សមាជិកបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ បានធ្វើលិខិតសុំលាលែងពីសមាជិកបក្សរបស់ខ្លួន ខណៈដែលច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានអនុម័តនៅក្រោមសំឡេងរិះគន់។
ក្នុងលិខិតជូនដំណឹងផ្សេងគ្នាដែលមានផ្តិតស្នាមម្រាមដៃកាលពីម្សិលមិញ លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន បានសុំលាលែងចេញពីសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ដោយលើកមូលហេតុផ្ទាល់ខ្លួនដូចគ្នា។ ចំណែកឯលោក ហុង សុខហួរ បានលាលែងចេញពីតំណែងជាអគ្គលេខាធិការនិងសមាជិកគណៈកម្មាធិការនាយកគណបក្ស សម រង្ស៊ី។
ប៉ុន្តៃបើតាម Facebook លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ការលាលែងនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់គណបក្ស តាមឧបសគ្គច្បាប់គណបក្សនយោបាយថ្មីក្នុងមាត្រា១៨ថ្មី ដែលបានចែងថា «ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកដែលមានទោស មិនត្រូវឲ្យមានតួនាទីក្នុងគណបក្ស»។
កាលពីថ្ងៃទី១១ កុម្ភៈ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក៏បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្រ្គោះជាតិ តែជាង១០ថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅរដ្ឋសភាឲ្យកែប្រែមាត្រាមួយចំនួននៃច្បាប់ស្តីពីគណបក្សនយោបាយ។
ច្បាប់គណបក្សនយោបាយថ្មី នឹងត្រូវចូលជាធរមានក្នុងពេលដ៍ខ្លីខាងមុខ បន្ទាប់ពីច្បាប់នេះត្រូវបានវិសោធនកម្មកាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៧ ដោយក្រុមសមាជិកសភាបក្សកាន់អំណាច។
ការអនុម័តច្បាប់ស្តីពីបក្សនយោបាយដ៏ចម្រូងចម្រាសនេះ បានធ្វើឲ្យមតិជាតិនិងអន្តរជាតិមួយចំនួនយល់ថា កម្ពុជាកំពុងដើរខុសពីគន្លងប្រជាធិបតេយ្យ ហើយបក្សប្រជាជនកម្ពុជាកំពុងតែត្រៀមដឹកនាំប្រទេសតែម្នាក់ឯងនាថ្ងៃអនាគត៕