មន្ដ្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា សមត្ថកិច្ចខេត្ដសៀមរាបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឃាត់រថយន្ដយីឌុបពីរគ្រឿងរបស់សម្ដេចសង្ឃ ទេព្យ វង្ស ដោយអះអាងថា រថយន្ដនោះដឹកឈើលើសច្បាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដសៀមរាប លោក ម៉ុង ប៊ុនលីម ឲ្យដឹងថា ការឃាត់រថយន្ដដឹកឈើធន់យក្សនេះ បន្ទាប់ពីមន្ដ្រីបរិស្ថានរកឃើញថា បានដឹកឈើលើសច្បាប់កំណត់ចេញពីរោងម៉ាស៊ីនកែឆ្នៃឈើរបស់ក្រុមហ៊ុនមួយឈ្មោះ កូម៉ូលី ខូអិលធីឌី ស្ថិតនៅក្នុងស្រុកគូលែន ខេត្ដព្រះវិហារ ដើម្បីយកទៅធ្វើកន្លែងទស្សនានៅតំបន់ទេសចរនាខេត្ដសៀមរាប។ លោកបន្ដថា តាមការអះអាងរបស់អ្នកទទួលខុសត្រូវលើការដឹកការជញ្ជូនឈើនេះ លោកថាឈើនោះជាប្រភេទឈើលេខពីរ របស់សម្ដេចសង្ឃ ទេព្យ វង្ស។ លោកបន្ថែមថា តាមច្បាប់អនុញ្ញាតពីប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារ លោក ពឹង ទ្រីដា បានអនុញ្ញាតឲ្យដឹកជញ្ជូនមួយរថយន្ដត្រឹម១៥ម៉ែត្រគូប ប៉ុន្ដែអ្នកទទួលខុសត្រូវបានដឹកលើសក្នុងមួយរថយន្ដជាង៥ម៉ែត្រគូប ដែលលោកថាលើសច្បាប់កំណត់។
ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលទទួលខុសត្រូវលើការដឹកជញ្ជូនលោក គង់ មង្គល លោកទទួលស្គាល់ការដឹកជញ្ជូនលើសចំនួនកំណត់ ប៉ុន្ដែលោកថាឈើដែលលើសនោះ ក្រុមហ៊ុនបានប្រគេនដល់សម្ដេចសង្ឃ ទេព្យ វង្ស ដើម្បីធ្វើជាស្ពាននិងកន្លែងកំសាន្ដក្នុងតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង មិនមែនសម្រាប់បុគ្គលនោះឡើយ។ លោកបន្ដថា ការទិញឈើអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ មានការទទួលខុសត្រូវពីសម្ដេចសង្ឃ ទេព្យ វង្ស ផងដែរ។
វីអូឌី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារលោក ពឹង ទ្រីដា បាននៅឡើយទេ។
ទោះជាយ៉ាងណា បើតាមបណ្ដាញសហគមន៍ការពារព្រៃឈើ នៅខេត្ដព្រះវិហារលោក ពេជ្រ ពាន់ ឲ្យដឹងថា ព្រៃឈើនៅខេត្ដនោះ រងការបាត់បង់ជាបន្ដបន្ទាប់ ដោយសារសមត្ថកិច្ចជំនាញ មិនសូវយកចិត្ដទុកដាក់ការពារនិងថែររក្សា។លោកបន្ដថា ជាក់ស្ដែងប្រជាសហគមន៍ចុះល្បាតនៅចុងខែកុម្ភៈនេះ បានឃាត់ទុកវត្ថុតាង ដូចជា រណាយន្ដ១០គ្រឿង និងត្រាក់ទ័រធ្វើផ្លូវដឹកជញ្ជូនឈើមួយគ្រឿង ដើម្បីប្រគល់ឲ្យសមត្ថកិច្ចផងដែរ៕