អ្នកវិភាគដែលទើបតែល្បីឈ្មោះ បានផ្តាំផ្ញើរថា កុំស្តាយរូបលោកបើបាត់លោកមួយរយៈឬបាត់បង់រហូត។ នេះជាការលើកឡើងរបស់ លោក គឹម សុខ នៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះតែប៉ុន្មានម៉ោង បន្ទាប់ពីលោក ហ៊ុន សែន ព្រមានចាប់ខ្លួន។
នៅលើ Facebook ផ្ទាល់ខ្លួន ដែលមិនអាចទទួលចំនួនមិត្តភក្តិបានបន្ថែមទៀតនោះ លោក គឹម សុខ សរសេរថា «ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ»។
លោកបន្តទៀតថា «តែបើបងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យ យល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»។
ក្នុងពិធីសម្ពោធស្ពាននៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានព្រមានចាប់ខ្លួន លោក គឹម សុខ ដែលនិយាយថា ករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាច។
នៅថ្ងៃរសៀលថ្ងៃដដែលនេះមេធាវីការពារក្តីនាយករដ្ឋមន្រ្តី គឺលោក គី តិច បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទថាបានញុះញង់បញ្ឆេះកំហឹងមហាជន ហើយទារជំងឺចិត្ត៥០ម៉ឺនដុល្លារ៕