ពីសារនយោបាយ «ដូរមិនដូរ» មក «ប្តូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ!» ពាក្យ «ដូរ» នេះធ្វើឱ្យគណបក្សប្រឆាំងកើនសំឡេងនិងប្រជាប្រិយភាពជាខ្លាំង ហើយវាក៏ធ្វើឱ្យគណបក្សកាន់អំណាចឈឺចាប់ខ្លាំងណាស់ដែរ ដែលធ្វើឱ្យបក្សនេះបាត់បង់ ២២កៅអី កាលពីអាណត្តិទី៥ ម្ល៉ោះហើយពួកគេស្អប់ពាក្យ «ដូរឬប្តូរ» នេះពេកក្រៃ។ នេះក៏ដោយសារ គណបក្សប្រជាជនកាន់អំណាចយូរពេក មានលក្ខណៈអភិរក្ស ដឹកនាំតាមរបៀប៧៩ ដែលមិនអាចផ្លាស់ប្តូរតាមកាលសម័យនៃយុវជនសម័យថ្មីបាន ហេតុនេះហើយ បក្សនេះមានចំណុចជាច្រើនដែលត្រូវផ្លាស់ប្តូរ ប៉ុន្តែដោយសារផ្លាស់ប្តូរខ្លួនឯងមិនបានច្រើនតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដូច្នេះមានតែចាំឱ្យបក្សផ្សេងមកផ្លាស់ប្តូរឱ្យ ឬ ជំនួសបក្សនេះតែម្តងប៉ុណ្ណោះ (ពាក្យរបស់ កែម ឡី)។
បក្សប្រឆាំងសម្លឹងឃើញឱកាសដែលបក្សកាន់អំណាច មិនអាចផ្លាស់ប្តូរខ្លួនឯងបានច្រើនក៏មិនចង់ផ្លាស់ប្តូរតែម្តងនៅផ្នែកស៊ីរូងជ្រៅខ្លះ ក៏ប្រើប្រាស់សារនយោបាយឃោសនានៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ថា «ដូរមិនដូរ» ដែលឆ្លុះបញ្ចាំងនូវខ្លឹមសារបង្កប់មួយថា មិនសំខាន់ថាគណបក្សប្រឆាំងនឹងអាចដឹកនាំប្រទេស ដោះស្រាយបញ្ហាកំពុងប្រឈមឬបន្សល់ទុកពីរដ្ឋាភិបាលមុនមិនបានឬបានកម្រិតណានោះទេ សំខាន់បំផុតគឺប្តូរបក្សកាន់អំណាចឱ្យបានសិន រឿងបក្សប្រឆាំងនឹងធ្វើការដោយមានប្រសិទ្ធភាពឬអត់ គឺមិនពាក់ព័ន្ធ។ ហៀបនឹងការបោះឆ្នោតឃុំសង្កាត់ គណបក្សកាន់អំណាចនៅតែដដែល គឺនៅតែត្រូវការការផ្លាស់ប្តូរ ដូច្នេះបក្សប្រឆាំងមិនចាំបាច់ផ្លាស់ប្តូរអ្វីច្រើនទេ ព្រោះមិនពាក់ព័ន្ធ អ៊ីចឹងហើយ ពាក្យ «ដូរឬប្តូរ» នៅតែត្រូវបក្សប្រឆាំងប្រើជាសារនយោបាយ ឯបក្សកាន់អំណាចវិញ កាលបើមានបទពិសោធកាលពីអាណត្តិទី៥ម្តងហើយ ក៏ប្រញាប់ចាត់វិធានការប៉ុនប៉ងប្តឹងផ្តល់គណបក្សប្រឆាំងភ្លាម មិនចង់អាម៉ាស់នឹងពាក្យប្តូរនេះម្តងទៀត។
មិនថាកាលនៅជាគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស ឬគណបក្សសង្គ្រោះជាតិនោះឡើយ ប្រជាប្រិយភាពបក្សប្រឆាំងគឺបានពីគុណវិបត្តិរបស់បក្សកាន់អំណាច ជាជាងគុណសម្បត្តិរបស់បក្សប្រឆាំងខ្លួនឯង ហើយបក្សប្រឆាំងខ្លួនឯងក៏បានដឹងដែរថា សារនយោបាយរបស់ខ្លួន បើចង់ឱ្យមានប្រសិទ្ធភាព ត្រូវតែផ្តោតលើការរិះគន់បក្សកាន់អំណាច ដូច្នេះហើយទើបសារឃោសនាបោះឆ្នោតឃុំសង្កាត់របស់ពួកគេសម្រាប់អាណត្តិទី៦ ជាសារថ្មីតែអត្ថន័យចាស់។ ការប្រើសារខ្លី សាមញ្ញ មានពាក្យចួន គឺទំនងជាមានបំណងចង់ឱ្យងាយយល់ ស្តាប់ឬអានទៅងាយចាំ ពិសេសគឺត្រូវតែមានខ្លឹមសាររិះគន់បក្សកាន់អំណាច ដែលធាតុផ្សំសំខាន់ក្នុងការកំណត់ប្រសិទ្ធភាពសារក្នុងកាលៈទេសៈដែលគេស្អប់បក្សកាន់អំណាច ត្បិតធម្មតា ចិត្តសាស្ត្ររបស់មនុស្សចងចាំឬឆាប់ចាំអ្វីដែលអវិជ្ជមានជាជាងវិជ្ជមាន។ មិនខុសប៉ុន្មានពីសារ «ដូរមិនដូរ» បក្សប្រឆាំងដែលជាអ្នកទៅប្តូរគេ មិនចាំបាច់ប្តូរខ្លួនឯងច្រើនទេ ព្រោះម្ចាស់ឆ្នោតមិនមែនបោះឱ្យបក្សប្រឆាំង ដើម្បីឱ្យបក្សប្រឆាំងប្តូរខ្លួនឯងទេ ប៉ុន្តែគឺដើម្បីប្តូរគណបក្សប្រជាជន មិនមែនអ្នកបោះឆ្នោតមិនដឹងថា បក្សប្រឆាំងគ្មានអ្វីល្អណាស់ណាទេ គឺមកពីបក្សកាន់អំណាចមានចំណុចមិនល្អច្រើនពេក ដែលត្រូវតែប្តូរចោលឱ្យបានសិន។ បក្សប្រឆាំងសំណាងដែលរួបរួមគ្នានៅឆ្នាំ២០១២ ទាន់សភាពដែលគេស្អប់បក្សកាន់អំណាច បក្សកាន់អំណាចវិញក៏សំណាងដែរដែលមានគណបក្សប្រឆាំង បើមិនអាចនិយាយថាខ្សោយទេ ក៏មិនចាតុទុកថាខ្លាំងណាស់ណាដែរ។គួរបើករង្វង់ក្រចកបន្តិចអំពីការហៅប្រជាពលរដ្ឋថា «ម្ចាស់ឆ្នោតឬអ្នកបោះឆ្នោត» ពិតមែនតែវាមានន័យកណ្តាល ត្រង់ៗ ចំៗ តែវាមានផលអាក្រក់របស់វា ពោលគឺ វាធ្វើឱ្យប្រជាពលរដ្ឋមើលមកកាន់ខ្លួនឯងក្នុងរូបភាពតូចចង្អៀតមួយគឺថា ខ្លួនឯងគ្រាន់តែតួអង្គបោះឆ្នោតឱ្យអ្នកនយោបាយ, នយោបាយគ្រាន់តែជាការបោះឆ្នោត, ពលរដ្ឋមិនអាចធ្វើអ្វីបានក្រៅពីបោះឆ្នោតពឹងអ្នកនយោបាយ បោះឆ្នោតហើយកាលណា លែងខ្វល់ ដែលនេះ ប្រាកដណាស់ ផ្ទុយពីខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋចូលរួមសកម្ម លើសពីការបោះឆ្នោត ដូច្នេះហើយ ពាក្យ ម្ចាស់ឆ្នោតឬអ្នកបោះឆ្នោត មិនគួរត្រូវបានសង្កត់ធ្ងន់ឬប្រើប្រាស់ញឹកញាប់ពេកទេ។
ទោះបីយើងមិនច្បាស់ជាបាន ឮពាក្យរិះគន់សារនយោបាយរបស់បក្សប្រឆាំងពីមាត់អ្នកវិភាគឯករាជ្យក៏ដោយ តែបើចង់រិះគន់, ពួកគេអាចពោលបែបនេះថា បក្សប្រឆាំងគួរប្រើសារចៀសវាងការវាយប្រហារ ប្រើសារបង្ហាញពីគុណសម្បត្តិរបស់ខ្លួនវិញប្រសើរជាង។ ទោះបីយ៉ាងណា គេគប្បីយល់ថា ធ្វើនយោបាយគឺដើម្បីឈ្នះឆ្នោតឡើងកាន់អំណាច រឿងក្រោយមកកាន់អំណាច ត្រូវធ្វើខ្លះ ត្រូវធ្វើខ្លះដោយរបៀបណា មានគោលនយោបាយអ្វីខ្លះ គឺជាជម្រើសសំខាន់បន្ទាប់ប៉ុណ្ណោះ ក៏ព្រោះបើមិនអាចឡើងកាន់អំណាចបានទេ គេក៏មិនអាចអនុវត្តគោលនយោបាយអ្វីបានដែរ។ គួរបញ្ជាក់ផងដែរថា យើងពុំមែនលើកយកអំណះអំណាងនេះដើម្បីមកគាំទ្ររបៀបធ្វើនយោបាយ ប្រាថ្នាអំណាចជាត្រីមុខនោះទេ ព្រោះអ្នកនយោបាយជាច្រើនបានប្រើហេតុផល «យកអំណាចឱ្យបានសិន» នេះមកធ្វើជាលេស ក្រោយបានអំណាចហើយ ពួកគេយកអំណាចមកពង្រឹងពង្រីកអំណាចបន្ថែមទៀត ជាជាងផ្គាប់ចិត្តប្រជាពលរដ្ឋទួទៅ (មិនមែនផ្គាប់ចិត្តតែអ្នកបោះឆ្នោតឱ្យបក្សខ្លួននោះទេ ព្រោះជាគោលការណ៍ ពលរដ្ឋប្រគល់អំណាចសាធារណៈឱ្យគណបក្សប្រើ ដើម្បីបម្រើប្រយោជន៍សាធារណៈ មិនមែនដើម្បីតែអ្នកបោះឆ្នោតឱ្យខ្លួននោះទេ)។ តួយ៉ាង ការចរចានយោបាយឆ្នាំ២០១៤ លោក សម រង្ស៊ី បានស្នើសុំជាប្រធានរដ្ឋសភា ក្រោមហេតុផលតុល្យភាពអំណាច ដើម្បីឱ្យបក្សប្រឆាំងអាចមានឥទ្ធិពលក្នុងសភាត្រួតពិនិត្យកិច្ចការរដ្ឋាភិបាល និងហេតុផលបានអំណាចសិនទើបបំពេញតាមការសន្យាបាន ប៉ុន្តែក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីបដិសេធ ទីបំផុតការសន្យារបស់បក្សប្រឆាំងនៅមុនការបោះឆ្នោតមិនត្រូវបានបំពេញ បក្សនេះបានត្រឹមតែដោះសាយករួចខ្លួនថា មិនទាន់ឈ្នះឆ្នោតនិងមកពីបក្សកាន់អំណាចជំទាស់ប៉ុណ្ណោះ។
បទពិសោធពីឆ្នាំ២០១៣ បង្ហាញថាសារ ‘ដូរមិនដូរ’ ត្រូវបានប្រជាជនចាំរត់ម៉ាត់ រីឯការសន្យាជាច្រើនចំណុច ដូចជា ដំឡើងប្រាក់ខែមន្ត្រីរាជការកម្មករ ត្រូវបានប្រជាជនចងចាំតិចជាង, ប្រសិទ្ធភាពនេះធ្វើឱ្យបក្សប្រឆាំងនៅតែរក្សាសារនយោបាយ «ដូរឬប្តូរ» ដដែល ដែលជាជម្រើសត្រឹមត្រូវនិងឈ្លាសវៃ ហើយនិងយល់ពីអារម្មណ៍របស់ប្រជាពលរដ្ឋដែលស្អប់បក្សកាន់អំណាច ចង់ផ្លាស់ប្តូរបក្សនេះ ជាងជាងចង់ដំឡើងបក្សប្រឆាំង។ លោក កែម ឡី បានមើលឃើញចំណុចនេះយូរមកហើយ ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ លោក ជុន ច័ន្ទបុត្រ រំឭកពីសម្តីក្រោយការបោះឆ្នោតរបស់លោក កែម ឡី កាលនៅរស់ ថា «គណបក្សសង្គ្រោះជាតិ…ទទួលបានអាសនៈច្រើន…មិនប្រាកដដោយសារមានវិធីសាស្ត្រក្នុងការឃោសនាបោះឆ្នោតអីច្រើនទេ…ភាគច្រើនមកពីគេស្អប់គណបក្សប្រជាជនកម្ពុជា។» ដូចគ្នាដែរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងកម្មវិធីវិទ្យុរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រធានបទ ‘ស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន’ លោក អ៊ូ វីរៈ បានអះអាងថា «ទោះបីគណបក្សប្រឆាំងចាត់ទុកថាគណបក្សប្រឆាំង[ខ្លួនឯង] ខ្លាំង[ក៏ដោយក៏] តាមពិត គណបក្សប្រជាជនខ្លាំងជាង។ គណបក្សប្រឆាំង…ខ្លាំង, មែនដោយសារគាត់ខ្លាំងទេ គឺដោយសារគេខឹងគណបក្សប្រជាជន។ ចឹងគណបក្សប្រជាជនខ្លាំងរឿងពីរ៖ ទីមួយ ខ្លាំងក្នុងការទាក់ទាញឱ្យគេស្រឡាញ់គាំទ្រគាត់, ទីពីរ ក៏ទន្ទឹមនឹងហ្នឹងដែរ គាត់ខ្លាំងឱ្យអ្នកផ្សេងមួយចំនួន ប្រជាពលរដ្ឋផ្សេងទៀត ខឹងស្អប់គាត់ ទៅគាំទ្រគណបក្សប្រឆាំងទៅ។ ចឹង ប្រជាពលរដ្ឋស្រុកខ្មែរមានតែពីរទេ មានអ្នកស្រឡាញ់គណបក្សប្រជាជនហើយនិងមានអ្នកស្អប់គណបក្សប្រជាជន អត់សូវជាមានអ្នកស្រឡាញ់គណបក្សប្រឆាំងប៉ុន្មានទេ…។»បើយល់ថាអ្នកវិភាគទាំងពីរខាងលើយល់ខុស គេអាចតេស្តការអះអាងរបស់ពួកគេបាន តាមមធ្យោបាយមិនពិបាកអនុវត្តណាស់ណា៖ ស្តាប់ប្រជាពលរដ្ឋពីច្រើនប្រភព ភេទ អាយុ ការងារ ស្រទាប់សង្គម ភូមិសាស្ត្ររស់នៅ…ផ្សេងៗពីគ្នា និយាយពីបញ្ហានយោបាយ គេនឹងទទួលបានខ្លឹមសារអាក់អន់ស្រពន់ចិត្តនឹងបក្សកាន់អំណាចច្រើនជាងពេញចិត្តបក្សប្រឆាំង។
តើបក្សប្រឆាំងមិនខ្លាំង ដូចការយល់ឃើញរបស់លោក អ៊ូ វីរៈ ឬ?លោក សម រង្ស៊ី បានលើកឡើងនៅក្នុងកម្មវិធី Hello VOA ថ្ងៃទី១៤ធ្នូ២០១៦ ថា «អ្វីដែលថា ខ្ញុំនៅក្រៅប្រទេស លោក កឹម សុខា នៅក្នុងប្រទេស មិនមែនជាចំណុចខ្សោយទេ ជាចំណុចខ្លាំង ពីព្រោះបើយើងចេះចែកការគ្នាធ្វើ ការងារយើងនោះគឺនឹងមានប្រសិទ្ធភាពខ្ពស់ជាទីបំផុត»។ បើមេបក្សទាំងពីរបែងចែកការងារគ្នាធ្វើក្នុងនិងក្រៅប្រទេសបំពេញគ្នាទៅវិញទៅមកគឺជាចំណុចខ្លាំងមិនមែនចំណុចខ្សោយពិតមែន គេគួរមើលសម្លឹងរកមើលភស្តុតាងអ្វីខ្លះដែលបង្ហាញថា គណបក្សប្រឆាំងខ្លាំង។ ចាប់តាំងពីពេលក្រោយចូលសភាឆ្នាំ២០១៤មក គណបក្សប្រឆាំងចាញ់ប្រៀបគណបក្សកាន់អំណាចរហូតមកទល់ឥឡូវ ឋិតក្នុងស្ថានភាពទប់ទល់រហូត រងការគំរាមកំហែងជាច្រើនរូបភាព មិនមានជំហាននយោបាយដែលអាចរារាំងមិនឱ្យគណបក្សប្រជាជនធ្វើអ្វីតាមចិត្តនោះឡើយ។ តួយ៉ាង ករណីគ.ជ.ប. ទោះពិតជាគ្រាន់បើជាងមុន, ទោះបីលោក សម រង្ស៊ី និងសង្គមស៊ីវិល ចាត់ទុកគ្រាន់បើជាងមុន, បក្សប្រឆាំងសង្ឃឹមឈ្នះឆ្នោតក៏ដោយ, ក៏គណបក្សប្រជាជនអាចទាត់ចោលការប្តូរកាលបរិច្ឆេទបោះឆ្នោតមកខែកុម្ភៈ ដែលលោកនាយករដ្ឋមន្ត្រីបានសន្យានឹងលោក សម រង្ស៊ី, អាចដំឡើងអគ្គលេខាធិការគ.ជ.ប. ចាស់លោក ទេព នីថា, អាចចាប់ខ្លួនអគ្គលេខាធិការរងលោក នី ចរិយា, អាចសើរើករណីអំពើហិង្សាក្នុងបាតុកម្មឆ្នាំ២០១៣-១៤ មករករឿងសមាជិកគ.ជ.ប. លោក រ៉ុង ឈុន ដែលជាមនុស្សជ្រើសរើសដោយបក្សប្រឆាំង, ការទាមទារដោះស្រាយបញ្ហាទាក់ទងនឹងការចុះឈ្មោះឆ្នោតពីគណបក្សប្រឆាំងមិនត្រូវបានយកចិត្តទុកដាក់ ឆ្លុះបញ្ចាំងឱ្យឃើញថា គ.ជ.ប. នៅតែស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច, ពិសេស វិសោធនកម្មច្បាប់គណបក្សនយោបាយ បក្សប្រឆាំងបានត្រឹមតែធ្វើពហិការប៉ុណ្ណោះ។ តើការនៅក្រៅប្រទេសជាចំណុចខ្លាំងយ៉ាងម៉េច បើលោកខ្លួនឯងក៏ទទួលស្គាល់ដែរថា លោកពុំអាចមកប្រជុំឬដឹកនាំបក្សដោយផ្ទាល់ ត្រូវឱ្យលោក កឹម សុខា ដើរតួនាទីជំនួស រហូតដល់បង្ខំចិត្តលាលែងពីតំណែង ក្រោមសម្ពាធច្បាប់គណបក្សនយោបាយ។ តើបក្សប្រឆាំងអាចខ្លាំងដូចម្តេច បើសូម្បីមេបក្សមិនអាចបំពេញតួនាទីបានពេញលេញផងហ្នឹង!
គេមិនគួរប្រញាប់វាយបកវិញថាទស្សនៈ បក្សកាន់អំណាចខ្លាំង បក្សប្រឆាំងខ្សោយ ជាការលើកជើងបក្សមួយ បង្អាប់បក្សមួយ នោះទេ ពីព្រោះថាបក្សកាន់អំណាចខ្លាំងក៏ពុំមែនខ្លាំង ដោយសារឈ្លាសវៃណាស់ណាដែរ គឺដោយសារពួកគេគ្រប់គ្រងធនធានរដ្ឋ អាចប្រើប្រាស់វាមកពង្រឹងប្រយោជន៍និងអំណាចបក្ស (ដោយមិនចាំបាច់ខ្វល់ថាទង្វើនេះត្រឹមត្រូវស្របច្បាប់ ឬអត់), ជាគុណសម្បត្តិប្រៀបប្រៀបយ៉ាងខ្លាំង បើធៀបនឹងបក្សដែលមិនកាន់អំណាច ដែលនេះជាប្រការធម្មតាប៉ុណ្ណោះ បក្សណាក៏ដោយឱ្យតែកាន់អំណាចតែងខ្លាំងដោយសារកត្តានេះ គ្មានអ្វីចម្លែកទេ។ មួយទៀតគឺ ដោយសារគណបក្សប្រជាជនវិវត្តមកពីចលនាឧទ្ទាមកុម្មុយនិស្តដែលបានផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហម៖ ជាគុណសម្បត្តិផ្នែកអង្គការដឹកនាំរឹងមាំ មានលក្ខណៈយោធា ចាត់តាំង បញ្ជាពីលើ បន្សល់ទុកក្នុងជារបៀបធ្វើការរបស់បក្សនេះមកទល់ឥឡូវ ផ្ទុយពីបក្សដទៃដែលចាប់ផ្តើមពីចំណុចសូន្យ បក្សប្រជាជនអាចបន្តពីអ្វីដែលខ្លួនមានស្រាប់តាំងពីទសវត្សឆ្នាំ៨០មក រួចប្រើធនធានរដ្ឋ ក្រោយក្តោបក្តាប់រដ្ឋាភិបាលបាន និងទទួលជំនួយអន្តរជាតិសន្ធឹកសន្ធាប់ នៅសម័យអ៊ុនតាក់និងសម័យក្រោយមកទៀតមកពង្រឹងបក្សកាន់តែខ្លាំងបន្ថែមទៀត។ ដូច្នេះហើយ គេមិនគួរព្រោះតែស្អប់គណបក្សប្រជាជន រួចមើលស្រាលបក្សនេះថាខ្សោយទេ ហើយក៏ពុំគួរមកពីស្រឡាញ់បក្សសង្គ្រោះជាតិ ហើយចេះសរសើរពីចំណុចល្អ រួចចោទអ្នករិះគន់បក្សប្រឆាំងថា ស៊ីឈ្នួលបក្សកាន់អំណាចនោះដែរ បើពុំនោះទេ បានសេចក្តីថា ស្អប់វប្បធម៌លាបពណ៌ តែនៅតែសាបព្រោះវប្បធម៌លាបពណ៌ សម្តីថាស្អប់ការពណ៌ សកម្មភាពថាចូលចិត្តលាបពណ៌ដូចតែគ្នា។ ក៏គួរបញ្ជាក់ដែរថា មានការគាំទ្រពីប្រជាជន ជាគុណសម្បត្តិនិងជាចំណុចខ្លាំងដែរ តែពុំគ្រប់គ្រាន់ឡើយ ក៏ពុំគួរមានមោទនភាពពេកដែរ ព្រោះជាមេរៀនកាលពីអាណត្តិទីមួយ គណបក្សហ៊្វុនស៊ិនប៉ិច ជាប់ខ្សែស្តេច ឈ្នះឆ្នោត មានរាស្ត្រគាំទ្រ តែមិនមានអំណាចពិតប្រាកដកាន់ឡើយ ពោលគឺគណបក្សនេះ នៅតែខ្សោយ ទោះមានរាស្ត្រគាំទ្រនាកាលណោះក៏ដោយ ដូច្នេះបក្សសង្គ្រោះជាតិក៏មិនគួរចាត់ទុកថាខ្លួនឯងថាខ្លាំងដែរ ទោះមានប្រជាប្រិយភាពខ្ពស់ជាងបក្សប្រជាជនក៏ដោយ។
សារនយោបាយត្រូវផ្អែកទៅលើប្រសិទ្ធភាពរបស់វា ក្នុងការបាញ់ឆ្ពោះទៅរកគំនិត ការគាំទ្រចង់បាននិងការចងចាំរបស់ប្រជាពលរដ្ឋ បើប្រើសារសុភាពបង្ហាញពីគុណសម្បត្តិ ពីចំណុចខ្លាំង មិនទទួលបានការយកចិត្តទុកដាក់ពីម្ចាស់ឆ្នោត ហើយសាររិះគន់ឬទម្លាយចំណុចខ្សោយរបស់បក្សកាន់អំណាចមានប្រសិទ្ធភាពជាង គេត្រូវជ្រើសរើសសារនយោបាយអាស្រ័យលើប្រសិទ្ធភាពរបស់វា មិនមែនអាស្រ័យលើរូបភាពតួចិត្តល្អរបស់វានោះទេ។ ទោះបីសារនយោបាយរបស់បក្សប្រឆាំងនេះ បង្ហាញពីការស្ទង់កំហឹងប្រជាពលរដ្ឋបានត្រឹមត្រូវក៏ដោយ ក៏ពុំមែនមានន័យថា គណបក្សប្រឆាំងនឹងទទួលស្គាល់ ឬយល់ស្របនឹងទស្សនៈរបស់អ្នកវិភាគដែលថា បក្សខ្លួនខ្សោយឬបក្សប្រឆាំងល្បីដោយសារបក្សដទៃអសោចិ៍នោះឡើយ ព្រោះមោទនភាពទទួលបានការគាំទ្រពីប្រជាពលរដ្ឋច្រើននាំឱ្យបក្សប្រឆាំងស្រវឹងដូចហ៊្វុនស៊ិនប៉ិចកាលពីអាណត្តិទីមួយ មិនទំនងជាមើលឃើញពីការពិតមួយនេះទេ ម្យ៉ាងទៀត បើទទួលស្គាល់ ខ្លាចសាធារណជនលែងគាំទ្រ ត្បិតមានន័យស្មើនឹងយល់ថាបក្សខ្លួនអន់មែន ដូច្នេះមិនមែនអ្វីចម្លែកទេ ដែលថា អ្នកនយោបាយឬគណបក្សនយោបាយជាទូទៅមិនទំនងជាទទួលស្គាល់កំហុស ភាពអវិជ្ជមាន ពាក្យរិះគន់ពីមជ្ឈដ្ឋាននានាឡើយ។
សារនយោបាយ ប្តូរមេឃុំ នេះ មិនត្រឹមតែទាក់ទាញបានការគាំទ្រពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែក៏បានជួយផ្សព្វផ្សាយបន្តដោយបក្សកាន់អំណាចដែរ ទោះមិនមែនជាការផ្សព្វផ្សាយគាំទ្រក៏ដោយ ក៏នៅតែជាការផ្សព្វផ្សាយដែរ។ លោកនាយករដ្ឋមន្ត្រីបានចំណាយយ៉ាងច្រើននៅក្នុងសន្ទរកថា ដែលត្រូវបានចាក់បញ្ចាំងតាមទូរទស្សន៍នានា (មធ្យោបាយឃោសនាដែលបក្សដទៃគ្មាន) មករិះគន់សារនយោបាយបក្សប្រឆាំង ដែលព្រះតេជគុណ ប៊ុត ប៊ុនតិញ ចាត់ទុកថាជាការជួយឃោសនាឱ្យបក្សប្រឆាំងដោយប្រយោលនិងមិនដឹងខ្លួន។ លោក អេង ឆៃអ៊ាង វិញ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងថ្ងៃទី១០មីនា បានពោលអរគុណគណបក្សប្រជាជននិងមេឃុំចៅសង្កាត់របស់បក្សនេះ ដែលបានជួយផ្សាយសារនយោបាយបន្តឱ្យបក្សប្រឆាំង។
ជាការឆ្លើយតបគណបក្សកាន់អំណាចបានបង្កើតសារនយោបាយចម្លងស្ទីលគេថា «កុំយកមេឃុំប្រ៉ូ មកដូរមេឃុំពិត» ទំនងជាមានន័យថា កុំយកមេឃុំក្លែងក្លាយឬនិយាយកុហកមកជំនួសមេឃុំពិតប្រាកដឬនិយាយការពិត។ សារនេះ មិនត្រូវបានគណបក្សប្រជាជនទទួលស្គាល់ថាជាសារឃោសនាផ្លូវការនោះទេ ប៉ុន្តែលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយហាក់ដូចជាសារផ្លូវការដូច្នោះដែរ។ ទោះបីយ៉ាងណា បើប្រៀបនឹងសារឃោសនារបស់បក្សប្រឆាំង សារបក្សកាន់អំណាចមានគុណវិបត្តិមួយចំនួន និងទំនងជាមិទទួលបានប្រជាប្រិយភាពដូចសារបក្សប្រឆាំងនោះទេ។ ពាក្យប្រ៉ូឬកុហក មានន័យហាក់ដូចជាមិនសូវច្បាស់ ព្រោះមិនដឹងថាប្រ៉ូរឿងអ្វី បើថា បម្រើបក្ស មិនបម្រើរាស្ត្រ ជាពាក្យប្រ៉ូ ក៏មិនអាចប្រ៉ូសាធារណជនបានដែរ ត្បិតប្រជាពលរដ្ឋសុទ្ធតែដឹងថា មេឃុំគណបក្សប្រជាជនធ្វើតាមបញ្ជានិងផ្គាប់ចិត្តគណបក្ស ជាជាងតម្រូវតាមឆន្ទៈប្រជាជនត្បិតបក្សជាអ្នកតែងតាំង ឧ. មេឃុំនិងចៅសង្កាត់នៃគណបក្សប្រជាជនរាប់រយនាក់ មកពីខេត្តក្រុងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសគណបក្សសង្គ្រោះជាតិអំពីសារនយោបាយ ទៅតាមបញ្ជាពីបក្ស បញ្ជាក់ដោយខ្លួនឯងថា បម្រើបក្សមែន។ ម្យ៉ាងទៀត សាររបស់បក្សប្រជាជនខ្វះគំនិតដើម ពោលគឺមិនបង្កើតថ្មីមកតែម្តងទេ តែគឺដើម្បីវាយបកសាររបស់បក្សប្រឆាំងដែលគេបង្កើតហើយមុនតែប៉ុណ្ណោះ។ ជាពិសេស វាមិនឆ្លុះបញ្ចាំងពីភាពជាក់ស្តែងតែម្តង ត្បិតមេឃុំគណបក្សប្រជាជនមួយចំនួនបានកុហកប្រជាជនអំពីគម្រោងអភិវឌ្ឍន៍នានានិងការសន្យាដោះស្រាយបញ្ហារបស់ពលរដ្ឋជាច្រើន មិនទាន់ត្រូវបានបំពេញ, តើសំអាងអ្វីលើកឡើងថាមេឃុំរបស់បក្សខ្លួនពិត?
ជាការពិតណាស់ សារបក្សប្រឆាំងសំដៅមេឃុំបក្សប្រជាជន ទោះពួកគេចង់បកស្រាយគេចវេះការចោទប្រកាន់ពីបក្សកាន់អំណាចដូចម្តេចក៏ដោយ ក៏បក្សប្រឆាំងខ្លួនឯងដឹង សាធារណជនដឹង។ ការរិះគន់ថា មេឃុំបក្សប្រជាជនបម្រើតែបក្ស នេះក៏មិនមែនមានន័យស្វ័យប្រវត្តិថា មេឃុំបក្សប្រឆាំងមិនរងឥទ្ធិពលបក្សនោះដែរ ត្បិតកម្ពុជាអនុវត្តប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលបោះឆ្នោតជ្រើសរើសគណបក្ស ហើយគណបក្សជាអ្នកកំណត់លេខរៀងបេក្ខជនឈរឈ្មោះក្នុងបញ្ជីឱ្យគេបោះឆ្នោតឱ្យ ពោលគឺបក្សជាអ្នកកំណត់លទ្ធភាពជាប់ឆ្នោតទៅតាមលេខរៀងបេក្ខជន ជាលទ្ធផល អំណាចបក្សមានខ្លាំងសម្បើមទៅលើសមាជិក។ បើមានប្រព័ន្ធប្រជាធិបតេយ្យក្នុងបក្ស លេខរៀងគួរតែត្រូវបានកំណត់តាមការបោះឆ្នោតពីអ្នកគាំទ្រនៅមូលដ្ឋានផ្ទាល់ឬសកម្មជនបក្សមូលដ្ឋាន មានការប្រកួតប្រជែងដោយយុត្តធម៌ មិនគួរបក្សជាអ្នកជ្រើសរើស ឬលុយបេក្ខជនជាកត្តាកំណត់លេខរៀងឈរឈ្មោះនោះទេ ព្រោះវាងាយមានទំនាស់ដណ្តើមគ្នាឈរលេខរៀងដំបូង ពិសេសវាមិនឆ្លុះបញ្ចាំងពីការគាំទ្រផ្ទាល់របស់ប្រជាពលរដ្ឋ ប៉ុន្តែគឺការគាំទ្ររបស់បក្ស។
ប៉ុន្តែថា តើបក្សប្រឆាំងនឹងនៅតែរក្សាសារនយោបាយនេះបន្តឬទេ បើពិចារណាប្រៀបធៀបរវាងប្រជាប្រិយភាពនិងការរងបណ្តឹងពីបក្សកាន់អំណាច? លោក កឹម សុខា នៅថ្ងៃទី១៣មីនា នៅក្នុងយុទ្ធនាការបណ្តុះបណ្តាលគោលនយោបាយចំនួន៥ចំណុចរបស់ខ្លួនទៅដល់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តកំពង់ចាម បានណែនាំសកម្មជនកុំឱ្យប្រើប្រាស់សារនយោបាយដូរមេឃុំនេះ បន្ទាប់ពីគណបក្សកាន់អំណាចប្រកាសថាគ្រោងប្តឹងបក្សប្រឆាំងឡើងតុលាការ។ ពាក្យ «សម្លុតមិនខ្លាច» របស់លោក កឹម សុខា អាចនឹងត្រូវសរសេរបញ្ច្រាស បើក្នុងនាមលោកទើបតែឡើងជាប្រធានបក្សថ្មី ពិតជាផ្លាស់ប្តូរសារនយោបាយនេះមែន។ បើបារម្ភពីច្បាប់គណបក្សនយោបាយដែលបក្សកាន់អំណាចអាចរកលេសរំលាយគណបក្សប្រឆាំងព្រោះតែសារមួយនេះ ដោយចោទថា ញ៉ុះញង់បង្កឱ្យមានបទឧក្រិដ្ឋអសន្តិសុខ ជំរុញឱ្យមានការរើសអើងតាមតែការនឹកឃើញរបស់ពួកគាត់នោះ គេគប្បីយល់ថា ការធ្វើនយោបាយដើម្បីទៅដល់គោលដៅ គេមិនអាចអនុវត្តតាក់ទិចទប់ទល់រហូតនោះទេ ទប់ទល់បានត្រឹមតែការពារប៉ុណ្ណោះ មិនអាចយកឈ្នះបាននោះទេ, គេមិនអាចថយក្រោយមួយជំហានហើយ មួយជំហានទៀតនោះឡើយ ព្រោះវាមិនត្រឹមតែមិនអាចទៅដល់គោលដៅទេ ថែមទាំងមិនទាំងរក្សាកន្លែងចាស់ដែលខ្លួនកំពុងឈរនៅផងដែរ, ធ្វើតាមការចង់បានរបស់គូប្រជែងមានតែធ្វើឱ្យគូប្រជែងកាន់តែបានចិត្តប៉ុណ្ណោះ មិនអាចបញ្ឈប់ការយាយីរបស់ពួកគេនៅលើកក្រោយៗរហូតនោះទេ, បើបក្សកាន់អំណាចចង់រំលាយបក្សប្រឆាំងនៅក្នុងកាលៈទេសៈនេះ ពួកគេគង់តែនឹងរកលេសឬបទចោទឃើញដូច្នោះ រំលាយឬចាប់ខ្លួនជាមុន រកមាត្រាឱ្យស៊ីក្នុងច្បាប់ជាក្រោយ បើរកលេសមិនឃើញទេ ក៏អាចប្រតិដ្ឋឡើងបានដែរ។
មកទល់ពេលនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិទាំងលោក យឹម សុវណ្ណ និងអនុប្រធានបក្ស លោក អេង ឆៃអ៊ាង បានប្រាប់អ្នកសារព័ត៌មានថា គណបក្សនៅមិនទាន់បញ្ជាក់ជាជំហរផ្លូវការថា ដូរ ឬក៏មិនដូរសារនេះនោះទេ។ ដូច្នេះ គេត្រូវរង់ចាំទស្សនាភាគបន្តទៀត ប៉ុន្តែបើបក្សប្រឆាំងជំនះរក្សាសារនយោបាយនេះបាន នឹងចំណេញប្រជាប្រិយភាពពីការរករឿងពីគណបក្សប្រជាជនបន្ថែមទៀតដែរ សារដូរមេឃុំរឹតតែមានឥទ្ធិពល តែបើធ្វើមិនបានវិញ គណបក្សសង្គ្រោះជាតិនឹងមិនមានមុខឯណា អះអាងថាខ្លួនជាគណបក្សខ្លាំងឬជាបក្សប្រឆាំងធំជាងគេទៀតនោះទេ ព្រោះបើសារនយោបាយមួយរក្សាមិនបានផង តើសង្គ្រោះជាតិដូចម្តេចកើត មានទំហំធំមានន័យអ្វី?
ដោយ ទេព រ៉ានិត