គណបក្សប្រជាជន គ្រោងប្តឹងទៅតុលាការ ក្នុងករណីគណបក្សសង្គ្រោះជាតិ មិនព្រមកែខ្លឹមសារគោលនយោបាយរបស់ខ្លួន ដែលនិយាយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។
ការស្នើឲ្យគណបក្សប្រឆាំង កែសម្រួលខ្លឹមសារនយោបាយនេះ ធ្វើឡើងមិនដល់មួយសប្តាហ៍ ពោលគឺក្រោយគណបក្សសង្គ្រោះជាតិ បានដាក់ចេញគោនយោបាយអាទិភាព៥ចំណុចកាលពីថ្ងៃទី២មីនា សម្រាប់ការបោះឆ្នោតខែមិថុនា។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្លៃទី៦ខែមីនានេះ អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកែតម្រូវជាបន្ទាន់នូវខ្លឹមសារឃោសនានយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដោយថាខ្លឹមសារនេះ មានចរិកញុះញុង បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន ដែលបានខិតខំបម្រើរាស្ត្រ។
បើតាមសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកថា ការទាមឲ្យបក្សប្រឆាំងកែតម្រូវនេះ គឺដើម្បីរក្សាបរិយាកាសនយោបាយឲ្យល្អ និងសុខសន្តិភាពប្រទេសជាតិ។
នៅក្នុងពិធីចែកសញ្ញាបត្រនៅរសៀលថ្ងៃចន្ទនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់ចំៗពាក់ព័ន្ធនឹងសារនយោបាយគណបក្សសង្គ្រោះជាតិនេះដែរ។
លោកមានប្រសាសន៍ថា៖ « […] មិនទាន់ដឹងអីផង បង្អាប់គេទៅហើយ ស្អីអាហ្នឹង ភាសាហ្នឹង ភាសាវាយគេ។ ដកមេឃុំ ដូរមេឃុំ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ! អាមេឃុំបម្រើបក្សរាល់ថ្ងៃហ្នឹង គ្រាន់គណបក្សប្រជាជន […] »។
គណបក្សសង្គ្រោះជាតិ នៅមិនទាន់ប្រតិកម្ម ឬឆ្លើយតបជាផ្លូវការណ៍ណាមួយនៅឡើយទេ ចំពោះការទាមទាររបស់បក្សកាន់អំណាច ដែលថាឲ្យដូរសារនយោបាយនេះ។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានពីលទ្ធផលប្រជុំគណៈកម្មការអចិន្ត្រៃយ៍ចេញផ្សាយនៅរសៀលថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាខ្លួនបានកំណត់ផែនការសកម្មភាព ដើម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព៥ចំណុចសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៕