យោងតាមការបញ្ជាក់ចុងក្រោយ គឺលោកគៀង ហេងដែលជាអតីតសង្សារ ត្រូវជាប្អូនថ្លៃរបស់លោកឧកញ៉ាទ្រី ភាព ដែលត្រូវតុលាការខេត្តព្រះសីហនុចាប់ឃុំខ្លួនពីបទប្រើប្រាស់អំពើហឹង្សារឡើងផ្អើលមហាជននាពេលមុន ត្រូវបានកញ្ញា ពេជ្រ អាវីហ្សាខ្លួនឯងស្នើសុំអោយនៅក្រៅឃុំ ដោយសម្អាងថាលោកមានជំងឺឈឺច្រើន។ ជាមួយគ្នានោះ នាងក៏ប្រកាសឈប់សើរើលើបណ្ដឹងមួយនេះផងដែរ ដោយស្នើសុំតុលាការអោយបញ្ចប់រឿងមិនបាច់បន្តនិតិវិធី។
គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀង និងជាតារាចម្រៀងនាងពេជ្រ អាវីហ្សា និងអតីតគូស្នេហ៍បានតទល់គ្នានៅចំពោះមុខមន្ត្រីតុលាការរបស់សាលាដំបូងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយមាន លោក ញឹម វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ និងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្ត។
នៅចំពោះមុខតុលាការអ្នកទាំងពីរត្រូវបានគេបើកសវនគារលើបណ្ដឹងរឿងព្រហ្មទណ្ឌលេខ៥៦៩ ដោយមានជនជាប់ចោទឈ្មោះ គាង ហេង ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពីបទប្រើអំពើហឹង្សាដោយចេតនា ដោយបណ្ដោយអោយតារាចម្រៀងនាង សុខ ម៉ី ហៅ ពេជ្រ រីហ្សា បែករយះមុខកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៦នោះ។
នៅចំពោះមុខតុលាការតារាស្រីរូបនេះ មិនបានដាក់បន្ទុកអោយតុលាការធ្វើនិតិវិធីច្បាប់ដើម្បីអោយខ្លួនទទួលបានយុត្តិធម៌ នោះទេ បែរជាបានយល់ព្រមតាមការស្នើសុំរបស់មេធាវីជនជាប់ចោទ អនុញ្ញាតិអោយលោកគៀង ហេង នៅក្រៅឃុំ ដោយសារតែលោកគៀង ហេង វះកាត់យកប្រមាត់ចេញហើយពោះវៀនក៏ត្រូវបានតភ្ជាប់គ្នាជាកង់ៗ មិនមានសុខភាពរឹងមាំដូចមនុស្សធម្មតា។ យ៉ាងណាមិញ នាងថាខ្លួននៅតែទុកលទ្ធភាពអោយតុលាការធ្វើការកាត់ក្ដីតាមនិតិវិធីច្បាប់ដដែលទេ បើទោះជាបានអង្វរករអោយអតីតគូស្នេហ៍នៅក្រៅឃុំ។ ប៉ុន្តែជំហរនោះត្រូវបានកែប្រែបន្តទៀត ដោយសារតែនាងលែងចង់វែងឆ្ងាយ។
ពេជ្រ អាវីហ្សា បានសារភាពថាហេតុផលដែលនាងទទួលយកសំណើររបស់គូស្នេហ៍គឺដោយសារតែនាងមិនចង់មានបាប និងបានដឹងថាលោកគៀង ហេង បើបណ្ដោយអោយនៅជាប់ឃុំ គឺពិតជាមានបញ្ហាសុខភាពមុនការកាត់ក្ដី។ នាងថាខ្លួនគ្រាន់តែមានបំណងធ្វើអោយអតីតគូស្នេហ៍ឈប់ចងពៀរខ្លួន និងដោះខ្លួនប៉ុណ្ណោះ អ៊ីចឹងហើយទើបយល់ថាសម្រាប់បណ្ដឹងដែលបានដាក់ប្ដឹងបើទោះជាមានការកាត់ក្ដីក៏បានមិនកាត់ក្ដីក៏បាន គឺនាងអស់ចិត្ត។ នាងថាគិតសព្វៗទៅ មិនចង់អោយមានរឿងមើលមុខគ្នាមិនចំកាន់តែច្រើននោះទេ ទើបនាងសម្រេចបណ្ដោយតាមភាពជាក់ស្ដែង និងបានជំរាបតុលាការថានាងលែងចង់ប្ដឹងផ្ដល់អីហើយ ដោយគ្រាន់តែសុំតម្កល់ពាក្យបណ្ដឹងនៅនឹងតុលាការហើយសុំបញ្ចប់ត្រឹមហ្នឹង។
នាងសារភាពថា៖ «ខ្ញុំខ្ជិលវែងឆ្ងាយ ទើបអោយមេធាវីប្រាប់តុលាការថាបញ្ចប់បញ្ហាត្រឹមហ្នឹងទៅ ព្រោះគាត់ (គៀង ហេង) មើលទៅគាត់ដូចលែងហ៊ានជាមួយខ្ញុំហើយ!»។
នាងថាខ្លួនមិនទទួលសំណងណាមួយពីការទម្លាក់ចោលបណ្ដឹងនោះទេ តែមកពីនាងមិនចង់អ្នកណាគុំគួននាង ហើយធ្វើអោយនាងពិបាកភ័យបាម្ភពីសុវត្ថិភាពទើបនាងសម្រេចបញ្ចប់បញ្ហាត្រឹមជំនួបទី១នៅតុលាការ។
នាងនិយាយថា៖ «ក្រោយពេលមានរឿងក៏ខ្ញុំអត់មានប្ដឹងគាត់អីដែរ គឺខាងច្បាប់ជាអ្នកចាត់ការទាំងអស់ ចឹងហើយទើបពេលគេថាអោយបញ្ចប់ត្រឹមហ្នឹង ខ្ញុំក៏ប្រាប់តុលាការថាប៉ុណ្ណឹងក៏ប៉ុណ្ណឹងចុះ សំខាន់អោយតែគាត់មកចងពៀរខ្ញុំទៀត!»។
ជាមួយនាងការទទួលស្គាល់ថាពិតជាបានទម្លាក់ចោលបណ្ដឹង ពេជ្រ អាវីហ្សា បានអះអាងថា នាង និងលោកគៀង ហេង មិនបានត្រូវរ៉ូវដាក់គ្នាដូចដើមនោះទេ បើទោះជារឿងរ៉ាវទាំងអស់ត្រូវបានសម្រុះសម្រួលគ្នា ដោយនាងមិនទទួលយកសំណងជាថ្នូរនឹងព្យាបាលខ្លួន។ នាងថាអត់មានហេតុផលដែលនាងសម្រេចចិត្តរួមរស់ជាមួយមនុស្សដែលវ៉ៃតប់នាងដល់ថ្នាក់ជិតស្លាប់នោះទេ បើទោះជានាងយល់ថាក្រោយការផ្ទុះរឿង គឺលោកគៀង ហេង កែប្រែចរឹតមិនដូចមុន៕