មានសេចក្តីរាយការណ៍ថា ស្ត្រីពីរនាក់ដែលសង្ស័យថា ជាអ្នកដាក់ថ្នាំបំពុល សម្លាប់បងប្រុសលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅព្រលានយន្តហោះក្នុងកូឡាឡាំពួរនៃប្រទេស ម៉ាឡេស៊ីនោះបានស្លាប់ដោយអាថ៌កំបាំង។
ទីភ្នាក់ងារព័ត៌មានក្យូដូ របស់ជប៉ុន បានរាយការណ៍ថា ស្ត្រីជនសង្ស័យទាំងពីរនាក់នោះ ត្រូវបានគេសម្លាប់ហើយ។ នៅក្នុងសេចក្តីសង្ខេបព័ត៌មាននោះ ក្យូដូមិនបានបញ្ជាក់លម្អិតថា អ្នកណាជាអ្នកសម្លាប់នោះទេ។
បណ្តាញព័ត៌មានកូរ៉េខាងត្បូង TV Chosun បានរាយការណ៍ថា លោក គីម ជុងណាម បងប្រុស លោក គីម ជុងអ៊ុន ត្រូវបានគេដាក់ថ្នាំបំពុល នៅព្រលានយន្តហោះកូឡាឡាំពួរ ដែលគេសង្ស័យថា ធ្វើឡើងដោយស្ត្រីជនជាតិកូរ៉េខាងជើង២នាក់។
ប្រធានការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋនៃនគរបាលម៉ាឡេស៊ីនៅរដ្ឋ Selangor លោក Fadzil Ahmat ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក គីម ជុងណាម បានហៅឲ្យគេជួយនៅព្រលានយន្តហោះកូឡាឡាំពួរ។ ដំបូងឡើយសង្គ្រោះនៅគ្លីនិក នៅក្នុងព្រលាននោះ បន្ទាប់មកមិនធូរស្រាលក៏បញ្ជូននៅក្នុងមន្ទីរពេទ្យ ប៉ុន្តែសម្លាប់តាមផ្លូវពេលដឹកនាំជញ្ជូន៕