ណាតាហ្សា ត្រូវមហាហង្ស​​ដាក់​​ជំនួស សុខ​ សោម៉ាវត្តី

តារា​សម្ដែង​ជនជាតិ​ខ្មែរ​​ឥស្លាម​នាង ​ណាតាហ្សា (វង្ស សុម៉ាលីន)

​​​​​​​គ្មានអ្នកណាមិនចាប់​អារម្មណ៍​នោះទេ ​​ក្នុង​ពេល​​​​តារា​សម្ដែង​ជនជាតិ​ខ្មែរ​​ឥស្លាម​នាង ​ណាតាហ្សា​​​ ដែល​​ត្រូវគេស្គាល់ថា​​​​​​​បាន​ល្បីឈ្មោះ​​​​​ក្នុង​រឿង​ «​​​កំណត់​ហេតុ​នាង​នាថ» របស់​ផលិត​កម្ម​​​​ឥន្ទ្រា​និមិត្ត ​ស្រាប់តែ​មកបាន​​ទទួល​​តំណែង​​តួ​ឯកដល់ទៅ​ពីរ​រឿង​ជាប់​គ្នា​​ភ្លាមៗ ក្នុង​​រឿង​ថ្មីៗរបស់​​ផលិត​កម្ម​មហាហង្ស។

នាង​ត្រូវ​ផលិត​ករ​មហាហង្ស​ប្រកាស​ថានឹង​​លើក​​អោយក្លាយជាតួ​ស្រី​លេចធ្លោ​ម្នាក់​​​​​តាមរយៈខ្សែ​រឿង​​​​​​​​បន្ត​បន្ទាប់ ជំនួស​​អ្នកនាង​ សុខ​ សោម៉ាវត្តី ដែល​ប្រកាស​ឈប់ទទួល​​យកការសម្ដែង​ក្នុង​ឆ្នាំ​​២០១៧​នេះ​ផង​។

​​លោក អ៊ិន សុភិន ​​ម្ចាស់​ផលិតកម្ម​មហាហង្ស​បានអះអាងថា​​ ​ក្នុងឆ្នាំ​​២០១៧​នេះ ​​តារា​សម្ដែង​​​នាង ​​​​សុខ សោម៉ាវត្តី ​​មិនសូវចង់​ទទួលសម្ដែ​ង​នោះទេ ដោយសារតែ​នាង​មាន​​​ភារៈ​​ចង់​បើកគម្រោង​រកស៊ី ហើយ​ប្រកាស​​​​​​​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ដើម្បី​ងាកទៅ​គិត​រឿង​​រកស៊ី​។

​លោកថា​នាង​​បានទទួល​សម្ដែង​​​ជាតួ​​ឯកក្នុង​រឿង​ «​ក្រមុំចាស់​​ប៉ះ​កំលោះ​ស្ទាវ» ​​​ជាមួយ​នឹង​តារា​សម្ដែង​​​នាង ណាតាហ្សា ដោយ​ភាព​ទើស​ទាល់​ប៉ុណ្ណោះ ទើប​លោកគិតថា​​បើ​​តារា​ស្រី​រូប​នេះ​​​​​​​​​ប្រកាន់ជំហរ​ឈប់សម្ដែង​គឺ​មានតែ​រ​កអ្នកជំនួស ដែលអាច​សម្ដែង​បាន​​​ច្រឡឺម និង​ក្រមិច​ក្រមើមដូច​នាង​។

​លោកថា​ខ្លួន​បាន​​សំឡឹង​ឃើញ​​តួឯកស្រី​​ក្នុង​រឿង​ «​កំណត់​ហេតុ​នាងនាថ» ​​នា​ង ​ណាតាហ្សា​ ទើប​សម្រេច​​​យកនាង​​​មក​អោយ​សម្ដែង​តួ​ឯកក្នុង​រឿង​ «​​ក្រមុំ​ចាស់​​​ប៉ះ​កំលោះស្ទាវ» ​​​​​គូ​ជាមួយ​​​អ្នក​នាង​ សុខ សោម៉ាវត្តី ​ហើយ​កត់សម្គាល់ឃើញថា​ល្អ​មិនចាញ់​គ្នា ដែល​ជំរុញអោយលោក​​​អោយ​នាង​អោយ​ធ្វើតួ​ឯកម្ដងទៀត​ក្នុង​រឿង​ ​«​កញ្ចក់​» ​​ដែល​​ទើប​នឹង​បាន​ចេញ​ថត​បាន​ប៉ុន្មានថ្ងៃ។

លោកថា​​ហេតុ​ផលដែល​លោកជ្រើស​​យក ​ណាតាហ្សា អោយសម្ដែង​​​២​រឿងជាប់​គ្នា គឺដោយសារតែ​​​​​ផលិតកម្មរបស់​លោក​​​​មានអ្នក​ផលិត​ច្រើន​ក្រុម​ ដោយ​​គ្រាន់តែ​ក្រុម​​​ផលិត​​ភាព​យន្ត​ខ្នាតធំ​ និង​​​ក្រុ​មផលិត​រឿង​ភាគ មានរហូត​​ដល់​​២​បី​ក្រុម​ផ្សេង​គ្នា និង​ត្រូវការ​ផលិតរឿង​ភាគ និង​រឿង​ដុំបណ្ដាក់​គ្នា​ដើម្បី​តម្រូវការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកួត​ប្រជែង។

​​លោកថា​​​​​​​ផលិតកម្ម​​មហាហង្ស​មាន​គម្រោង​អោយ សុខ សោម៉ាវត្តី​​​ សម្ដែង​តួឯកច្រើន​រឿង តែ​ដោយសារតែ​នាង​ចាប់​ផ្ដើម​បដិសេធ ទើប​​​លោកយល់ថា​​តំណែង​​​មួយ​នោះ​ទំនង​ជា​​សម​​​​ចំពោះ​ ណាតាហ្សា​​​​ សម្រាប់​ក្រសែ​ភ្នែករបស់​លោក។

លោកថា​ក្នុង​​រឿង​​​​ «​កំណត់​​​ហេតុ​នាង​នាថ»​ ណាតាហ្សា​​​ ​មិន​បាន​សម្ដែង​​​អោយ​ឃើញ​ពីសមត្ថភាព​ក្រមិច​ក្រមើម​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​​​​​ឱកាស​បានធ្វើការជាមួយ​នាង​​ក្នុង​រឿង ​​«​ក្រមុំចាស់​​ប៉ះ​កំលោះស្ទាវ» ​​ទើប​លោកដឹង​ថា​នាង​សម្ដែងជា​តួអង្គ​​ច្រឡឺម និង​កំប្លែង​បាន​ល្អ ដោយការ​​​ប៉ះ​គ្នា​ជាមួយ​​តារា​សម្ដែង​ ​សុខ សោម៉ាវត្តី គឺ​លោក​យល់​ថា​អ្នកទំាងពី​​លេង​​​​​ច្រឡឺម​​បាន​ស៊ីសង្វាក់​គ្នា។

​លោកថា​​​លោករកឃើញ​អ្នក​​អាច​លេង​បាន​​តំណែង​របស់​ សុខ សោម៉ាវត្តី ហើយ ​​តែ​នោះ​មិនមាន​ន័យថា​​​​​​អោយតែ​​​​គ្រប់​សាច់រឿងដែល​លោកយល់​ថា​សមនឹង ​សុខ សោម៉ាវត្តី ​​សុទ្ធតែ​​​យ​កមកអោយ ណាតាហ្សា​​​ ​សម្ដែង​នោះទេ គឺ​​គ្រាន់​តែមានសម្អាងថា​បើ​​​ ​សុខ សោម៉ាវត្តី អត់​ទទួល​លេង ​​លោក​នឹង​មាន​តួ​​​​​​​​​​​​សម្រាប់​ត្រៀម​ទុក​ប៉ុណ្ណោះ​​។

លោកនិយាយថា​ «​​​​​​​ឥឡូវ​ហ្នឹង​ អាតី​​ គាត់​​​​អត់​សូវ​ចង់​ទទួល​​រឿងទេ ​​ចឹង​ហើយ​ទើបខ្ញុំ​យល់ថា​​​​​​បើ អាតី​ អត់​លេង ​​Role (ចរឹត)តួអាតី​​​​ គឺ​ ណាតាហ្សា​​ លេង​ល្អ ចឹង​​​បានគ្រាន់តែខ្ញុំឃើញ​គាត់លេង​ល្អ​ក្នុង​រឿងទី១​របស់​ខ្ញុំ ខ្ញុំ​អោយគាត់ធ្វើតួឯក​ក្នុង​រឿង ​«​កញ្ចក់​» មួយទៀត​ភ្លាម»។

លោកថា ​​​ណាតាហ្សា ​ជាខ្មែរ​ឥស្លាមនិង​ជាតួ​ថ្មីម្នាក់​ តែសមត្ថភាព​​សម្ដែង​របស់​នាង​​មិនអន់​ជាង​តារា​ជើង​ចាស់​នោះទេ ដោយសូម្បីតែ​ការ​យល់​​​ពីប្រពៃណីខ្មែរក៏ច្រើន​ណាស់ដែរ​ទើប​នាង​សម្ដែង​សម​។

លោកថា​​​​តាមរយៈ​រឿង​​ «​កញ្ចក់​» ​​មហាជននឹង​​ដឹងកាន់តែ​ច្បាស់​​ថា​ ណាតាហ្សា​ ពូកែ​ក្រមិច​ក្រមើម ទើប​​​​​​​​​លោក​ប្រកាស​ថា​ក្រោយ​បញ្ចប់​រឿង​២​​​របស់​នាង​នៅមហាហង្ស ​​លោកនឹង​អោយ​សម្ដែង​ជា​តួ​​​​​​​​​​២បីរឿង​ទៀត​ ដើម្បីអោយនាង​កាន់តែឡើងកូដ។

​លោកថា​រឿង «​កញ្ចក់»​ នឹង​ដាក់​បញ្ចាំង​តាមកុន​​មិនហួស​ពី​ចុង​ឆ្នាំ​នេះ ដោយលោករំពឹង​ថា​​នឹង​​ក្លាយជា​រឿង​ដែលមាន​​មានការ​ចាប់អារម្មណ៍​នោះ​ផង​។

កញ្ញា ណាតាហ្សា បានអះអាងថា​ក្នុង​ចំណោម​​រឿង​ចំនួន​២​របស់​ផលិតកម្ម​មហាហង្ស​ ​នាង​ពេញចិត្ត​ជា​ង​គេ​គឺរឿង​ «កញ្ចក់​​​»​ ដោយសារតែ​ក្នុង​រឿង​នោះ​មានឈុត​ជា​ច្រើន​ដែល​នាង​យល់​ថា​ពិបាក​សម្ដែង។ ​​នាង​​​ថា​ខ្លួន​​សប្បាយចិត្ត​ដែល​បានធ្វើការជាមួយ​​​​ផលិតកម្ម​មហាហង្ស ​ដោយ​ក្រៅពី​បាន​ទទួល​តំណែង​​​តួឯកដល់​ទៅ​២​រឿង​​​​ជាប់គ្នា​ក៏​​​​​​ត្រូវ​​​ម្ចាស់​ផលិតកម្ម​​​​​​ប្រកាស​អោយ​​​ត្រៀមសម្រាប់​​​​​រឿង​ថ្មី​បន្ត​​ទៀត។

យ៉ាងណាមិញ ​​​​​​​​​​​​​​​​​នាងមិន​ហ៊ាន​ទទួល​ពាក្យថា​នាង​សម្ដែង​បាន​​​ល្អ​ដូច​គ្នា​នឹ​ង ​សុខ សោម៉ាវត្តី​ នោះទេ ​​ដោយ​នាង​​​ប្រកាសថា​នៅ​ស្ទើរ​ច្រើន​ណាស់ បើ​​អោយ​ប្រដូច​នឹង​រៀម​ច្បង​ម្នាក់​នោះ។

នាងថា​​​​​​​​​​​ខ្សែរឿង ​​​​«​កញ្ចក់​»​ ហាក់​ធ្វើអោយ​នាង​​មានទំនុកចិត្ត​ខ្ពស់​ថា​នឹង​ល្អ​​​​មិនចាញ់​រឿង ​​«​​កំណត់​ហេតុ​នាង​នាថ» ​​ដោយសារតែ​ក្នុង​រឿង​នោះ នាង​ថា​​​មានសាច់រឿ​ងល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ