បណ្ដាប្រទេសជាង ១០០ នៅថ្ងៃនេះ បានចាប់ផ្ដើមកិច្ចពិភាក្សាកម្រិតសាកលជាលើកដំបូងនៅឯអង្គការសហប្រជាជាតិ ក្នុងបំណងសម្រេចឲ្យបានការហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈដែលក្រុងវ៉ាស៊ីងតោន បានដឹកនាំធ្វើពហិកាចំពោះកិច្ចប្រជុំនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
មុននឹងកិច្ចប្រជុំពិភាក្សានោះចាប់ផ្ដើម អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley បានថ្លែងច្រានចោលនូវសំណើរនេះ ក្រោមហេតុផលការគំរាមកំហែងសន្តិសុខសកលនាពេលថ្មីៗនេះ។
អ្នកស្រី Haley ដែលតំណាងឲ្យមហាអំណាចនុយក្លេអ៊ែរធំជាងគេលើពិភពលោកនោះ បាននិយាយក្រៅកិច្ចប្រជុំនោះថា ក្នុងនាមជាម្ដាយ និងជាកូនស្រីម្នាក់ គ្មានអ្វីដែលអ្នកស្រីចង់បានទៀតឡើយសម្រាប់គ្រួសារអ្នកស្រី ក្រៅពីចង់ឲ្យពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។
អ្នកស្រីបន្ថែមថា ប៉ុន្តែ គេត្រូវតែទទួលស្គាល់ការពិត ហើយតើនរណាម្នាក់ជឿថា កូរ៉េខាងជើងនឹងឯកភាពលើការហាមឃាត់អាវុធនុយក្លេអ៊ែរឬទេ?
អ្នកស្រី Haley បានថ្លែងដូច្នេះនៅក្នុងចំណោមក្រុមអគ្គរដ្ឋទូតប្រហែល ២០រូបទៀត មកពីបណ្ដាប្រទេសនានាជាសម្ព័ន្ធមិត្តនឹងអាមេរិក ដែលបានធ្វើពហិកាចំពោះការចរចានេះ ក្នុងនោះមានអង់គ្លេស បារាំង កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀតមកពីអឺរ៉ុបខាងកើត៕
អគ្គរដ្ឋទូតរុស្ស៊ី និងចិន មិនមានវត្តមាននៅទីនោះទេ ប៉ុន្តែ មហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ ក៏ស្ថិតនៅក្រៅកិច្ចប្រជុំនោះផងដែរ៕
ការជំរុញឲ្យមានបម្រាមលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ត្រូវបានប្រកាសឲ្យដឹងកាលពីខែតុលាឆ្នាំមុន ពីសំណាក់សមាជិក ១២៣ប្រទេស ដែលលើកឡើងថា ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ កំពុងតែកើនឡើង ដោយសារតែភាពតានតឹង ដែលកើតចេញពីកម្មវិធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងភាពមិនច្បាស់លាស់នៃរដ្ឋបាលថ្មីរបស់ក្រុងវ៉ាស៊ីងតោន៕