គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសទទួលពាក្យស្នើសុំសង្កេតការណ៍បោះឆ្នោតពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងគណបក្សនយោបាយ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ កាន់តែជិតមកដល់។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី ១៥ ខែកុម្ភៈនេះបានឱ្យដឹងថា គ.ជ.ប ចាប់ផ្តើមទទួលពាក្យស្នើសុំ សង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ នេះ មានអ្នកសង្កេតការជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ។
សម្រាប់ភ្នាក់ងារគណបក្សនយោបាយ គ.ជ.ប បានប្រកាសថា គណបក្សដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន ១ រូប និងភ្នាក់ងារបម្រុង ១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗក្នុងឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត ។
គ.ជ.ប ក៏បានបន្ថែមទៀតថាការដាក់ពាក្យស្នើសុំសង្កេតការណ៍ជាតិ សំរាប់សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិបានចាប់ផ្តើមផ្តល់ និងទទួលពាក្យចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧ ។
ដោយឡែកការស្នើសុំធ្វើអ្នកសង្កេតការណ៍អន្តរជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងប្រទេសនានា ដែលមានបំណងចង់សង្កេតការណ៍បោះឆ្នោត នឹងចាប់ផ្តល់ នឹងទទួលពាក្យចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះ រហូតដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៧។
អ្នកដាក់ពាក្យស្នើសុំសង្កេតការណ៍ជាតិ និងអន្តរជាតិអាចយកពាក្យស្នើសុំនៅការិយាល័យ គ.ជ.ប ឬទាញយកពាក្យតាមគេហទំព័ររបស់គ.ជ.ប និងដាក់ពាក្យវិញនៅការិយាល័យគ.ជ.បដដែល។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ៕