អាជ្ញាធរប្រឆាំងគ្រឿងញៀនសន្យាថារដ្ឋាភិបាលនឹងលើកទឹកចិត្តដល់មន្ត្រីសមត្ថកិច្ចណាដែលចាប់បានគ្រឿងញៀនច្រើនជាងគេ ត្រូវទទួលបានរង្វាន់លើកទឹកចិត្ត៤០លានរៀល ឬស្មើនឹង១ម៉ឺនដុល្លាអាមេរិក សម្រាប់គ្រឿងញៀនមួយគីឡូក្រាម។
ក្នុងពីធីបិទសន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃ២៩ មីនានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកទទួលខុសត្រូវលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស ខេង មានប្រសាសន៍ថារង្វាន់លើកទឹកចិត្តនេះ នឹងផ្តល់ជូននៅពេលដែលយុទ្ធនាការលើកទីមួយរបស់រដ្ឋាភិបាលត្រូវបានបញ្ចប់។
លោក ស ខេង៖ « ចាំបាច់ត្រូវតែលើកទឹកចិត្តដល់មន្ត្រីអនុវត្តន៍ច្បាប់ មន្ត្រីដែលពាក់ព័ន្ធទាំងឡាយ ជាពិសេសមន្ត្រីអនុវត្តន៍ច្បាប់។ យើងខ្ញុំបានត្រៀមរួចជាស្រេចហើយថាបើយើងចាប់បានមួយគីឡូ និងផ្តល់ជាទឹកប្រាក់៤០លានរៀល ឬស្នើ១ម៉ឺនដុល្លា ឬលើសខ្វះតិចតួច ជារៀលឬជាដុល្លា ហើយរង្វាន់នេះនឹងលើកទឹកចិត្តនៅពេលបិទបញ្ចប់នៅពេលដែលយុទ្ធនាការ៦ខែលើកទីមួយ ដែលគ្រោងនឹងធ្វើនៅខែមិថុនាឆ្នាំ២០១៧នេះ » ។
លោកថាប្រាក់លើកទឹកចិត្តទាំងនេះគឺបានមកពីការលក់ឡៃឡុងទ្រព្យសម្បត្តិរបស់មេឈ្មួញជួញដូរគ្រឿងញៀនបន្ទាប់ពីត្រូវបានតុលាការកាត់ទោស។ លោកបន្ថែមថាប្រាក់ទាំងនោះក៏នឹងត្រូវបែងចែកសម្រាប់ការងារទៅកាន់ មន្ត្រីពាក់ព័ន្ធ និងតុលាការផងដែរ។
លោកបន្ថែមថា៖ « យើងក៏ខិតខំរកវិធីសាស្ត្រសមស្របតាមផ្លូវច្បាប់ ដើម្បីទំនាក់ទំនងជាមួយស្ថាប័នតុលាការ ដើម្បីជម្រុញការយីតយ៉ាវកន្លងទៅក្នុងការកាត់សេចក្តីមិនទាន់ស្រេច ដើម្បីជម្រុញសាលក្រមដែលមិនទាន់ចូលជាស្ថាពរ ឲ្យចូលជាស្ថាពរ ដើម្បីរឹបអូសនូវទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនជួញដូរគ្រឿងយកមកធ្វើជាសម្បត្តិរដ្ឋ ហើយសម្បត្តិរដ្ឋទាំងនេះគឺផ្តល់ដើម្បីលើកទឹកចិត្ត និងជាមធ្យោបាយសម្រាប់ការងារបង្ក្រាបគ្រឿងញៀន មិនមែនតែប៉ូលីស មិនមែនតែប៉េអឹមនោះទេ មានមន្ត្រីតុលាការផងដែរ » ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យសង្គមលោក សន ជ័យ យល់ថាការឲ្យរង្វាន់លើកចិត្តនេះវាជារូបភាពវិជ្ជមានមួយដែលជួយជម្រុញដល់មន្ត្រីអនុវត្តន៍ច្បាប់ឲ្យមានទឹកចិត្តចង់ធ្វើការងារបន្ថែមទៀត តែលោកថា ដោយសារតែមន្ត្រីខ្លះអនុវត្តការងារដោយរង់ចាំតែបញ្ជានោះលោកថា បើទោះបីជាមានការបន្ថែមប្រាក់លើកទឹកចិត្តលើសពីនេះទៀតក៏លោកថាលទ្ធផលការងារគឺនៅតែដូចបច្ចុប្បន្ននេះដដែល។ លោកឲ្យជាយោបល់ថាដើម្បីឲ្យការលើកទឹកចិត្តនេះកាន់តែមានប្រសិទ្ធភាពនោះ រដ្ឋគួរតែទម្លាក់អំណាចដល់មន្ត្រីសមត្ថកិច្ចថ្នាក់ក្រោមអាចធ្វើការដោយឯករាជ្យ ដោយមិនចាំបាច់រង់ចាំបញ្ជាពីថ្នាក់លើ តែត្រូវមានការកំណត់ឲ្យជាក់លាក់ដើម្បីឲ្យប្រាកដថាវិធានការនេះពុំមានគ្រោះថ្នាក់ដល់ប្រជាជនស្លូតត្រង់។
លោកថា៖ « វាជារឿងមួយដែលខ្ញុំមើលថាវាមិនងាយទេ តែជាយុទ្ធសាស្ត្រវិញទាល់តែគាត់បង្កើត ជាក្រុម ហើយថ្នាក់លើឲ្យសិទ្ធអំណាច ក្នុងការរៀបចំជាក្រុមស៊ើបការទៅហើយអាចមានឯករាជ្យភាពក្នុងការឮស៊ើបអង្កេត។ ឯករាជ្យនេះសំខាន់ណាស់ក្នុងការអនុវត្តន៍ការងាររបស់កងកម្លាំងប្រដាប់អាវុធ ដែលកន្លងទៅយើងឃើញថាពួកគេភាគច្រើនគឺរង់ចាំបញ្ជាពីថ្នាក់លើ ហើយបើសិនជាអត់មានបញ្ជាទេគេទៅធ្វើគឺខ្លាចខុសតែម្តង » ។
គួរបញ្ជាក់ងផងដែរថា ផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែរបស់រដ្ឋាភិបាល បានចាប់ផ្តើមកាលពីដើមឆ្នាំ២០១៧នេះ ដោយចាត់តាំងលោក ស ខេង និងលោក កែ គឹមយ៉ាន ជាអ្នកទទួលខុសត្រូវលើរឿងនេះ។ ផែនការនេះ ធ្វើឡើងស្របពេលប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ដែលគេស្គាល់ថា ជាស្តេចប្រឆំាងបទល្មើសគ្រឿងញៀន បានមកធ្វើទស្សនកិច្ចនៅកម្ពុជានាពាក់កណ្តាលខែធ្នូឆ្នាំមុន។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅមានអ្នកប្រើប្រាស់គ្រឿងញៀនជាង២ម៉ឺននាក់កើនលើសឆ្នាំមុនជាង២៤% ភាគច្រើន មានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ ហើយជិតពាក់កណ្តាលនៃអ្នកញៀនទាំងនោះនៅមិនទាន់ទៅទទួលសេវាព្យាបាលនៅឡើយ ។
បើតាមអាជ្ញាធរ ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននេះបណ្តាលមកពីការ ហូរចូលច្រើនតាមច្រកភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា គឺចេញពីតំបន់ត្រីកោណមាស (ថៃ ឡាវ ភូមា)៕