បន្ទាប់ពីរដ្ឋសភាបានអនុម័តច្បាប់ស្តីពីគណបក្សនយោបាយកាលពីសប្តាហ៍មុន នឹងបានសម្រេចបញ្ជូនភ្លាមៗទៅកាន់ព្រឹទ្ធសភារួចមក នៅថ្ងៃនេះសមាជិកព្រឹទ្ធសភា ក៏បានយល់ព្រមទាំងស្រុងលើខ្លឹមសារនៃច្បាប់នេះ ដោយគ្មានវត្តមានបក្សប្រឆាំងចូលរួមនោះទេ។
ច្បាប់ដ៏ចម្រូងចម្រាស់នេះ ត្រូវបានសមាជិកព្រឹទ្ធសភាដែលមកពីគណបក្សប្រជាជនចំនួន៤៤រូប យល់ព្រមទាំងស្រុងតាមរដ្ឋសភា ហើយថានឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញយូរបំផុតត្រឹមថ្ងៃស្អែក។
អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង មានប្រសាសន៍ថា ច្បាប់នេះគឺត្រូវបានព្រឹទ្ធសភាយល់ព្រម ព្រោះច្បាប់នេះ ធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ធ្វើឲ្យមានស្ថេរភាព និងការអភិវឌ្ឍន៍។ លោកក៏បានឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដែលថា ច្បាប់នេះបានធ្វើឲ្យប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយថា លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺមានស្រាប់ហើយ ហើយការអនុម័តច្បាប់ថ្មីនេះគឺដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ និងនីតិរដ្ឋរបស់ប្រទេស។
ច្បាប់ស្តីពីបក្សនយោបាយដែលបានព្រឹទ្ធសភាយល់ព្រមនៅថ្ងៃនេះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃនិងតុលាការ អាចផ្អាកឬរំលាយគណបក្សនយោបាយណាមួយចោលក៏បាន ប្រសិនបើក្រសួងរកឃើញថាគណបក្សនយោបាយនោះ បំពានទៅលើច្បាប់ថ្មីនេះ។
ច្បាប់ស្តីពីគណបក្សនយោបាយនេះ រងការិះគន់ជាច្រើនពីមជ្ឍដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ដូចជាសមាជិកសភាអាមេរិក សភាសិទ្ធមនុស្សអាស៊ាន និងសមាជិកសភាអឺរ៉ុប ដោយពួកគេព្រមានថា ច្បាប់នេះនឹងនាំកម្ពុជាទៅរកការបែបឯកបក្ស និងជាគ្រោះថ្នាក់មួយនៃដំណើការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕