របាយការណ៍សិក្សារបស់អង្គការទស្សនពិភពលោក បង្ហាញថា សិស្សានុសិស្ស ត្រូវការ គុណភាពបណ្តាល័យ មានសម្ភារគ្រប់គ្រាន់ និង បរិយាកាសល្អក្នុងការអានបន្ថែមទៀត។
តាមសេចក្តីប្រកាសព័ត៌មានដែលអង្គការទស្សនពិភពលោកចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា អង្គការនេះ បានសិក្សាលើសាលាបឋមសិក្សាចំនួន៤៣នៅក្នុងខេត្តចំនួន៩ផ្សេងគ្នា។ ខេត្តទាំងនោះ រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំ កំពង់ស្ពឺ កំពង់ធំ កណ្តាល ព្រះវិហារ សៀមរាប និងខេត្តតាកែវ។
ការសិក្សានោះបានសួរសិស្សជាង ៤០០០នាក់ គឺភាគច្រើនពួកគេចង់ពង្រឹងសមត្ថភាពនៃការការអាន ក្នុងនោះ២៥% ត្រូវការសៀវភៅ និង បរិយាកាសនៃការអាន ចំណែក១២%ថា កំពុងអានសៀវភៅនៅក្នុងបណ្តាល័យ។
ការសិក្សានោះក៏បានបង្ហាញថា ថ្នាក់ដឹកនាំ និង អាជ្ញាធរពាក់ព័ន្ធបានប្តេជ្ញាជំរុញឲ្យមានការអានកើនឡើង ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស។ អង្គការទស្សនពិភពលោកក៏បានលើកឡើងថា ចំនួននៃការអានរបស់សិស្សបច្ចុប្បន្នមានការកើនឡើង ហើយក៏បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលបង្កើនការវិនិយោគបន្ថែមទៀតដើម្បីជំរុញការអានឲ្យបានច្រើនថែមទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសយកថ្ងៃទី១១ខែមីនាឆ្នាំ២០១៦ ជាទិវាជាតិនៃការអានលើកទី១ ហើយដល់ថ្ងៃទី១១ខែមីនាឆ្នាំ២០១៧នេះ ជាការប្រារព្ធលើកទី២នៃការអាន។