ពលរដ្ឋ​ម៉ាឡេស៊ី​៩​នាក់​បាន​ទៅ​ដល់​ប្រទេស​កំណើត​ក្រោយ​កូរ៉េ​ខាង​ជើង​ដោះ​លែង

ពលរដ្ឋ​ម៉ាឡេស៊ី ៩​នាក់ ដែល​ត្រូវ​បាន​​ក្រុង​ព្យុងយ៉ាង​ដោះ​លែង​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កំណើត​នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម AFP ពលរដ្ឋ​ម៉ាឡេស៊ី​ទាំង​នោះ ត្រូវ​បាន​ដោះ​លែង​មក​វិញ បន្ទាប់​ពី​ក្រុង​គួឡាឡំពួរ បាន​ឯកភាព​ប្រគល់​សព​បង​ប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង ឲ្យ​ក្រុង​ព្យុងយ៉ាង​វិញ ដោយ​បាន​បញ្ចប់​វិវាទ​ជូរ​ចត់​រវាង​ប្រទេស​ទាំង​ពីរ។

លោក គីម ជុងណាម ត្រូវ​បាន​គេ​បំពុល​សម្លាប់​កាល​ពីថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នៅ​ឯ​ព្រលាន​យន្ត​ទីក្រុង​គួឡាឡំពួរ ដោយបង្ក​ឲ្យ​មាន​ជម្លោះកាទូត​រវាង​ប្រទេស​ម៉ាឡេស៊ី និង​កូរ៉េ​ខាង​ជើង ដែល​នាំ​ទៅ​រក​ការ​ហាមឃាត់​ពលរដ្ឋ​ម៉ាឡេស៊ី មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស។

ប៉ុន្តែ កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ប្រកាស​ឡើង​ដោយ​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ហើយ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដក​ចេញ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ហើយ​ក្រុង​គួឡាឡំពួរ នឹង​បញ្ជូន​សព​លោក គីម ជុងណាម ទៅ​កូរ៉េ​ខាង​ជើង។

បុគ្គលិក​ស្ថានទូត ៣​រូប និង​សមាជិក​គ្រួសារ ៦​នាក់ បាន​ចុះ​នៅឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​គួឡាឡំពួរ មុន​ថ្ងៃ​រះ​នៅព្រឹក​នេះ ដោយ​​ពួកគេ​ទទួល​បាន​ការ​ស្វាគមន៍​ពី​រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាម៉ាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ