ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​មនុស្ស​៥​នាក់ មុន​ការ​តវ៉ា​នៅ​កណ្ដាល​ក្រុង​ហ្សាកាតា

ប៉ូលិស​ឥណ្ឌូនេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៥​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន ដោយ​សង្ស័យ​ថា​ក្បត់​ជាតិ ពាក់​ព័ន្ធ​នឹង​គម្រោង​បាតុកម្ម​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​មូស្លីម​ប្រកាន់​តឹង ដែល​បាន​ទាម​ទារ​ឲ្យ​ទម្លាក់​អភិបាល​ក្រុង​ហ្សាកាតា លោក បាស៊ូគី ត្សាហាចា ពូណាម៉ា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ទីក្រុង​ហ្សាកាតា លោក អាហ្កូ យូវ៉ូណូ បាន​ប្រាប់​ថា ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ គឺ​មាន​មេដឹកនាំ​ក្រុម​មូស្លីម​ជ្រុល​និយម លោក មូហាមេដ អាល់ ខាតថាត់។

បាតុករ​រាប់​ពាន់​នាក់ ដែល​ដឹកនាំ​ដោយ​ក្រុម​ជ្រុល​និយម បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​វិហ៊ា​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ហ្សាកាតា នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ប៉ូលិស និង​យោធា បាន​បិទ​ផ្លូវ​នានា ចូល​ទៅ​វិមាន​ប្រធានាធិបតី នៅ​កណ្ដាល​ទីក្រុង​នេះ។ ក្រុម​បាតុករ​ចង់​ឲ្យ​ទម្លាក់​អភិបាល​ក្រុង​ហ្សាកាតា ដោយចោទ​ថា បាន​ជេរ​ប្រមាថ​ដល់​គម្ពី​កូរ៉ាន់។

លោក បាស៊ូគី ដែល​ជា​អភិបាល​ក្រុង​កាន់​សាសនា​គ្រីស្ត​ដើម​កំណើត​ចិន​ដំបូង​គេ​នោះ ត្រូវ​បាន​គេ​ចោទ​ថា​បាន​ប្រមាថ​ដល់​សាសនា​ឥស្លាម នៅ​ពេល​លោក​លើក​ឡើង​ថា គូ​ប្រជែង​របស់​លោក​បាន​ប្រើ​ប្រាស់​គម្ពី​កូរ៉ាន់ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​នយោបាយ។ លោក​ក៏​បាន​ថ្លែង​សុំ​ទោស​ផង​ដែរ​នា​ពេល​ក្រោយ​មក ប៉ុន្តែ បាន​បដិសេធ​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​កំហុស​នោះ​ឡើយ។

ក្បួន​បាតុកម្ម​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​តវ៉ា​ថ្មី​បំផុត​នៅ​ក្នុង​ចំណោម​ការ​តវ៉ា​ជា​ហូរ​ហែរ​មកហើយ ដែល​ជា​ការ​សាក​ល្បង​ទំនាស់​សាសនា និង​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ូលិស​បាន​និយាយ​នៅ​ដើម​សប្ដាហ៍​នេះ​ថា មនុស្ស​ប្រហែល ២​ម៉ឺន​នាក់ មក​ពី​ក្រុម​នានា ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ចូល​រួម​ក្នុង​បាតុកម្ម​នេះ។

ការ​តវ៉ា​នេះ​បាន​កើត​ឡើង​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អភិបាល​ក្រុង​ហ្សាកាតា​ជុំ​ទី​ពីរ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​ខាង​មុខ​នេះ ខណៈ​ដែល​លោក បាស៊ូគី កំពុង​ប្រឈម​មុខ​នឹង​គូ​ប្រជែង​ដ៏​តឹង​តែង គឺ​លោក អាណី បាស្វេ​ដាន អតីត​រដ្ឋ​មន្ត្រី​អប់រំ​ឥណ្ឌូនេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ