អាជ្ញាធរថៃចុះត្រួតពិនិត្យនិងបង្ក្រាបដល់អាជីវករខ្មែរលក់ដូរឥវ៉ាន់នៅផ្សាររុងក្លឿជាថ្មីទៀត នៅថ្ងៃសៅរ៍ម្សិលមិញ ចំពោះអ្នកលក់ឥវ៉ាន់ក្លែងម៉ាក ឬ រំលោភកម្មសិទ្ធិបញ្ញា បណ្តាលឲ្យអាជីវករខ្មែរមានការភ័យខ្លាច និង អ្នកខ្លះរត់ចោលតូបលក់។
តាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា តូបលក់ឥវ៉ាន់របស់អាជីវករខ្មែរប្រមាណ២ទៅ៣ នៅក្នុងផ្សាររុងក្លឿ ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងទឹកដីថៃ ទល់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរចុះត្រួតពិនិត្យ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋានគឺអាជីវករខ្មែរលក់ដូរនៅទីនោះមានករភ័យខ្លាច ហើយអ្នកខ្លះរត់គេចចេញពីតូប ទោះយ៉ាងណា គេមិនបានដឹងថា ម្ចាស់តូបដែលចោទលក់ឥវ៉ាន់ក្លែងម៉ាកនោះ ត្រូវចាប់ខ្លួនឬ យ៉ាងណា។
ជាញឹកញាប់ អាជ្ញាធរថៃ តែងតែចុះបង្ក្រាប តូបលក់ឥវ៉ាន់របស់អាជីវករខ្មែរ ដោយចោទថាលក់ឥវ៉ាន់ក្លែងម៉ាក និង រំលោភកម្មសិទ្ធិបញ្ញា។ ពេលខ្លះពលរដ្ឋខ្មែរត្រូវបានចាប់ខ្លួនដោយសារករណីនេះ ហើយក៏ធ្លាប់មានផ្ទុះការតវ៉ាពីតំណាក់ពលរដ្ឋខ្មែរនៅទីនោះផងដែរ។