សកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំឲ្យដឹងថា ឆ្មាំពន្ធនាគារនឹងចាត់វិធានការដកហូតវិទ្យុពីអ្នកទោសគ្រប់ប្រភេទ មិនអោយស្តាប់ព័ត៌មានទេ ដោយអ្នកជាប់ចាត់ទុកថានេះជាការផ្ទុយនឹងច្បាប់ពន្ធនាគារ។នេះបើតាមហ្វេសប៊ុកលោក មាជ សុវណ្ណរ៉ា ដែលគ្រប់គ្រងដោយជំនួយការរបស់លោក។
បើតាមប្រភពដដែលនេះ «ពួកឆ្មាំគុកព្រៃសមិនបានបញ្ជាក់ពីមូលហេតុអ្វីឲ្យច្បាស់លាស់នោះទេ» ចំពោះការដកហូតវិទ្យុនេះ។
មាត្រា៣៧នៃច្បាប់ពន្ធនាគារបានចែងថា «ជនជាប់ឃុំត្រូវបានអនុញ្ញាតិឲ្យទទួលដំណឹងនិងព័ត៌មានសំខាន់ៗតាមរយៈកម្មវិធីផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី សារព័ត៌មាន និងទំនាក់ទំនងទូរស័ព្ទជាមួយក្រុមគ្រួសារដែលរៀបចំឡើងដោយពន្ធនាគារ។ ជនជាប់ឃុំអាចអនុញ្ញាតិឲចូលសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យពន្ធនាគារឬអាចអនុញ្ញាតិឲ្យខ្ចីសៀវភៅយកទៅស្រាវជ្រាវនៅក្នុងបន្ទប់ឃុំឃាំងដើម្បីបង្កើនចំណេះដឹង»។
នៅលើហ្វេសប៊ុកលោក មាជ សុវណ្ណរ៉ា បានសរសេរថា «ពួកអ្នកទោសដាក់ចម្ងល់និងសំណួរថាតើវិធានការដកហូតវិទ្យុឬបិទសិទ្ធិមិនឲ្យមានវិទ្យុស្តាប់វាជាហេតុផលនយោបាយមិនឲ្យអ្នកទោសស្តាប់បានដឹងពីព័ត៌មានពិតនានាដែលជាចំណុចរសើបរបស់រដ្ឋអំណាចឬយ៉ាងណា? តើច្បាប់ពន្ធនាគារអនុវត្តមានន័យអ្វី បើបទបញ្ជារំលោភច្បាប់ទៅហើយនោះ? តើជាបទបញ្ជារបស់ក្រសួងមហាផ្ទៃឬក៏ត្រឹមតែគុកព្រៃស?»។
លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងពន្ធនាគារគឺបទបញ្ជារផ្ទៃក្នុង ហាមប្រើគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ រួមទាំងវិទ្យុ។ នៅពេលសួរបញ្ជាក់ពីមាត្រា៣៧ ច្បាប់ស្តីពីពន្ធនាគារនោះ លោកបញ្ជាក់ថា «អនុញាតិឲ្យស្តាប់ ក៏ប៉ុន្តែពន្ធនាគារគេរៀបចំជាអុបប៉ាលឺ[Speaker] ដាក់តាមបន្ទប់ឲ្យស្តាប់ គេអ្នកចាក់ឲ្យស្តាប់ យល់ទេ? ច្បាប់ហ្នឹងគេឲ្យកាន់វិទ្យុម្នាក់មួយក៏អី?»។
នៅពេលអ្នកយកព័ត៌មានទូរសព្ទទៅបញ្ជាក់បន្ថែមទៀតថា ហេតុអ្វីកាលពីមុនអ្នកជាប់ឃុំមានវិទ្យុស្តាប់ផ្ទាល់ខ្លួន? លោក ចាន់ គឹមសេង មិនបានទទួលទូរសព្ទនោះទេ៕