជ្រុះ​ទូរសព្ទ​ និងវាយទៅលើរូបលោក។

មន្ត្រីសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានឃ្លាំមើលការ​ហែក្បួនក៏បានចូល​ទៅរារាំង​កុំមាន​ហិង្សា​ បែរជាត្រូវសន្តិសុខខណ្ឌងាកមកវាយលោកវិញ​បណ្តាល​ឲ្យរង​របួស​បែក​មាត់ និងហើមមុខ ហើយសន្តិសុខខណ្ឌក៏បានរាលដាលវាយទៅលើអ្នកផ្សេងទៀត ក្នុងនោះអ្នក​ថត​វីដេអូ​​វីអូឌីម្នាក់ក៏ត្រូវបានសន្តិសុខគម្រាម និងបានវាយត្រូវបន្តិចផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ