ខេត្តបាត់ដំបងនិងប៉ៃលិនបានទទួលរងភ្លៀងកក់ខែធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចផ្ទះនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន។
វេបសាយអគ្គស្នងការនគរបាលជាតិផ្សាយនៅថ្ងៃនេះថា កាលពីល្ងាចមិញនៅខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិបង្កឡើងដោយខ្យល់កន្ត្រាក់ ធ្វើអោយរលំផ្ទះចំនួន២០ខ្នង។ ក្នុងនោះខូចខាតធ្ងន់៨ខ្នង និងរលំស្លាកគណបក្សប្រជាជន២ផ្ទាំង ដែលកើតឡើងនៅភូមិរការបុស្ស ឃុំកំរៀង និងភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង។
ចំណែកឯ Facebook របស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា នៅខេត្តប៉ៃលិន មានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានបណ្តាលឱ្យប៉ើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន៧ខ្នង នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
ហេតុការណ៍ទាំងនេះមិនបណ្តាលអោយមានមនុស្សរងរបួស ឬស្លាប់ទេ៕