ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សំឡេងឆ្លើយឆ្លងគ្នាតាមទូរសព្ទរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានគេទម្លាយនៅលើបណ្ដាញសង្គម ដែលត្រូវបានគេមើលឃើញថា ជាចេតនាដើម្បីវាយប្រហារទៅលើក្រុមគណបក្សប្រឆាំង។ នៅក្នុងសារសំឡេងសន្ទនាតាមទូរស័ព្ទទាំងនោះ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយស្ត្រីមួយចំនួន។
មិនមែនមានតែការទម្លាយសំឡេងសន្ទនារបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងនេះនោះឡើយ ប៉ុន្តែសំឡេងសន្ទនាស្នេហាដ៏ចម្រូងចម្រាស់របស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ក៏ត្រូវបានទម្លាយផងដែរកាលពីឆ្នាំមុន។
ក្រៅពីក្រុមមេដឹកនាំបក្សប្រឆាំង សារសន្ទនាឆ្លើយឆ្លងរវាងបុរសម្នាក់ហៅខ្លួនឯងថា “តា” និងនារីម្នាក់ហៅខ្លួនឯងថា “ចៅ” ក៏ត្រូវបានគេទម្លាយផងដែរ ដែលសារសន្ទនាទាំងនោះ ត្រូវបានគេវាយតម្លៃថា ជាសារឆ្លើយឆ្លងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា។
ការទម្លាយសំឡេងសន្ទនាតាមទូរស័ព្ទរបស់ក្រុមមេដឹកនាំបក្សប្រឆាំង និងសារឆ្លើយឆ្លងរវាង “តា” និង “ចៅ” ត្រូវបានគេចាត់ទុកថាជាការវាយប្រហារគ្នាទៅវិញទៅមក រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលសុទ្ធតែមានអាសន្ននៅក្នុងសភា។ ការវាយប្រហារគ្នាទៅវិញទៅមករវាងគណបក្សនយោបាយទាំងពីរនេះ ត្រូវបានគេមើលឃើញថា បានហែកហួរតែរឿងផ្ទាល់ខ្លួន ឬបញ្ហាបុគ្គលតែប៉ុណ្ណោះ។
ក្រុមអ្នកវិភាគនយោបាយកម្ពុជា បានចាត់ទុកការប្រកួតប្រជែងបែបនេះរបស់គណបក្សទាំងពីរ ជាល្បិចនយោបាយកខ្វក់ ដែលមិនសាកសមនៅក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។ ល្បិចកខ្វក់នៅក្នុងនយោបាយ ត្រូវបានពន្យល់នៅក្នុងវចនានុក្រមភាសាអង់គ្លេសថា ជាយុទ្ធនាការខុសច្បាប់ គ្មានសីលធម៌ និងមិនស្មោះត្រង់ ដែលត្រូវបានគេរៀបចំឡើងដើម្បីរំខាន ឬបំផ្លាញយុទ្ធនាការរបស់គូប្រជែង។
ដោយផ្អែកតាមនិយ័មន័យបែបនេះ អ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គម លោក គឹម សុខ បានសង្កេតឃើញថា អ្នកនយោបាយកម្ពុជា មិនថាគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងនោះឡើយ បានប្រើប្រាស់ល្បិចនយោបាយកខ្វក់ ដើម្បីយកឈ្នះគ្នាទៅវិញទៅមក។
ដោយគិតចាប់ពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក អ្នកឃ្លាំងមើលបញ្ហាសង្គមរូបនេះ បានមើលឃើញថា ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច ប្រឌិត និងពង្រីកសាច់រឿងមួយចំនួន និងចោទប្រកាន់គ្នាទៅវិញទៅមក។
សម្រាប់ទិដ្ឋភាពនយោបាយនាពេលសព្វថ្ងៃនេះ លោក គឹម សុខ យល់ថា អ្នកនយោបាយកម្ពុជាបានព្យាយាមពង្រីកបញ្ហាជាជាងព្យាយាមដោះស្រាយបញ្ហា ហើយបញ្ហាផលប្រយោជន៍ប្រទេសជាតិ ត្រូវបានគេទុកចោលទៅវិញ។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានលើកឡើងថា ល្បិចកខ្វក់នៅក្នុងនយោបាយ គឺជារឿងចាស់គំរិលទៅហើយ ហើយវាច្រើនកើតឡើងនៅក្នុងសង្គមដែលមិនមានប្រជាធិបតេយ្យពិតប្រាកដ ឬសង្គមដែលប្រជាពលរដ្ឋខ្វះការយល់ដឹងស៊ីជម្រៅក្នុងការតាមដានអ្នកនយោបាយ។
ដោយផ្អែកទៅតាមការសិក្សារបស់លោក សាស្ត្រាចារ្យរូបនេះជឿជាក់ថា នៅក្នុងប្រទេសអភិវឌ្ឍន៍មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ អ្នកនយោបាយបោះបង់ចោលល្បិចនយោបាយស្មោគគ្រោកចោលទៅហើយ ហើយពួកគេប្រកួតប្រជែងគ្នាតាមរយៈការបញ្ចេញគោលនយោបាយសម្រាប់ដឹកនាំប្រទេស។
សម្រាប់អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ឯណោះវិញ យល់ថា ការប្រកួតប្រជែងគ្នានៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គណបក្សនយោបាយនីមួយៗ តែងតែចង់យកប្រៀបលើគូប្រកួតរបស់ខ្លួន ប៉ុន្តែ ពួកគេមិនប្រើប្រាស់ល្បិចនយោបាយស្មោគគ្រោក ដែលបន្សល់ទុកគំរូអាក្រក់ដល់អ្នកនយោបាយជំនាន់ក្រោយនោះឡើយ។
សម្រាប់ទិដ្ឋភាពនយោបាយនៅក្នុងប្រទេសកម្ពុជា អ្នកវិភាគរូបនេះលើកឡើងថា ពលរដ្ឋអាចមើលឃើញ និងយល់ពីទង្វើរបស់គណបក្សនយោបាយទាំងពីរ ហើយនឹងវិនិច្ឆ័យថា តើនោះគឺជាល្បិចនយោបាយកខ្វក់ ឬយ៉ាងណា។
ដោយមើលលើដំណើរវិវត្តន៍នៃទិដ្ឋភាពនយោបាយកម្ពុជានាពេលបច្ចុប្បន្ននេះ លោក មាស នី យល់ថា អ្នកនយោបាយខ្មែរបានបាត់បង់នូវគុណតម្លៃ ហើយរដ្ឋាភិបាលកម្ពុជា បានបាត់បង់អត្តសញ្ញាណរបស់ខ្លួន ក្នុងនាមជាស្ថាប័នសាធារណៈដ៏ជាទីទុកចិត្តរបស់ប្រជាពលរដ្ឋទូទៅ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយកម្ពុជាទាំង ៣រូបនេះ សុទ្ធតែយល់ថា ល្បិចនយោបាយកខ្វក់ដែលគណបក្សនយោបាយកម្ពុជាប្រើប្រាស់សម្រាប់វាយប្រហារគ្នាទៅវិញទៅមក ប៉ះពាល់យ៉ាងខ្លាំងទៅដល់ស្មារតីឯកភាពជាតិទាំងមូល ខណៈប្រទេសកម្ពុជាបានឆ្លងកាត់ការបាក់បែកនយោបាយ និងសង្គម អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ជុំវិញការកសាងឯកភាពជាតិនេះ លោក សូ ចន្ថា បានបញ្ជាក់ថា នៅពេលណាអ្នកនយោបាយកម្ពុជានៅតែបន្តប្រើប្រាស់ល្បិចស្មោគគ្រោកដើម្បីតែជ័យជម្នះក្រុមខ្លួននោះ សង្គមកម្ពុជានឹងត្រូវបែកបាក់ ឬបែងចែកទៅតាមក្រុម ឬបក្ខពួក។
ក្រៅពីសង្គមជាតិបែកបាក់ លោក សូ ចន្ថា បានព្រមានថា ប្រជាពលរដ្ឋនឹងបាត់បង់ទំនុកចិត្តទៅលើអ្នកនយោបាយ ហើយស្ថាប័នសាធារណរបស់រដ្ឋ នឹងបាត់បង់ឧត្ដមភាពនៅចំពោះមុខប្រជាជនខ្លួនឯង។
នៅក្នុងដំណើរការផ្សះផ្សារ និងបង្រួបបង្រួមជាតិ លោកបណ្ឌិត មាស នី បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បើទោះបីកើតចេញពីគណបក្សនយោបាយក៏ដោយ ពួកគេមានតួនាទីសំខាន់ជាងគេ ដើម្បីធានាថា សង្គមទាំងមូលមានឯកភាពជាតិ។ លោកសង្កត់ធ្ងន់ថា អ្នកនយោបាយណាម្នាក់ដែលអាចសម្រេចបាននូវដំណើរការឯកភាព ប្រជាជនកម្ពុជានឹងលើកដំឡើងអ្នកនយោបាយរូបនោះជាវីរជនរបស់ជាតិ៕