អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅមានអ្នកប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេសកម្ពុជាកើនដល់ជាង២ម៉ឺននាក់លើសឆ្នាំមុនជាង២៤% ហើយជិតពាក់កណ្តាលនៃអ្នកញៀនទាំងនោះនៅមិនទាន់ទៅទទួលសេវាព្យាបាលនៅឡើយ។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានផ្សព្វផ្សាយ នៅថ្ងៃនេះឲ្យដឹងថា ពេញមួយឆ្នាំ២០១៦កន្លងទៅ ខ្លួនបានរកឃើញថាអ្នកដែលកំពុងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេសមានចំនួន ២០ ៦២១នាក់ ដែលក្នុងនោះ ១១ ៦០១នាក់ បានទៅទទួលការថែទាំព្យាបាល ខណៈ ៩ ០២០ នាក់ផ្សេងទៀតឬស្មើនឹង ៤៥,១២% មិនទាន់បានទទួលបានសេវាព្យាបាលនៅឡើយ។
របាយការណ៍ដដែលនោះបានឲ្យដឹងទៀតថា អ្នកដែលប្រើប្រាស់គ្រឿងញៀនទាំងនោះភាគច្រើនមានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ ដែលភាគច្រើនគឺជាសិស្ស និស្សិត កម្មករ និងអ្នកគ្មានមុខរបរពិតប្រាកដ។
តាមរបាយការណ៍នោះ ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននេះបណ្តាលមកពីការ ហូរចូលច្រើនតាមច្រកភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា គឺចេញពីតំបន់ត្រីកោណមាស (ថៃ ឡាវ ភូមា)។
ចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនវិញ អាជ្ញាធរជាតិបានឲ្យដឹងថាខ្លួនធ្វើការបង្ក្រាបបាន ៤ ២៤៦ ករណី កើនលើសឆ្នាំមុនជាង១ពាន់ករណី ចាប់បានសារធាតុញៀនបានជាងបាន ១៨០ គីឡូក្រាម និងឃាត់ខ្លួនមនុស្សបានជិត១ម៉ឺននាក់៕