ថៅកែ ​Red Picture បំភ្លឺ​រឿង​បែកហ៊ុនជាមួយ​ផលិតកម្ម ​​LD Picture

លោក​ ឌៀប សុវណ្ណរ៉ា​​ ​​ចាង​ហ្វាង​ផលិតកម្ម​​​​​​​ Red Picture (វង្ស សុម៉ាលីន)

មានការ​លើកឡើង​​​ជា​ច្រើនថា​​​ ផលិតកម្ម​​ Red Picture គឺជា​សាខា​ភាគហ៊ុនរបស់​​​​ផលិតកម្ម LD Picture ដោយសារតែគេកត់សម្គាល់ថា​​​​​ទាំង​​ថៅកែ​​​ផលិតកម្មនិង​ក្រុម​ការងារ​​​របស់​​ផលិតកម្ម Red Picture សុទ្ធតែ​ជា​ក្រុមការងារ​​​​ចាស់របស់​​ផលិតកម្ម LD Picture ហើយ​​​​​​ផលិតកម្ម​ទាំង​ពីរ​នា​ពេល​កន្លង​​​ គឺ​​​មិនខុស​ពី​បង​ប្អូន​គ្នា​​​​ឬ​ក្រុម​ការងារតែមួយ។

​​យ៉ាងណាមិញ ​​​ក្នុងរយៈពេលចុង​ក្រោយ មាន​ការ​ប្រកាសថា​​​​​​ផលិតកម្ម​​ទាំង​ពី​​​​រ​អន់​ចិត្ត​គ្នា ​បែកហ៊ុន​ពីរគ្នា តែត្រូវ​បាន​​ផលិតករ​ទាំង​ពីរ​ចេញ​មុខ​​​​បកស្រាយ។

​​​កន្លងមកលោក ​លៀក លីដា ​​​ចាង​ហ្វាង​ផលិតកម្ម​​ LD Picture បានអះអាង​ហើយ​ថា​​ ផលិតកម្ម Red Picture មិន​មាន​អ្វី​​​ពាក់​ព័ន្ធ​នឹង​​​​​​​​​​លោក​ ដោយគ្រាន់តែ​​​​​​លោក​ ប្រាក់​ សុវណ្ណរា ដែល​សុទ្ធតែ​ជា​មិត្ត​​ក្នុង​អាជីពនិង​ក្រុម​ការងារ​ចាស់​រួ​​ម​គ្នា​​ទៅ​បើក​ផលិតកម្ម​ ហើយ​លោកក៏​​​ជួយជ្រោមជ្រែង​ប៉ុណ្ណោះ។ តែ​ការ​បញ្ជាក់​ទាំង​នោះ​ហាក់មិនមានទម្ងន់ ដោយកាន់តែ​បែកសាយ​​ភាព​ខ្លាំង​ឡើង​ថា​​​​​​​រវាង​លោកនិង​ផលិតកម្ម ​Red Picture ជា​ផលិតកម្ម​​តែ​មួយ តែ​​​​​​​​​​​កំពុង​​​​​​​​​​ដាច់​ដោច​គ្នា ​​​ព្រោះ​តែកាច់កុង​មុខជំនួញ។

លោក លីដា បន្តថា ផលិតកម្មរប​ស់​​ដាច់គ្នាទាំង​ស្រុងជាមួយ​​ Red Picture ​ដោយ​តាំង​ពីដើមរៀងមក ថ្វីដ្បិតតែ​​​​​​ពេល​ផលិតរឿង​​​មានលោក​ទៅ​ចូល​រួម​បើកសម្ពោធ ហើយ​ពេល​ខាង​ផលិតកម្ម​ក្រុង​ពាលីក៏មាន​តំណាង​ខាង​Red Picture មក​​ធ្វើជា​កិត្តិយស​វិញ ប៉ុន្តែ​​ស្ថានភាព​​​​រកស៊ី គឺ​​​​​​​​រៀង​ៗ​ខ្លួនសុទ្ធ​សាធ។

​មិនខុស​គ្នាដែរ លោក​ ឌៀប សុវណ្ណរ៉ា​​ ​​ចាង​ហ្វាង​ផលិតកម្ម​​​​​​​ Red Picture ​​បានថ្លែង​ក្នុង​ពិធី​​សម្ពោធ​រឿង​ «​ផ្ទះ​សរសរ​កណ្ដាល​» ​កាលពីថ្ងៃ​ទី​​​​​​​​​៦ ​មីនា ថា ​​ផលិតកម្មរបស់​លោក​មិនមែនជា​ផ្នែកឬ​ជាសាខា​របស់​ផលិតកម្ម LD Picture នោះទេ។

លោកថា​​​​​​​រវាង​លោកនិង​លោ​ក​ លៀក ​លីដា គ្រាន់តែ​ធ្លាប់​បានរួម​ការងារ​ជាមួយ​គ្នា ប៉ុន្តែ​ក្រោយពេល​លោក​​​​សម្រេច​​ចិត្ត​បោះ​ទុន​បើក​ជា​ផលិតកម្ម គឺ​លោក​​​​​មិន​បានទទួល​ចំណែក​ភាគហ៊ុនណា​មួយ​ពីលោក​ លៀក លីដា ឬ​ក្រុម​ការងាររបស់​ផលិតកម្ម LD Picture នោះឡើយ។

លោកថា​មានការ​លើក​ឡើង​ជា​ច្រើនថា​​ការ​ផលិតរឿង​​​​​​​​​ចំនួន​​៤​កន្លង​មករបស់​ ​​​Red Picture គឺជា​​​​​​​​​​ការ​ចាត់ចែងរបស់​​​​​​ផលិតកម្ម LD Picture ឬ​​​​ជា​រឿង​ដែលស្ថិត​ក្នុង​​​​​​ការ​ដាក់​ហ៊ុនរួម​គ្នា។

លោក​និយាយថា​ «​​​​​ខ្ញុំ​​​ឮច្រើនមក​ហើយថា​​ផលិតកម្ម Red Picture ពាក់ព័ន្ធ​នឹង​ផលិតកម្ម​មួយ​(LD)​តែ​ខ្ញុំចង់ប្រាប់​ថា​​​​ផលិតកម្ម​ទាំង​ពីរ​នឹង​អត់​មាន​​​​​​​ជាប់​ហ៊ុន​អី​ជាមួយគ្នា​ទេ!»។

លោកបានច្រាន​​ចោលព័ត៌មានដែល​លើកឡើងថា​​​​​​​​​​​​ទំនាក់ទំនង​​មិនសូវ​ជិត​ស្និទ្ធិ​ចុង​ក្រោយ​ជាមួ​យ​លោក​ លៀក លីដា និងក្រុមការងាររបស់​ផលិតកម្ម LD គឺ​ដោយសារតែ​ពួក​លោក​បែកហ៊ុននិង​ឈានដល់​​ការ​កុង​គ្នា​​​​ក្រោយ​ពេល​ជោគជ័យ​រៀង​ខ្លួន​។ លោក​បញ្ជាក់ថា រវាង​លោកនិង​​​​ផលិតកម្ម LD នៅតែ​ជា​បង​ប្អូនល្អ ប៉ុន្តែ​ហេតុ​ផល​មិនសូវ​​​​​​​ទាក់ទង ​គឺ​ដោយសារតែ​​​​​​​​លោកនិង​​​​​​​លោក លៀក​ លីដា​ សុទ្ធតែ​​រវល់​ផលិតរឿង​រៀង​ខ្លួន​ប៉ុណ្ណោះ។

លោកនិយាយថា ​«​ពួក​យើង​អត់មាន​អន់​ចិត្ត​គ្នា អត់មាន​ឈ្លោះ​គ្នា អត់មាន​បែកហ៊ុនអី​ពីគ្នា និយាយ​រួម​​យើង​រាប់អាន​គ្នា​ក្នុងនាម​ជា​​​អ្នកមាន​ប្រភព​​​ដូច​គ្នា ​​​​​​​​ហើយ​​កន្លងមកអត់មាន​ហ៊ុនអីជាមួយ​គ្នាទេ ទើប​​​​បញ្ហា​​បាក់​បែកគ្នា​​​គឺ​អត់មាន​​​!»។

​លោកថា​ខ្សែ​រឿង​​​​​​​​​​​​ «​​ភូមិអត់​មនុស្ស​» ​រឿង​ ​«​ទង់​ព្រលឹង​» ​និង​រឿង ​«​​ផ្ទះ​សរសរ​កណ្ដាល» ​ចុង​ក្រោយ គឺ​ជា​រឿង​ដែល​​ Red Picture ផលិត​​ឡើង​ខ្លួនឯង​សុទ្ធ​សាធ ​​​អត់មា​ន​ចំណែក​ភាគហ៊ុនណាមួយ​ពី​ខាង​ LD នោះទេ ទើប​លោក​​​បញ្ជាក់ថា​​​​​ជម្លោះ​កុង​គ្នា​មិន​​មាន​​​​​ណាមួយ។

​​លោក​​ថ្លែង​បែបនេះ​ក្នុង​ពិធី​បញ្ចេញ​រឿង​ «​ផ្ទះ​សរសរ​កណ្ដាល» ​ដែលជា​រឿង​​​​ប្រភេទ​ភ័យ​រន្ធត់និង​កំប្លែង​មួយ​ថ្មី ដោយ​​​​​​​​រឿង​ថ្មី​នេះត្រូវ​បាន​ប្រកាស​ថា​នឹង​​ដាក់​លក់សំបុត្រ​ផ្លូវ​ការ​ចាប់​ពីថ្ងៃ​ទី​៨ មីនា នេះ​នៅ​គ្រប់​​រោង​​។ លោកថា​ផលិតករ​​ LD គឺជា​បង​ប្អូន​ល្អ ​​​​ហើយ​បើទោះជា​គ្មានភាគហ៊ុន​​រួម​គ្នា តែ​ពួក​លោក​នៅតែ​​​​​ជួយ​គិត​គ្នា ​​ទើប​​​​​​​ផលិតកម្មរបស់​លោកនិង​របស់​ ​​​LD មាន​តួសម្ដែង​​​​​​សឹងតែ​ដូច​គ្នា ​ជា​ពិសេស​គឺ​ក្រុម​​នាយ​ពែកមី នាយគ្រឿន និង​លោកជា​សុវណ្ណនរាហ៍ ជា​ដើម​។ ​ក្នុង​នោះ​សូម្បីទីតាំង​ថត​រឿង ក៏​​​​ជ្រើស​ដូចគ្នា​ផងដែរ ទើប​​​​​​​​​​​​ការ​យល់ច្រលំថា ​​​​ផលិតកម្ម Red Picture និង LD Picture ជា​​​ផលិតកម្ម​តែមួយឬ​​​​​​ជាប់​ហ៊ុន​​គ្នា​ត្រូវគេ​​​​​​​​​​​​​​​លើកឡើង ខណៈ​ដែល​​​ផលិតករទាំង​ពី​​រ​​​មិនសូវ​មានពេល​​ជួយ​គ្នា ក៏​ផ្ទុះដំណឹងថា​​អន់​ចិត្ត​គ្នា​និង​បែកហ៊ុន​ពីគ្នា។

លោក ​​​​ឌៀប សុវណ្ណរ៉ា ប្រកាសថា​​​ ផលិតកម្មរបស់​លោក​អត់មាន​ភាគ​ហ៊ុន​ជាមួយ​​​​​ផលិតកម្មណាមួយ​ទាំងអស់ដោយ​​​ក្នុងនោះ​ខ្សែ​រឿង​ «​ផ្ទះសរសរកណ្ដាល​» ​ដែល​​​​​​​បាន​ប្រកាស​​​​​ដាក់​បញ្ចាំង​គ្រប់រោងនា​ពេល​នេះ ក៏​​មិ​នមែនជា​សមិទ្ធផលរួម​​គ្នាជាមួយ​ផលិតកម្ម LD ។ ​លោកថា​រឿង​នេះ លោកចំណាយជាង​​៣ម៉ឺន​ផលិត ហើយ​​​បើ​ទោះ​មិនមាន​បំណង​ប្រកួតប្រជែង​ជាមួយ​​ LD Picture តែ​ក៏នឹង​ធ្វើ​រឿងអោយល្អ​​​​​​​មិនអោយ​​​ចាញ់​​ស្នាដៃ​​​របស់​​ផលិតកម្ម​ក្នុងស្រុកណាមួយ​នោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ