ជនជាតិគួយប្រមាណ៣០០នាក់នៅស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បត្ដិ៍ ទី២៣កុម្ភៈនេះ បាននាំគ្នាធ្វើពិធីសែនព្រេន ដាក់បណ្ដាសារក្រុមហ៊ុនចិន ឲ្យបញ្ឍប់ឈូសឆាយដីព្រៃសហគមន៍និងទីទួលប្រាសាទបុរាណ។
ពលរដ្ឋនៅឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ អ្នកស្រី ហាវ សុខហៀង ឲ្យវីអូឌីដឹងថា ពិធីបួងសួងនេះធ្វើឡើងក្នុងតំបន់ព្រៃជំនឿ ដើម្បីបែរបន់ឲ្យវត្ថុសក្ដិសិទ្ធជួយថែរក្សាដីព្រៃសហគមន៍និងដាក់បណ្ដាសារដល់ក្រុមហ៊ុនចិនស្កអំពៅឲ្យបញ្ឍប់ឈូសឆាយរំលោភយកដីសហគមន៍ពួកគាត់។
អ្នកស្រីបន្ដថា ទួលប្រាសាទបុរាណជាច្រើនកន្លែងនិងដីព្រៃសហគមន៍ប្រមាណ៣០ហិចតា ត្រូវបានក្រុមហ៊ុនស្កអំពៅនេះ ឈូសដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន។ មិនតែប៉ុណ្ណោះ អ្នកស្រីថាក្រុមហ៊ុននេះ បានយកវត្ថុបុរាណទៅរក្សាទុកផងដែរ ល្មើសនឹងច្បាប់ប្រទេសកម្ពុជាផងដែរ។
ពលរដ្ឋមួយរូបទៀត ដែលចូលរួមពិធីលោក ប្រាក់ ខេន ឲ្យដឹងថា ក្រុមហ៊ុនចិននោះ មិនត្រឹមតែឈូសឆាយដីព្រៃសហគមន៍អស់ប្រមាណ៣០ហិចតាប៉ុណ្ណោះទេ លោកថាថែមទាំងគម្រាមកំហែងនិងប្រមាថជីវិតនិងប្រើហឹង្សាមកលើពលរដ្ឋខ្មែរផងដែរ។
លោកបន្ដថា ពួកគេជឿជាក់ថា វត្ថុសក្ដិសិទ្ធិនិងបារមីដែលថែរក្សាព្រៃឈើនឹងអាចជួយដល់ជនជាតិគួយ ព្រោះពួកគេមានជំនឿតាំងពីដូនតាមក។
វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកជ័យសែន លោក ជុំ ពុយ បានទេ ដោយលោកមិនលើកទូរសព្ទ។
មន្ដ្រីអង្គការពន្លកខ្មែរ និងជាជនជាតិដើមភាគតិចគួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យលោក លួត សាំង មានប្រសាសន៍ថា តាមការកត់សម្គាល់រយៈពេល៦ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៧ ជនជាតិដើមភាគតិចគួយនៅក្នុងខេត្តព្រះវិហាររងការរំលោភសិទ្ធិមនុស្សបញ្ហាដីធ្លីបទល្មើសព្រៃឈើមានការកើនឡើង។
លោកបន្ដថា ប្រជាពលរដ្ឋនៅចំនួន៣ស្រុកមាន ស្រុកត្បែងមានជ័យ ឃុំប្រមេរស្រុកឆែប និងស្រុកជ័យសែន បានបាត់បង់លវេលារកស៊ីចិញ្ចឹមគ្រួសារ ដោយសារតែពួកគេទៅការពារដីធ្លីទាំងយប់ទាំងថ្ងៃដែរលោកថា ដើម្បីទប់ស្កាត់ក្រុមហ៊ុនចិននោះមិនឲ្យឈូសឆាយដីពួកគាត់។
លោកបន្ថែមថា ជម្លោះដីធ្លីរ៉ាំរ៉ៃនេះ អាជ្ញាធរគ្មានវិធានការដោះស្រាយជូនពួកគាត់នោះទេ មិនតែប៉ុណ្ណោះ ថែមទាំងដាក់កងកំលាំងការពារក្រុមហ៊ុនទៅវិញ និងប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋដែលការពារដីធ្លីរបស់ពួកគាត់ផងដែរ៕