ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានប្រតិកម្មទាំងកំហឹង និងបានគំរាមធ្វើពហិកា បន្ទាប់ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Lotte Group របស់កូរ៉េខាងត្បូង បានឯកភាពទៅលើការដោះដូរដីមួយកន្លែងជាមួយរដ្ឋាភិបាល ដែលនឹងអាចឲ្យអាជ្ញាធរដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំមុន បានសម្រេចដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក ជាការឆ្លើយតបទៅនឹងការគំរាមកំហែងវាយប្រហារដោយគ្រាប់មីស៊ីលពីសំណាក់កូរ៉េខាងជើង។ ប្រព័ន្ធការពារមីស៊ីលនេះ ត្រូវបានគេគ្រោងដាក់ពង្រាយនៅលើដីមួយកន្លែង ដែលជាផ្នែកមួយនៃទីលានវាយកូនហ្គូលរបស់ក្រុមហ៊ុន Lotte ស្ថិតនៅតំបន់ស៊ឹងជូ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Lotte International បានឯកភាពលើកិច្ចព្រមព្រៀងនេះជាមួយរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញនេះ។
ចិនតែងតែជំទាស់ទៅនឹងផែនការដាក់ពង្រាយខែលការពារមីស៊ីលរបស់កូរ៉េខាងត្បូង ដែលខែលការពារមីស៊ីលនោះ មានឥទ្ធិពលគ្របដណ្ដប់ទៅដល់ទឹកដីចិន។ ក្រុងប៉េកាំងនិយាយថា វាជាការគំរាមកំហែងមួយទៅលើសន្តិសុខរបស់ខ្លួន ហើយវានឹងបានជួយកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើងនោះឡើយ។
កាសែតរដ្ឋចិន Global Times បាននិយាយនៅក្នុងវិចារណកថាមួយនៅថ្ងៃនេះថា ក្រុមហ៊ុន Lotte គួរតែត្រូវបានគេបិទចោលនៅក្នុងប្រទេសចិន។
ចំណែកទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ក៏បានផ្សាយនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនកាលពីល្ងាចមិញថា ចិនមិនបានស្វាគមន៍ការសម្រេចចិត្តបែបនេះរបស់ក្រុមហ៊ុន Lotte នោះឡើយ៕