សាកសពជនអន្តោប្រវេសន៍ ៧៤នាក់ ដែលបានលង់ទឹកស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅពេលព្យាយាមធ្វើដំណើរទៅអឺរ៉ុបនេះ ត្រូវបានគេស្រង់បាន នៅឆ្នេរភាគខាងលិចនៃប្រទេសលីប៊ី។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីស្ថាប័នអឌ្ឍចន្ទក្រហមអន្តរជាតិ នៅថ្ងៃនេះ។
អង្គការអឌ្ឍចន្ទក្រហម បាននិយាយថា ពលរដ្ឋនៅនៅភូមិមួយ ស្ថិតនៅចម្ងាយ ៤៥គីឡូម៉ែត្រពីរដ្ឋធានីទ្រីប៉ូលី បានជូនដំណឹងទៅភ្នាក់ងារសង្គ្រោះបន្ទាន់ បន្ទាប់ពីរកឃើញបំណែកទូកបាក់បែក ស្ថិតនៅលើឆ្នេរសមុទ្រ មានទាំងសាកសពផងដែរ។
សាកសពជាច្រើនទៀត ត្រូវបានគេរកឃើញនៅកន្លែងផ្សេងទៀតនៅលើឆ្នេរសមុទ្រនោះ ហើយគេបារម្ភថា មានសាកសពជាច្រើនទៀតនៅក្នុងសមុទ្រ។
អង្គការសន្តប្រវេសន៍អន្តរជាតិ បាននិយាយថា ទូកដឹកជនអន្តោប្រវេសន៍ ត្រូវបានគេរាយការណ៍ថា បានក្រឡាប់លិចកាលពីថ្ងៃអាទិត្យកន្លងមក ដោយបណ្ដាលឲ្យមនុស្សដល់ទៅ ១០០នាក់ ស្លាប់។
អង្គការអន្តរជាតិនេះ បាននិយាយថា ប្រសិនបើជាការពិតនោះ ចំនួនជនអន្តោប្រវេសន៍ដែលស្លាប់ នឹងមានចំនួនសរុបដល់ទៅជាង ៣៦៥នាក់។
សោកនាដកម្មនេះ ត្រូវបានគេជឿថា គឺជាសោកនាដកម្មអាក្រក់បំផុត ចាប់តាំងពីមនុស្សប្រហែល ១៨០នាក់ ត្រូវបានគេវាយតម្លៃថា បានស្លាប់កាលពីថ្ងៃទី១៤ ខែមករា នៅពេលទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿង បានក្រឡាប់លិចនៅឆ្នេរសមុទ្រក្នុងប្រទេសលីប៊ី៕