ប្រទេសម៉ាឡេស៊ី បានស្នើសុំទៅប៉ូលិសអន្តរជាតិ ឲ្យតាមរកជនសង្ស័យជាជនជាតិកូរ៉េខាងជើង ៤នាក់ ដែលមានពាក់ព័ន្ធនឹងឃាតកម្មបុរសម្នាក់ ដែលត្រូវបានគេជឿថាជាលោក គីម ជុងណាម។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានដកស្រង់សម្ដីមេប៉ូលិសម៉ាឡេស៊ី លោក ខាលីដ អាប៊ូ បាការ។
បុរសជនជាតិកូរ៉េខាងជើងដែលត្រូវបានគេធ្វើឃាតនោះ បានស្លាប់នៅតាមផ្លូវ នៅពេលបញ្ជូនព្រលានយន្តហោះទីក្រុងគួឡាឡំពួរ ទៅមន្ទីរពេទ្យកាលពីសប្ដាហ៍មុន។ ករណីនេះ ត្រូវបានក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង និយាយថា ជាឃាតកម្មដែលធ្វើឡើងដោយភ្នាក់ងារសម្ងាត់របស់កូរ៉េខាងជើង។
លោក ខាលីដ ក៏បាននិយាយផងដែរ ប៉ូលិសបានបញ្ជូនសំណើជាផ្លូវការទៅស្ថានទូតកូរ៉េខាងជើងនៅម៉ាឡេស៊ី ដើម្បីសាកសួរលេខាទីពីរស្ថានទូតនេះ និងមន្ត្រីម្នាក់ទៀត ដែលបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង។
ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ីមិនបានចេញដីចាប់ខ្លួននោះឡើយ ដោយសារតែមន្ត្រីកូរ៉េខាងជើងរូបនោះ មានបុព្វសិទ្ធិផ្នែកកាទូត។
លោក ខាលីដ ថ្លែងថា គេមិនចេញដីកាចាប់ខ្លួននោះឡើយ ហើយរូបលោកនឹងអនុវត្តតាមបែបពិធីការ។ លោកបន្ថែមថា ក្រុមមន្ត្រីការបទេស មានបុព្វសិទ្ធិ ដូច្នេះ លោកនឹងអនុវត្តតាមបែបពិធីការ ដើម្បីដោះស្រាយជាមួយកិច្ចការបរទេស៕