បន្ទាប់ពីការចុះផ្សាយថាតារាចម្រៀង សុគន្ធ និសា មានជាប់ពាក់ព័ន្ធនឹងការផ្ចុងផ្ដើមរបស់លោក ម៉ា សេរី នៅមុនពេលស្លាប់ លោក សុខ ជំនោ ដែលជាសាក្សីសំខាន់បានអះអាងថា តារាចម្រៀងដែលធ្លាប់ជាអតីតគូស្នេហ៍របស់ខ្លួនមួយនេះ ពិតជាបានជំពាក់គុណលោក ម៉ា សេរី ប្រាកដមែន។
លោកបានហៅអាជីពសិល្បៈរបស់នាងថាជាការចាប់កំណើតពីលោក ម៉ា សេរី នោះផង។
មានការភ្ញាក់ផ្អើលគួរសមបន្ទាប់ពីលោកលោក ម៉ា សេរី ដែលជាអ្នកអត្ថាធិប្បាយកីឡាករល្បីឈ្មោះប្រចាំទូរទស្សន៍ CTN ត្រូវបានស្លាប់កាលពីព្រឹកថ្ងៃទី៨ កុម្ភៈ វេលាម៉ោង៥និង៤៥នាទីព្រឹក ក្នុងវ័យ៥៨ឆ្នាំ ហើយត្រូវបានប្រកាសថាលោកគឺជាអ្នកមានគុណរបស់ សុគន្ធ និសា មុនពេលតារាស្រីរូបនេះក្លាយជាតារាល្បីឈ្មោះ។
សពរបស់លោកត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅម្ដុំផ្សារហេងលី ដោយមានវត្តមានអ្នកអត្ថាធិប្បាយកីឡានិងកូនចៅរបស់លោកមួយចំនួនចូលរួម។
លោកត្រូវគេស្គាល់ថាមានស្នាដៃច្រើនតែក្នុងវិស័យប្រដាល់ប៉ុណ្ណោះ ទើបអ្នកណាៗភ្ញាក់ផ្អើលនៅពេលមានការទម្លាយថាលោកក៏មានស្នាដៃច្រើនក្នុងវិស័យសិល្បៈនិងជាអ្នកមានគុណដ៏សំខាន់របស់តារាចម្រៀង សុគន្ធ និសា ដែលជាតារាល្បីនោះ។
លោក សុខ ជំនោ ជាផលិករនិងជាអតីតអ្នកដឹកនាំសម្ដែងនៅផលិតកម្មរស្មីស្ទឹងសង្កែ បានអះអាងថាអំឡុងឆ្នាំ២០០៣ សុគន្ធ និសា គ្រាន់តែជាអ្នកចម្រៀងថ្មីនៅក្នុងផលិតកម្មនោះប៉ុណ្ណោះ ដោយលោក ម៉ា សេរី គឺជាអ្នកសរសរបទចម្រៀងបកប្រែពីថៃអោយតារាចម្រៀងច្រៀងអោយផលិតកម្មរស្មីស្ទឹងសង្កែ។
លោកថានៅក្នុងពេលនោះ ផលិតកម្មរស្មីស្ទឹងសង្កែបានសហការផលិតបទចម្រៀងសម្រាប់ដាក់ក្នុងរឿងភាគថៃ ដោយលោក ម៉ា សេរី ជាអតីតបុគ្គលិកនៅប៉ុស្ដិ៍លេខ៥ ហើយចេះថៃស្ទាត់ផង ទើបលោកបានក្លាយជាអ្នកនិពន្ធចម្រៀងនៅក្នុងពេលនោះ។
លោកថាបទចម្រៀងដែលនិពន្ធដោយផ្ទាល់របស់លោក ម៉ា សេរី បានជួយអោយតារាចម្រៀងជាច្រើនល្បីឈ្មោះដូចជាបទ «រនោចខែប្រាំង» និង «ទឹកភ្នែកជនពាល» របស់លោក ឈឿន ឧត្តម និងបទជាច្រើនទៀតដែលច្រៀងដោយតារាចម្រៀងអ្នកនាង ជិន សេរីយ៉ា និងតារាមួយចំនួនទៀត។
យ៉ាងណាមិញ លោកចាត់ទុកលោក ម៉ា សេរី ជាអ្នកមានគុណរបស់តារាចម្រៀង សុគន្ធ និសា តែម្នាក់ដោយសារតែបទដំបូងរបស់នាងនៅផលិតកម្មរស្មីស្ទឹងសង្កែ គឺជាការនិពន្ធរបស់លោក ហើយបទនោះបានជួយអោយនាងល្បីឈ្មោនោះ មានគេស្គាល់ច្រើនតែម្ដងនៅក្នុងវិស័យចម្រៀង។
លោកថាលោក ម៉ា សេរី បាននិពន្ធបទដំបងមានចំណងជើងថា «អរគុណភាពក្រ» អោយនាងបកស្រាយហើយបទនោះបានក្លាយជាបទពេញនិយមនៅអំឡុងខែតុលាក្នុងឆ្នាំ២០០៣។
លោកថាបទនោះត្រូវបានប៉ុស្ដិ៍លេខ៥ចាក់ផ្សាយក្នុងរឿងភាគថៃ ហើយជាបទល្បីនៅក្នុងវិទ្យុប៉ុស្ដិ៍៩៨ និងបណ្ដាវិទ្យុច្រើនទៀត។
លោកចាត់ទុកបទនោះជាការបើកឆាកអោយតារាចម្រៀង សុគន្ធ និសា មានការទទួលស្គាល់ ដោយលោកក៏ទើបតែបានស្គាល់នាងក្រោយល្បីបទនោះផងដែរ។
លោកនិយាយថា៖ «ពេល និសា ចូលច្រៀងដំបូងគាត់ច្រៀងបទ «អរគុណភាពក្រ» ហ្នឹងហើយដោយសារបទហ្នឹងល្បី បានគេអោយខ្ញុំធ្វើបទយុវវ័យអោយគាត់បន្តបន្ទាប់!»។
លោកថាបទបន្តបន្ទាប់របស់លោក ម៉ា សេរី ដែលបាននិពន្ធអោយ សុគន្ធ និសា ក៏មានការទទួលស្គាល់ច្រើនដែរដោយគ្រាន់តែល្បីកក្រើកចាញ់បទ «អរគុណភាពក្រ» ដែលជាបទបើកឆាករបស់នាង។ លោកថា សុគន្ធ និសា ជំពាក់គុណធំមួយរបស់លោក ម៉ា សេរី ហើយក្រោយទទួលមរណភាពរបស់អ្នកជំនាញកីឡាមួយនេះ បានធ្វើអោយលោកនឹកដល់ស្នាដៃដែលលោកបន្សល់នៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែនិងស្នាដៃដែលលោកបានជួយអោយ សុគន្ធ និសា ល្បីឈ្មោះនាពេលអតីតកាលតែម្ដង។
យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ សុគន្ធ និសា មិនអាចសុំការបញ្ជាក់ពីអារម្មណ៍ក្រោយអ្នកផ្ចុងផ្ដើមអោយនាងល្បីឈ្មោះទទួលមរណភាពនេះបានទេ៕