លោក គល់ បញ្ញា នៅក្នុងវេទិកាដដែលបានលើកឡើងពីការបកស្រាយច្រលំអំពីប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សដែលថា ការបោះឆ្នោតរើសតំណាង គឺជាការប្រគល់អំណាចរបស់ប្រជាពលរដ្ឋទាំងស្រុងទៅឱ្យតំណាង ពោលគឺ ពួកគេអាចធ្វើអ្វីតាមចិត្ត មិនត្រូវបានកម្រិតដោយច្បាប់ សម្រេចចិត្តជំនួសប្រជាពលរដ្ឋគ្រប់យ៉ាង ប្រជាពលរដ្ឋត្រូវសុំការអនុញ្ញាតពីពួកគេ អំណាចរបស់ពួកគេគ្មានព្រំដែនក្នុងរយៈពេល៥ឆ្នាំ, ប្រជាពលរដ្ឋវិញមានអំណាចបន្តិចបន្តួច ហើយមានតែថ្ងៃបោះឆ្នោតទៅទៀត ដែលការបោះឆ្នោតក្នុងលក្ខខណ្ឌរបៀបនេះ មិនខុសពីការបោះឆ្នោតរើសជនផ្តាច់ការនោះទេ។ តាមពិតទៅ វាមិនមែនត្រឹមតែជាការបកស្រាយច្រលំទេ គឺអនុវត្តច្រលំផងដែរ នេះក៏បណ្តាលមកពីប្រជាធិបតេយ្យក្មេងខ្ចីនៅកម្ពុជា ដែលអ្នកមានអំណាចនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថា វានៅតែក្មេងខ្ចីបែបនេះរហូត ដោយរារាំងមិនឱ្យមានការបំពេញយន្តការណាដែលប្រគល់អំណាចសម្រេចចិត្តទៅប្រជាជនផ្ទាល់ ឬសមាជិកបក្ស។ ឧ. មិនចង់អនុវត្តប្រព័ន្ធឯកត្តនាម ឬមិនចង់ឱ្យមានការបោះឆ្នោតរើសមេភូមិផ្ទាល់ពីប្រជាជនមូលដ្ឋាន ដោយនៅតែនិយមប្រព័ន្ធចាត់តាំងពីគណបក្ស ឬមេបក្ស, មិនចង់ឱ្យសភាមានអំណាច ឬមិនចង់ឱ្យបក្សផ្សេងមានឥទ្ធិពលក្នុងសភា, ចង់ឱ្យសមាភាពតុលាការជាសមាជិកបក្សនយោបាយដើម្បីកុំឱ្យស្ថាប័ននេះឯករាជ្យ, មិនចង់ឱ្យស្ថាប័នបោះឆ្នោតឯករាជ្យ ទាំងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិដាក់សមាជិកនយោបាយ ឬជ្រើសតាំងដោយបក្ស ជាជាងបុគ្គលមិនជាប់ទាក់ទងឬលាលែងពីគណបក្សទាំងស្រុង។ ជារួម ប្រជាធិបតេយ្យនៅកម្ពុជាមិនមែនក្មេងខ្ចី ដោយសារតែវាទើបតែកើតទេតែដោយសារតែប្រជាធិបតេយ្យជាគ្រឿងគំរាមកំហែងដល់គ្រប់អ្នកមានអំណាចដែលជាអ្នកសម្រេចចិត្តតែឯងឬសម្រេចចិត្តពីលើ, ត្បិតអនុវត្តប្រជាធិបតេយ្យមានន័យថាបោះបង់សិទ្ធិសម្រេចចិត្តម្នាក់ឯង ផ្តល់សិទ្ធិសម្រេចចិត្តស្មើគ្នាឱ្យអ្នកតូចតាចខាងក្រោម ដូច្នេះហើយ គ្មានអ្នកនយោបាយណាដែលមានអំណាចសម្រេចគ្រប់យ៉ាងណា ល្ងង់ចង់បានប្រជាធិបតេយ្យនោះទេ។ ទាញពីមូលហេតុនេះហើយ ទើបការអនុវត្តប្រជាធិបតេយ្យកម្រមានប្រសិទ្ធភាពណាស់ក្នុងករណីទំនាស់នយោបាយនោះដោះស្រាយចេញពីការចរចារវាងអ្នកនយោបាយ ឬអន្តរាគមន៍អន្តរជាតិ ឬពីខាងក្រៅ មិនមែនពីខាងក្រោម ឬប្រជាជនផ្ទាល់។ ឧ. កម្ពុជាជាក់ស្តែងអនុវត្តប្រជាធិបតេយ្យនិងមានការបោះឆ្នោត៥អាណត្តិទៅហើយ ក្រោយបញ្ចប់សង្គ្រាមស៊ីវិល សម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ចរចារវាងពួកវរជន) ក្រោមអន្តរាគមន៍ពីអន្តរជាតិជ្រោមជ្រែងពីការអង្គការសហប្រជាតិ លទ្ធផលចុងក្រោយ កម្ពុជានៅតែជាប្រទេសដែលអនុវត្តប្រជាធិបតេយ្យបែបផ្តាច់ការ ផ្ទុយទៅវិញ ទុយនេស៊ី មានកម្រិតប្រជាធិបតេយ្យល្អប្រសើរជាងកម្ពុជា ទោះបីអនុវត្តក្រោយកម្ពុជា ដោយសារតែពួកគេបានផ្លាស់ប្តូរបបនយោបាយផ្តាច់ការរបស់លោកប្រធានាធិបតី បេន អាលី នៅឆ្នាំ២០១១ តាមរយៈវិធីពីក្រោមទៅលើ ដែលស៊ីគ្នានឹងប្រជាធិបតេយ្យ ពោលគឺ ចលនាប្រជាជនអហិង្សា។ ដូចការលើកឡើងរបស់លោក មាស នី នៅក្នុងបទសម្ភាសអាស៊ីសេរីចលនាប្រជាធិបតេយ្យបានកើតឡើងនៅកម្ពុជាតាំងពីមុនមកម្ល៉េះ នៅសម័យសង្គមរាស្ត្រដែលដំបូងមានទំនាក់ទំនងល្អនឹងប្រទេសប្រជាធិបតេយ្យ អាមេរិក ក្រោយមកទោរទៅរកប្រទេសចិនកុម្មនិស្ត បញ្ញវន្តជាច្រើនបានរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យ ក្រោមចំហាយឥទ្ធិពលពីប្រទេសបារាំងនិងអាមេរិក មានការបង្កើតគណបក្សប្រជាធិបតេយ្យតាំងពីចុងសម័យបារាំង តែក្រោយមក សម្តេចតា, ស្ថិតនៅក្នុងស្ថានភាពរងការគំរាមកំហែងពីចលនាប្រជាធិបតេយ្យ ប្រហាក់ប្រហែលនឹងសម្តេច ហ៊ុន សែន ប្រឈមនឹងបដិវត្តន៍ពណ៌ ឬចលនាអំណាចប្រជាជនទាមទារលទ្ធិប្រជាធិបតេយ្យបច្ចុប្បន្នដែរ, បានព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ចលនានេះ រហូតដល់រំលាយគណបក្សប្រជាធិបតេយ្យចោលទាំងស្រុង (ប្រធានគណបក្សនេះគឺលោក អៀវ កើស ត្រូវបានធ្វើឃាតដោយគ្រាប់បែកបោះចូលក្នុងរដ្ឋសភា, មានអំពើហិង្សាឃាតកម្មជាច្រើនរវាងអ្នកនយោបាយខ្មែរនឹងខ្មែរនៅសម័យចុងអាណានិគមដែលកាលណោះខ្មែរជិតឯករាជ្យ និងដើមសម័យសង្គមរាស្ត្រនិយម, ជំទាស់នឹងមតិសន្មតដែលថា ខ្មែរស្រឡាញ់ខ្មែរ ជាតិសាសន៍ដូចគ្នាមិនកាប់សម្លាប់គ្នា) តែទីបំផុតរបបសង្គមរាស្ត្រនិយមនៅតែដួល ជំនួសដោយរបបសាធារណរដ្ឋចម្លងពីអាមេរិកមក ហើយព្រះអង្គនៅតែបន្តប្រជែងអំណាចដោយជួយពួកខ្មែរក្រហមកុម្មុយនិស្ត ក្នុងការកៀងគរអ្នកគាំទ្រឱ្យចូលព្រៃវាយផ្តួលរំលំរបបសាធារណរដ្ឋជូនព្រះអង្គដដែល។
មែនទែនទៅ ទាំងអ្នកដឹកនាំ និងប្រជាជនជាច្រើនមិនសូវយល់ដឹងពីរបៀបដែលប្រព័ន្ធប្រជាធិបតេយ្យដើរដូចគ្នា ពោលគឺ ប្រជាជនគិតថា ប្រជាធិបតេយ្យគ្រាន់តែជាការបោះឆ្នោត, អ្នកត្រូវបានប្រជាជនបោះឆ្នោតឱ្យក៏គិតថា ខ្លួនឯងមានអំណាចលើសលុបលើប្រជាជន និងអនុវត្តអំណាចនេះ ទៅតាមគំនិតនេះរបស់ពួកគេ ហើយទោះក្នុងករណីដែលពួកគេយល់ពីយន្តការប្រជាធិបតេយ្យក៏ដោយ ក៏មិនសំខាន់ដែរ ព្រោះពួកគេធ្វើអ្វីដែលបម្រើប្រយោជន៍នយោបាយពួកគេ ដូចជាប្រមូលផ្តុំអំណាច មិនមែនដើម្បីត្រឹមត្រូវតាមគោលដៅប្រជាធិបតេយ្យនោះទេ។ សង្គមស៊ីវិល និងគណបក្សនយោបាយចំណាយពេលយ៉ាងច្រើនអំពាវនាវឱ្យប្រជាពលរដ្ឋចុះឈ្មោះ និងចូលរួមបោះឆ្នោត ដោយមិនបានបង្រៀនអ្វីច្រើនពីប្រព័ន្ធប្រជាធិបតេយ្យនោះទេ ដែលនេះក៏ជាកត្តាមួយដែលជំរុញឱ្យពួកគេនៅតែបន្តយល់ថា សិទ្ធិអំណាចរបស់ពួកគេគ្មានអ្វីលើសពីការបោះឆ្នោតនោះឡើយ អ្នកដែលស៊ុបនឹងមតិសន្មតនេះមែនទែន មើលស្រាលអ្នកមិនទៅ ឬមិនបានទៅបោះឆ្នោតថាមិនយល់តម្លៃនៃសិទ្ធិខ្លួនឯង ទោះបីភស្តុតាងជាក់ស្តែង បោះឆ្នោត៥ដងហើយ (សេរីឬមិនសេរីដូចតែគ្នា ស្ថាប័នបោះឆ្នោតឯករាជ្យឬអត់, ឧ. នៅសម័យអ៊ុនតាក់ឯករាជ្យ) គ្មានឥទ្ធិពលលើការកម្រិតអំណាចរដ្ឋដដែល។ ជាលទ្ធផលចេញពីឃោសនារបស់គណបក្សនិងសង្គមស៊ីវិល ប្រជាពលរដ្ឋយល់ថា ប្រជាធិបតេយ្យគ្រាន់តែការបោះឆ្នោត, បញ្ហាគ្រប់យ៉ាងអាចដោះស្រាយបានតែតាមរយៈការបោះឆ្នោតនិងពឹងអ្នកនយោបាយ ហើយនៅពេលការបោះឆ្នោតគ្មានប្រសិទ្ធភាពទៅលើការកម្រិតអំណាចគណបក្សបក្សជាប់និងឈ្នះឆ្នោត មិនអាចទប់ស្កាត់ឥទ្ធិពលគណបក្សឈ្នះឆ្នោតទៅលើស្ថាប័នកំពូល តុលាការនិងសភា ឬក៏នៅពេលការបោះឆ្នោតមានភាពមិនប្រក្រតី, ពួកគេក៏ទាល់តម្រិះ មិនដឹងធ្វើអ្វីក្រៅពីបាតុកម្មតែម្តង ហើយដល់ក្រោយបាតុកម្មបរាជ័យទៀត ពួកគេក៏បែរទៅរកវិធីចាស់ដដែល គឺបោះឆ្នោត; ផ្ទុយទៅវិញ អ្នកវិភាគឯករាជ្យបានត្រឹមតែអធិប្បាយដដែលៗថា បាតុកម្មមិនមែនជាដំណោះស្រាយ និយាយហាក់ដូចជាការបោះឆ្នោតនិងការចរចារវាងអ្នកនយោបាយ ធ្លាប់បានដោះស្រាយបញ្ជាច្រើនណាស់មកហើយអ៊ីចឹង ទោះបីរាល់ការបោះឆ្នោតតាំងពីគណបក្សប្រជាជនឡើងកាន់អំណាចមកតែងមានភាពមិនប្រក្រតីតិចឬច្រើន, ហើយការចរចានយោបាយ បក្សមានអំណាចជាងតែងទទួលបានផលប្រយោជន៍ច្រើនបំផុតពីការចរចា, ទោះកិច្ចព្រមព្រៀងនយោបាយច្រើនចេញជាវិសោធនកម្មរដ្ឋធម្មនុញ្ញធ្វើឱ្យច្បាប់នេះបាត់បង់លក្ខណៈប្រជាធិបតេយ្យ ហើយគណបក្សប្រជាជនតែងតែយកប្រៀបបានលើគណបក្សផ្សេង ក៏អ្នកវិភាគនៅតែអធិប្បាយដដែលៗថា មានតែការចរចានយោបាយប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាបាន។
យ៉ាងណាក៏ដោយ អំណាចប្រមូលផ្តុំលើគណបក្សនិងប្រធានគណបក្សនេះ ចម្បងបំផុតមិនមែនមកពីឈ្នះឆ្នោតនិងប្រព័ន្ធបោះឆ្នោតសមាមាត្រ ដូចលោក គល់ បញ្ញា លើកឡើងទាំងស្រុងដែរ គឺថា រដ្ឋាភិបាលគណបក្សប្រជាជនមានឥទ្ធិពលលើសភានិងតុលាការ មិនមែនមកពីឈ្នះឆ្នោតទេ ត្បិតធ្លាប់ចាញ់ឆ្នោតដែរ គឺពួកគេមានឥទ្ធិពលខ្លាំងបែបនេះរួចហើយ តាំងពីមុនការបោះឆ្នោតឆ្នាំ១៩៩៣ មកម្ល៉េះ, ការបោះឆ្នោតគ្រាន់តែជួយផ្តល់ភាពស្របច្បាប់ដល់អំណាចប្រមូលផ្តុំរបស់ពួកគេប៉ុណ្ណោះ។ អំណាចប្រមូលផ្តុំនេះ ជាលទ្ធផលចេញពីចលនាប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហមនិងប្រព័ន្ធដឹកនាំបែបកុម្មុយនិស្ត ក្រោមការគាំទ្ររបស់វៀតណាម បង្កើតជារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិត ដឹកនាំបែបឯកបក្សតាំងពីពេលនោះមក ហេតុនេះហើយទើបរចនាសម្ពន្ធអំណាចនេះ មិនបានផ្លាស់ប្តូរឡើយ ទោះមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនិងការបោះឆ្នោតឆ្នាំ១៩៩៣ (គណបក្សប្រជាជនចាញ់ ឬឈ្នះក៏អំណាចនៅតែប្រមូលផ្តុំ ពីលើចុះក្រោម)។ យើងទទួលស្គាល់ថា ការឈ្នះឆ្នោតចូលរួមចំណែកក្នុងការអនុញ្ញាតឱ្យបក្សឈ្នះឆ្នោតប្រើប្រាស់ធនធានរដ្ឋទៅពង្រីកពង្រឹងប្រមូលផ្តុំអំណាច និងទាក់ទាញប្រជា្រប្រិយភាពតាមរយៈបណ្តាញបក្សពួកនិយមឬបរិបាលកិច្ច (Patronage) គឺផ្តល់សេវាកម្មរដ្ឋនិងការអភិវឌ្ឍជូនតែតំបន់ណាដែលពោរពេញដោយពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សខ្លួន និងបណ្តោយឱ្យរស់តាមយថាកម្មចំពោះតំបន់ណាដែលពោរពេញដោយពលរដ្ឋបោះឆ្នោតឱ្យបក្សផ្សេង។ ទោះបីអ៊ីចឹងមែនក៏ដោយ ក៏គណបក្សប្រជាជនក្តោបក្តាប់អំណាចទាំងស្រុងមិនមែនមកពីការបោះឆ្នោតឆ្នាំ១៩៩៣និង៩៨ នោះទេ ពិតមែនតែបក្សនេះឈ្នះឆ្នោតនៅអាណត្តិទីពីរ ឈ្នះទាំងពលរដ្ឋជាច្រើនមិនបានបោះឆ្នោតឱ្យក៏ដោយ(គេដឹងមិនបានបោះឆ្នោតឱ្យ តាមរយៈបាតុកម្មទ្រង់ទ្រាយធំតវ៉ាលទ្ធផលឆ្នោតនៅឆ្នាំ៩៨) តែការពិតគណបក្សប្រជាជនទំនងក្តាប់អំណាចទាំងស្រុងបាន ដោយសារធ្វើរដ្ឋប្រហារមុនការបោះឆ្នោតប៉ុណ្ណោះ ពួកគេបានត្រួតត្រាស្ថាប័នរដ្ឋបានទាំងស្រុង រួមទាំងស្ថាប័នបោះឆ្នោត ពោលគឺដូចមុនឆ្នាំ៩៣ ដែរ គឺប្រមូលផ្តុំអំណាចតាមរយៈប្រើកម្លាំងទ័ពដដែល។
កត្តាមួយទៀតដែលនាំទៅរកការប្រមូលផ្តុំអំណាចរបស់បក្សឈ្នះឆ្នោតគឺថា គណបក្សឈ្នះឆ្នោតអនុម័តច្បាប់និងវិសោធនកម្មច្បាប់ រាប់ទាំងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីប្រមូលផ្តុំអំណាច ពោលគឺវិសោធនម្មមាត្រាណានៃរដ្ឋធម្មនុញ្ញ ដែលកម្រិតអំណាចរដ្ឋាភិបាល ឬបក្សឈ្នះឆ្នោត, កែមាត្រាឬអនុម័តច្បាប់ មិនឱ្យមានការបែងចែកអំណាចសភានិងតុលាការដាច់ពីរដ្ឋាភិបាល, មិនគោរពមាត្រាដែលធានាអព្យាក្រឹត្យស្ថាប័នយោធា ស្ថាប័នព្រះមហាក្សត្រ និងតុលាការ ហើយនិងមាត្រាណាផ្តល់អំណាចដល់ប្រជាជន ដូចជា អំពីសមាជជាតិមួយឆ្នាំម្តង ត្រូវបានបំភ្លេចចោលហាក់ដូចគ្មានក្នុងរដ្ឋធម្មនុញ្ញតែម្តង, មិនគោរពមាត្រាណាដែលរារាំងខ្លួនពីការធ្វើទុក្ខសមាជិកបក្សប្រឆាំង ដូចជា មាត្រាអំពីអភ័យឯកសិទ្ធិសមាជិកសភា…បានសេចក្តីថា មិនមែនឈ្នះឆ្នោត ហុចទៅរកលទ្ធផលត្រួតត្រាសភានិងតុលាការដោយស្វ័យប្រវត្តិទេ បក្សកាន់អំណាចបានព្យាយាមតាមវិធីជាច្រើនដើម្បីសម្រេចគោលដៅនេះ ដោយចែចង់ ទិញដោយឱ្យលាភសក្ការៈនិងផ្តល់តំណែងជាថ្នូរនឹងគណបក្សដទៃ, ឧ. ហ្វ៊ុនស៊ិនប៉ិចនិងគណបក្សប្រជាជនចរចាបង្កើតកិច្ចព្រមព្រៀងនៅឆ្នាំ២០០៤ចេញជាវិសោធនកម្មរដ្ឋធម្មនុញ្ញ បោះឆ្នោតជាកញ្ចប់ដោយលើកដៃក្នុងពេលតែមួយ ជ្រើសតាំងរចនាសម្ពន្ធរដ្ឋសភានិងរដ្ឋាភិបាល ដែលមាត្រាចាស់តម្រូវឱ្យបោះឆ្នោតពីរដងផ្សេងគ្នា ជាលទ្ធផល ធ្វើឱ្យគ្មានការបែងចែងអំណាចដាច់ដោយឡែករវាងសភានិងរដ្ឋាភិបាល ហើយការបោះឆ្នោតដោយលើកដៃធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តដោយសម្ងាត់ឯករាជ្យពីភ្នែកបក្ស ធ្វើឱ្យតំណាងរាស្ត្របាត់បង់សេរីភាពសម្រេចចិត្តតែម្តង ត្បិតបក្សនឹងធ្វើទុក្ខបុកម្នេញដល់អ្នកណាដែលមិនលើកដៃ, ការបោះឆ្នោតដោយលើកដៃក្នុងសភាបង្កើតបានជាសម្ពាធក្រុម ដែលដាក់បន្ទុកឱ្យសមាជិកលើកដៃតាមក្រុម ទោះចង់ឬមិនចង់។ វិសោធនកម្មនេះបង្កសេចក្តីទោមនស្សដល់មជ្ឈដ្ឋានជាច្រើន រួមមានសម្តេចតា (ដាក់រាជ្យក្រោយមក), គណបក្ស សម រង្ស៊ី, សង្គមស៊ីវិល, អ្នកវិភាគឯករាជ្យ សូម្បីមនុស្សក្នុងគណបក្សប្រជាជនពោលគឺ លោក ជា ស៊ីម ដែលត្រូវបានជម្លៀសចេញទៅប្រទេសថៃ ក្រោមលេសមើលជំងឺ ដោយសារមិនព្រមចុះហត្ថលេខាយល់ព្រម។ គួរបញ្ជាក់ឱ្យច្បាស់ត្រង់ករណីវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៦ គណបក្ស សម រង្ស៊ី មិនអាចរាប់ថា បក្សកាន់អំណាចចែចង់ឱ្យជួយកែរដ្ឋធម្មនុញ្ញទេ ព្រោះប្រធានបក្សនេះ បានស្នើវិសោធនកម្មរដ្ឋមនុញ្ញដោយខ្លួនឯង មិនមែនបក្សកាន់អំណាចចែចង់ឱ្យកែឡើយ គឺកែមាត្រាដែលនាំឱ្យជាប់គាំងក្រោយការបោះឆ្នោតឆ្នាំ២០០៣ ពោលគឺត្រូវការសំឡេងពីរភាគបីដើម្បីរដ្ឋាភិបាល ដែលបក្សឈ្នះឆ្នោតមិនងាយរកសំឡេងបានគ្រប់ឡើយ ត្រូវការសំឡេងបង្គ្រប់ពីបក្សជាប់ឆ្នោតដទៃទៀត ប៉ុន្តែក្រោយកែមក៥០បូក១ ឬភាគច្រើនដាច់ខាតធ្វើឱ្យបក្សឈ្នះឆ្នោតងាយរកសំឡេងបានគ្រប់ លែងត្រូវការសំឡេងពីបក្សជាប់ដទៃ អំណាចក៏ផ្តុំលើបក្សឈ្នះឆ្នោតរឹតតាំងខ្លាំង។
គណបក្សប្រជាជនបានចំណាយរយៈពេលកាន់អំណាចលើសពី៣០ឆ្នាំរបស់ខ្លួន ក្នុងការពង្រឹងពង្រីកអំណាចដោយមិនធ្វើឱ្យស្ថាប័នរដ្ឋឯករាជ្យពីបក្សនយោបាយ, ស្ថាប័នរដ្ឋក្លាយជាស្ថាប័នបក្ស ដោយតម្រូវឱ្យអ្នកធ្វើការបម្រើស្ថាប័នរដ្ឋត្រូវតែចូលជាសមាជិកគណបក្សកាន់អំណាច, ឧ. អ្នកចូលបម្រើការងារជាព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធរដ្ឋនិងមន្ត្រីរាជការ ត្រូវតែចូលជាសមាជិកបក្សកាន់អំណាច។ ម្យ៉ាងទៀត គឺការបង្កើតទំនាក់ទំនងបម្រើប្រយោជន៍គ្នាទៅវិញទៅមកនឹងអ្នកជំនួញធំៗនៅកម្ពុជា ដោយប្រើប្រាស់ធនធានរដ្ឋនិងធនធានបានមកពីទំនាក់ទំនងនឹងអ្នកមានធំៗនេះទៅបម្រើគោលដៅប្រមូលផ្តុំអំណាច។ លោក អៀ សុផល អ្នកនិពន្ធសៀវភៅ «Aid Dependence in Cambodia» ចាត់ទុករបៀបគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ថាដូចជារបៀបគ្រប់គ្រងជំនួញគ្រួសារ ដោយសារការៀបចំរចនាសម្ពន្ធដឹកនាំរដ្ឋ តាមរយៈខ្សែស្រឡាយសាច់ញាតិគ្រួសាររបស់ក្រុមអ្នកមានអំណាច និងអាពាហ៍ពិពាហ៍រវាងកូនចៅខ្សែស្រឡាយឥស្សរជន។ កាន់តែច្បាស់ទៅទៀត អង្គការ Global Witness បានចេញរបាយការណ៍មានចំណងជើងថា «Hostile Takeover» បានបរិយាយពីរបៀបដែលគ្រួសារត្រកូលហ៊ុន ប្រើប្រាស់អំណាចនយោបាយធ្វើជាចន្ទល់ក្នុងការធ្វើជំនួញ បង្ហាញថាទស្សនៈរបស់លោក សុផល គឺត្រឹមត្រូវ។
ទាញត្រលប់មកវិញ នេះក៏មានន័យថា ការបោះឆ្នោតដែលមានសក្តានុពល ផ្លាស់ប្តូរបក្សកាន់អំណាចយូរដែលមានអំណាចលើស្ថាប័នរដ្ឋស្ទើរទាំងស្រុង គឺស្មើនឹងការផ្លាស់ប្តូររបប មិនមែនផ្លាស់ប្តូរត្រឹមគណបក្សនយោបាយនោះទេ។ អាស្រ័យលើលក្ខខណ្ឌមិនប្រាកដមួយចំនួនដែលថា គណបក្សឈ្នះឆ្នោតថ្មីអាចឡើងកាន់អំណាចបាននិងប្រាកដជាបានអំណាច បន្ទាប់មកបក្សកាន់អំណាចឡើងមកថ្មីនេះ ធ្វើកំណែទម្រង់រចនាសម្ពន្ធអំណាចផ្តុំសម្រេចចិត្តលើបុគ្គលម្នាក់ (នាយករដ្ឋមន្រ្តីឬប្រធានបក្សឈ្នះឆ្នោត) ឬកែបំបែកមកសមាជិកថ្នាក់ក្រោម មានន័យថា មិនមែនរាល់ការផ្លាស់ប្តូររបបចេះតែទទួលបានលទ្ធផលផ្សេងរហូតទេ ពេលខ្លះចេញពីរបបផ្តាច់ការមួយទៅរបបផ្តាច់ការមួយថ្មីទៀត គេមិនគួរគិតងាយៗថា រាល់គណបក្សដែលឡើងមកថ្មី តែងតែដឹកនាំនិងធ្វើកំណែទម្រង់ស្ថាប័នរដ្ឋឱ្យមានលក្ខណៈប្រជាធិបតេយ្យឬធ្វើឱ្យដាច់ដោយឡែកពីគណបក្សនយោបាយនោះទេ។
លោក កែម ឡី បានប្រាប់សារព័ត៌មាន CBN ថា «ក្នុងពិភពលោក [ជា] បទពិសោធ ការផ្លាស់ប្តូរដោយសន្តិវិធីគឺការបោះឆ្នោត ប៉ុន្តែប្រសិនបើបោះឆ្នោតចាញ់ហើយ មិនព្រមទទួលខ្លួនថាចាញ់ម្តងហើយម្តងទៀត វាចៀសមិនផុតពីការផ្លាស់ប្តូរមួយប្រកបដោយការបង្ហួរឈាមឬក៏ហិង្សាទេ ជាបទពិសោធ ដូចជានៅប្រទេសម៉ូរ៉ូកូ, នៅប្រទេសលីប៊ី, នៅប្រទេសស៊ីរី, នៅប្រទេសយេមែន នៅប្រទេសផ្សេងៗទៀតដែលយើងចួបប្រទះកន្លងមក។» លោកមើលឃើញពីលទ្ធភាពដែលបក្សកាន់អំណាចមិនព្រមទទួលយកលទ្ធផលឆ្នោត ដូចបានកើតឡើងរួចហើយនៅឆ្នាំ១៩៩៣។ ការចរចាក្រោយបោះឆ្នោតឆ្នាំ៩៣ បក្សប្រជាជនទោះចាញ់ឆ្នោត ទាមទារចែកអំណាចស្មើនឹងបក្សឈ្នះឆ្នោត ហើយការអនុវត្តជាក់ស្តែង បក្សនេះមានអំណាចនិងគ្រប់គ្រងស្ថាប័នរដ្ឋស្ទើរទាំងស្រុង។ មិនមែនគ្មានច្រកចេញទេ មានវិធីផ្លាស់ប្តូរក្រៅពីការបោះឆ្នោតនិងការចរចាផ្ទេរអំណាចរវាងអ្នកនយោបាយ ដែលគេស្គាល់ថាជាការផ្លាស់ប្តូរដោយគ្មានការបង្ហូរឈាម ផ្ទុយពីចលនាប្រដាប់អាវុធនិងរដ្ឋប្រហារ ដែលពោរពេញដោយការបង្ហូរឈាមពោលគឺចលនាប្រជាជនអហិង្សា ដែលអាចផ្លាស់ប្តូរអំណាចដោយគ្មានការបង្ហូរឈាម យ៉ាងហោចណាស់ ក៏មានតែខាងប្រជាជនប៉ុណ្ណោះរងគ្រោះ ឯខាងរដ្ឋអំណាចរងគ្រោះក្នុងកម្រិតតិចជាង ព្រោះតាក់ទិចអហិង្សាមានសក្តានុពលក្នុងការកាត់បន្ថយកម្រិតអំពើហិង្សាពីភាគីម្ខាងទៀត និងបន្ថយចរិតហិង្សានៃរបបដែលកើតចេញពីចលនានេះផងដែរ។ គេមើលឃើញពីចំណុចនេះ នៅពេលដែលអ្នកតវ៉ាប្រើហិង្សាតបត កម្រិតហិង្សាពីភាគីម្ខាងទៀតនឹងកើនឡើង ហើយអត្រារងគ្រោះក្នុងចលនាប្រជាជនខ្លួនឯងនឹងកើនឡើង ពោលគឺមិនប្រើតាក់ទិចហិង្សាមិនមែនមកពីសណ្តោសប្រណីនឹងភាគីរដ្ឋអំណាចទេ គឺដើម្បីបន្ថយលទ្ធភាពរងគ្រោះនៅក្នុងចលនាខ្លួនឯង។ អ្នកវិភាគឯករាជ្យស្ទើរទាំងអស់ រួមមាន កែម ឡី និង អ៊ូ វីរៈ មើលមិនឃើញជម្រើសនេះទេ ព្រោះពួកគេគ្មានជំនាញខាងចលនាប្រជាជននេះ ហើយច្រើនវាយតម្លៃខុសថាចលនាប្រជាជន នាំមកសង្គ្រាមស៊ីវិល។ គណបក្សកាន់អំណាចមើលឃើញពីលទ្ធភាពនេះ ពួកគេភ័យខ្លាចចលនាបដិវត្តន៍ពណ៌នេះមែនទែន ព្រោះវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំបែកអំណាចប្រមូលផ្តុំ ប៉ុន្តែលោក អ៊ូ វីរៈ យល់ថា រដ្ឋាភិបាលមិនគួរព្រួយបារម្ភខ្លាំងដល់ម្ល៉េះទៅវិញ។ លោកនាយករដ្ឋមន្ត្រីដឹងខ្លួនថា លោកដឹកនាំតាមរបៀបផ្តាច់ការ ដឹងថា បដិវត្តន៍ពណ៌កើតឡើងតែនៅប្រទេសកាន់របបផ្តាច់ការប៉ុណ្ណោះ ដូច្នេះលោកព្រួយបារម្ភ គឺជាការត្រឹមត្រូវ ស្របពេលភស្តុតាងជាច្រើនបង្ហាញថា តាក់ទិចប្រើប្រាស់ក្នុងបដិវត្តន៍ពណ៌ពិតជាអាចផ្តួលរំលំរដ្ឋាភិបាលផ្តាច់ការនិងកុម្មុយនិស្តជាច្រើនកន្លងមកមែន ពិសេសអាចនិយាយបានថា ជាតាក់ទិចបំបែកអំណាចប្រមូលផ្តុំដ៏មានប្រសិទ្ធភាព៕
ដោយ ទេព រ៉ានិត