ខណៈដែលផលិតរឿង «កំពូលស៊យឆ្លងភព» បានអះអាងថា យកដីមួយប្លង់ទៅបញ្ចាំ ដើម្បីថតបញ្ចប់រឿង និងធ្លាក់ខ្លួនមិនមានសូម្បីតែលុយដើម្បីសម្ពោធរឿង នាយចឺម ដែលជាតួអង្គនៅក្នុងផ្ទៃរឿងបានស្នើអោយជួយសង្គ្រោះផលិតករូបនេះ។
លោកថាជារឿងសោកស្ដាយដែលរឿង «កំពូលស៊យឆ្លងភព» ជារឿងដែលលោកយល់ថាមានគុណភាពល្អ ប៉ុន្តែបែរជាថៅកែធ្លាក់ខ្លួនជាប់បំណុលធនាគារ ហើយប្រឈមបាត់បង់ដីស្រែ បើការដាក់បញ្ចាំងរឿងនេះរកដើមរកចុងមិនឃើញ។
លោក តន់ វុទ្ធី អ្នកផលិតរឿង «កំពូលស៊យឆ្លងភព» បានសារភាពថា ដីមួយប្លង់របស់លោកស្ថិតនៅខេត្តកំពង់ចាម លោកបានយកទៅបញ្ចាំធនាគារកាន់តែខ្លាំង ក្នុងពេលដែលលោកក៏គ្មានលទ្ធភាពរកប្រាក់បានបង់ទៀងទាត់ដែលត្រូវប្រឈមធនាគាររឹបអូស។
លោកថាក្នុងពេលផលិតរឿងក្រៅពីអត់មានលទ្ធភាពរកលុយពីការងារផ្សេង លោកក៏ត្រូវការលុយយ៉ាងសន្ធឹកដើម្បីបញ្ចប់រឿងកុំអោយនៅសល់ផងដែរ អ៊ីចឹងហើយទើបសម្រេចចិត្តអត់ធ្វើពិធីសម្ពោធ ព្រោះតែអត់លុយហ្នឹង។
លោកនិយាយថារឿង «កំពូលស៊យឆ្លងភព» ចំណាយទុនអស់ជាង៦ម៉ឺន ទើបតម្រូវអោយលោកប្រមូលលុយពីផ្ទះយកមកថតអស់ឡើង ហើយក៏ត្រូវបង្ខំចិត្តដាក់បញ្ចាំដីមួយប្លង់យកប្រាក់ច្រើនម៉ឺនមកបំពេញបន្ថែមទៀតទម្រាំបានជោគជ័យហ្នឹង។ លោកសារភាពថាក្រោយការផលិតរឿងនេះគឺលោកអស់លុយពីខ្លួនទាំងស្រុង ហើយអ្វីដែលលោកដេកភ័យមិនមានអារម្មណ៍ស្ងប់នោះទៅទៀត គឺជាប់បំណុលធនាគារប្រឈមនឹងបាត់ដីមួយប្លង់ធំដែលលោកបានដាក់បញ្ចំាំ។
លោកថាខ្លួនមានអារម្មណ៍សោកស្ដាយដោយសារតែរឿង «កំពូលស៊យឆ្លងភព» ត្រូវបានដាក់បញ្ចាំងយ៉ាងស្ងាត់ៗនៅថ្ងៃទី១៦ មីនានេះ ហើយមិនមានពិធីសម្ពោធណាមួយនៅមុនទទួលលក់សំបុត្រ។ លោកសារភាពដោយឥតលាក់លៀមថា មានគម្រោងខ្ចីលុយបងប្អូនយកមកធ្វើពិធីសម្ពោធកាលពីថ្ងៃទី១៥ មីនាដែរ តែដោយសារតែខ្វល់រឿងបំណុល និងរកអីអត់បានផង ទើបលុបចោលវិញ។
លោកថាអាចជាប្រវត្តិសាស្រ្តដែលមានផលិតករដូចលោក មិនមានសូម្បីតែលុយសម្ពោធរឿង ក្នុងពេលដែលរឿងទូទៅគឺមានដង្ហើមស្លាប់រស់និងមានពិធីសម្ពោធដើម្បីអោយគេស្គាល់នេះឯង។
លោកបង្ហាញពីការបុកពោះ ដោយសារតែរឿងដាក់បញ្ចាំងលក់សំបុត្រយ៉ាងស្ងាត់ ហើយមិនដឹងថាកម្រិតនៃការចាប់អារម្មណ៍នឹងមានសន្ទស្សន៍ណាបើបញ្ចាំងដោយគ្មានពិធីបែបហ្នឹង។
លោកនិយាយថា «ការពិតរឿងហ្នឹង ខ្ញុំគ្រោងត្រដាបត្រដួសធ្វើពិធីសម្ពោធ ដោយសារតែកៀកថ្ងៃអត់លុយក៏អត់លុយ ស្មុគចិត្តក៏ស្មុគចិត្ត ទើបតាមដំណើរទៅកុំអោយជំពាក់គេច្រើនជាងហ្នឹង!»។
ចាត់ទុកជាលើកទី១ ដែលផលិតករផលិតរឿងមួយដល់ថ្នាក់អត់មានលុយធ្វើពិធីសម្ពោធរឿង ដោយអះអាងថាក្រៅពីអស់លុយក្រោយផលិតរឿងហើយ ក៏ប្រឈមធនាគាររឹបអូសអស់មួយប្លង់ធំទៀត។ លោក តន់ វុទ្ធី និយាយថា បើក្រុមមហាជនមិននាំគ្នាគាំទ្ររឿងលោកក្រោយសម្រេចចិត្តលក់សំបុត្រស្ងាត់ពីថ្ងៃទី១៦ មីនានេះទេ គឺលោកពិតជាវីវរធំជាមួយនឹងខាតដើម។
លោកថាមិនហ៊ានអង្វរកអោយមហាជនទៅទស្សនារឿងលោកទាំងស្រុងនោះទេ ដោយគ្រាន់តែអះអាងថាមានខ្មែរប៉ុណ្ណោះដែលអាចជួយសង្គ្រោះស្នាដៃរបស់លោក ដោយសារតែលោកប្រមូលទ្រព្យនិងយកដីទៅបញ្ចាំសុទ្ធសាធដើម្បីថតចប់។
លោកនិយាយថា «ការពិតរឿងហ្នឹងមានគេប្រាប់ខ្ញុំអត់អោយផលិតទេ ប៉ុន្តែមកពីខ្ញុំសាច់រឿងហ្នឹងពេក ហើយគិតថាមិនអស់ប៉ុន្មានទើបធ្វើហ្នឹង តែមានអីដល់ធ្វើទៅលង់!»។
លោកថាក្រោយពេលដំណើរការចេញថត ស្ថានភាពចំណាយមានការកើនឡើងឥតឈប់ ទើបលោកមិនអាចទម្លាក់ចោលកណ្ដាលទី ហើយសុខចិត្តប្រមូលលុយ និងប្រើជម្រើសចុងក្រោយ យកដីទៅបញ្ចាំ។ យ៉ាងណាមិញ លោកនៅតែសង្ឃឹមថាអ្នកបានទស្សនានឹងសរសើរតគ្នា ដើម្បីអោយមានចលនាជួយទស្សនារឿងលោកអោយមានលទ្ធភាពប្រមូលដើមទុនមកវិញ។ លោកថារឿងនេះបានប្រើដើមច្រើន ដោយសារតែលោកជម្រើសយកសុទ្ធតែតារាល្បី ហើយការថតប្លង់ក៏សម្រិតសម្រាំងដើម្បីអោយមានគុណភាព។
នាយចឺម ដែលជាតួអង្គឯកបានអះអាងថា មានតែការគាំទ្រនិងជួយសង្គ្រោះពីសំណាក់មហាជនប៉ុណ្ណោះ ទើបអាចជួយអោយលោក តន់ វុទ្ធី រួចផុតពីបំណុលនិងគ្មានការរឹបអូសទ្រព្យពីសំណាក់ធនាគារ។ លោកសម្ដែងការកោតសរសើរដែលផលិតររូបនេះ មិនមែនជាអ្នកមានទ្រព្យហូរហៀរតែស៊ូផលិតរឿង «កំពូលស៊យឆ្លងភព» រហូតដល់ចប់ព្រោះតែស្រឡាញ់សិល្បៈភាពយន្ត។
យ៉ាងណាមិញ លោកក៏ទទូចអោយខាងម្ចាស់ផលិតកម្មនីមួយៗ គួរតែមានដើមទុនអោយបានគ្រប់គ្រាន់ផងដែរមុនការផលិតរឿង ដើម្បីកុំអោយប្រឈមនឹងហានិភ័យកើតឡើងនៅពេលអ្នកទស្សនាទិញសំបុត្រចូលមើលមិនដូចរំពឹងទុក៕